សង្គមអន្តរជាតិ​
អន្តរជាតិ
រដ្ឋាភិបាល​អេ​ត្យូ​ពី​ថា ទាហាន​អេ​ត្យូ​ពី​បាន​ដណ្ដើម «​គ្រប់គ្រង​ទាំងស្រុង​» លើ​ទីក្រុង Mekelle នៃ​តំបន់ Tigray
30, Nov 2020 , 7:59 pm        
រូបភាព
​ជនភៀសខ្លួន​អេ​ត្យូ​ពី​តម្រង់​ជួរ​រង់ចាំ​ម្ហូបអាហារ​ដែល​គេ​ចែក​ឲ្យ​នៅ​ជំរំ​ជនភៀសខ្លួន​។ ពួកគេ​រត់គេចខ្លួន​ពី​ការប្រយុទ្ធ​គ្នា​នៅ​តំបន់ Tigray ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ប្រទេស​ស៊ូដង់ និង​ប្រទេស​អេ​ត្យូ​ពី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​ជនភៀសខ្លួន​អេ​ត្យូ​ពី​តម្រង់​ជួរ​រង់ចាំ​ម្ហូបអាហារ​ដែល​គេ​ចែក​ឲ្យ​នៅ​ជំរំ​ជនភៀសខ្លួន​។ ពួកគេ​រត់គេចខ្លួន​ពី​ការប្រយុទ្ធ​គ្នា​នៅ​តំបន់ Tigray ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ប្រទេស​ស៊ូដង់ និង​ប្រទេស​អេ​ត្យូ​ពី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
ដោយ: VOA
​កងកម្លាំង​សហព័ន្ធ​រដ្ឋាភិបាល​អេ​ត្យូ​ពី​បាន​ដណ្ដើម «​គ្រប់គ្រង​ទាំងស្រុង​» លើ​ទីក្រុង Mekelle នៃ​តំបន់ Tigray​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយករដ្ឋមន្ត្រី និង​នាយអគ្គសេនាធិការ​យោធា​នៃ​ប្រទេស​អេ​ត្យូ​ពី​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​។​
 
​គេ​មិនទាន់​ឃើញ​មានការ​បញ្ចេញមតិ​ណាមួយ​ភ្លាមៗ​នៅឡើយ​ទេពី​កងកម្លាំង​នៃ​តំបន់ Tigray ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អេ​ត្យូ​ពី​។ កងកម្លាំង​នេះ​បាន​វាយ​ប្រយុទ្ធ​ជាមួយនឹង​ទាហាន​រដ្ឋាភិបាល​អេ​ត្យូ​ពី​អស់​រយៈពេល ៣ សប្ដាហ៍​កន្លងមក​។​
​លោកនាយក​រដ្ឋមន្ត្រី Abiy Ahmed បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​មួយ​ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ Twitter របស់លោក​ថា​៖ «​រដ្ឋាភិបាល​សហព័ន្ធ​ឥឡូវនេះ​គ្រប់គ្រង​បាន​ទាំងស្រុង​លើ​ទីក្រុង Mekelle»​។​
 
​ការប្រកាស​នេះ​គឺ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​សេចក្ដីប្រកាស​របស់​នាយ​អគ្គសេនាធិការ​យោធា​លោក Birhanu Jula ដែល​បញ្ជាក់​ដូចគ្នានេះដែរ​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​យោធា​អេ​ត្យូ​ពី​។​
​មនុស្ស​រាប់ពាន់នាក់​ត្រូវគេ​ជឿថា​បាន​ស្លាប់ និង​ជនភៀសខ្លួន​ប្រហែល ៤៣.០០០ នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ស៊ូដង់​ដែល​នៅ​ជិតខាង​ក្នុងអំឡុងពេល​មាន​ជម្លោះ​។​
 
​លោក Abiy បាន​ចោទប្រកាន់​មេដឹកនាំ​នៃ​តំបន់ Tigray ថា​ជា​អ្នក​ចាប់ផ្ដើម​សង្គ្រាម ដោយបាន​វាយប្រហារ​ទាហាន​រដ្ឋាភិបាល​អេ​ត្យូ​ពី​នៅឯ​មូលដ្ឋាន​មួយ​ក្នុង​តំបន់ Tigray​។ រណសិរ្ស​រំដោះប្រជាជន Tigray បាន​និយាយថា ការវាយប្រហារ​នេះ​គឺជា​ការវាយប្រហារ​ការ​ពារ​ខ្លួន​ទុកជាមុន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com