កីឡាអន្តរជាតិ
អន្តរជាតិ
Cavani នៅតែ​ខ្លាំង ដោយ​ស៊ុត​២​គ្រាប់​ជួយ Man Utd វាយបក​ឈ្នះ Southampton ៣-២
30, Nov 2020 , 10:37 am        
រូបភាព
​ខ្សែប្រយុទ្ធ Edinson Cavani ដែល​ទើប​ប្តូរ​ចូល​នៅ​តង់​ទី​២ បាន​ក្លាយជា​វីរបុរស​បន្ទាប់ពី​រក​បាន​ពីរ​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ Manchester united វាយបក​យ​ឈ្នះ Southampton ៣-២ ក្នុងការ​ប្រកួត Premier League នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា​។​


​ម្ចាស់ផ្ទះ Southampton បាន​បើក​ការនាំ​មុខ Man Utd មុន​នៅ​វគ្គ​ទីមួយ​ក្នុង​លទ្ធផល ២-០ ដែល​សម្រេច​ទី​បាន​ដោយ Jan Bednarek នៅ​នាទី​១៦ និង​ប្រធាន​ក្រុម James Ward-Prowse នៅ​នាទី​៣៣ ដោយ​ការ​ស៊ុត free-kick ដ៏​ល្អ​។​
 
​ចូលដល់​វគ្គ​ទី​២ ភ្លាម លោក Ole Gunnar Solskjaer បាន​ប្តូរ​សមាសភាព​កីឡាករ​ពីររូប​ដែល​រួមមាន​អ្នកចាំទី David De Gea ដោយសារ​របួស​ជំនួស​ដោយ Dean Henderson និង​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Cavani ជំនួស Mason Greenwood​។​
 
​ខណៈ​ការប្រកួត​ដំណើរការបាន​១៤​នាទី Bruno Fernandes បា​នរក​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្រុម​បិសាច​ក្រហម​តាមរយៈ​ការបញ្ជូន​យ៉ាង​ល្អ​ពី Cavani ។ គ្រាប់​បាល់​តាម​ស្មើ​បាន​កើតឡើង​នៅ​នាទី​៧៤ ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​ដោយ​ការ​តែ​តបាល់​បញ្ចូល​ទី​។ ក្រោយ​រកបាន​គ្រាប់​បាល់​តាម​ស្មើ Man Utd បាន​បន្ត​វាយ​សម្រុក​ខ្លាំង​ឡើង​រហូត​ទទួលបាន​សម្រេច តាមរយៈ​ទេពកោសល្យ​តែ​ត​បញ្ចូល​ដ៏​អស្ចារ្យ​របស់ Cavani នៅ​នាទី​៩០+៣ ពី​ការបញ្ជូន​របស់ Marcus Rashford​។​
 
​លទ្ធផល​ឈ្នះ ៣-២ នេះ បាន​នាំ​ក្រុម​លោក Solskjaer ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​៨ នៃ​តារាង Premier League ដោយ​រកបាន​១៦​ពិន្ទុ ពី​ការប្រកួត​៩​លើក​។ Southampton បើ​ទោះ​បរាជ័យ​ជំនួប​នេះ តែ​ក្រុម​កំពុង​ឡើង​ជើង​រដូវ​កាល ២០២០-២១ នៅ​រក្សា​ចំណាត់ថ្នាក់​ទី​៥​របស់ខ្លួន​ដោយ​រកបាន​១៧​ពិន្ទុ ក្នុង​១០​ប្រកួត​។​


 
Arsenal នៅតែ​ធ្វើ​មិន​បានល្អ​នៅឡើយ ក្រោយ​បន្ត​ចាញ់ Wolverhampton Wanderers​ ​២-១ ក្នុងផ្ទះ​ខ្លួនឯង​។ ឆ្លងកាត់​ការប្រកួត​១០​លើក ក្រុម​កាំភ្លើង​ធំ​ចាញ់​៥​ដង ស្មើ​១ និង​ឈ្នះ​៤ រកបាន​១៣​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី​១៤​។​
 
Tottenham Hotspur នៅតែ​រក្សា​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស​បណ្តោះអាសន្ន​ដដែល បន្ទាប់ពី​ស្មើ Chelsea ០-០​។ ក្រុម​មាន់​ខ្នាយ​មាស ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho រកបាន​២១​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​លេខ​២ Liverpool​។ 
 
​ក្រុម​ហង្ស​ក្រហម ដែលជា​ក្រុម​ការពារ​ជើងឯក​បាន​ប្រកួត​ស្មើ ១-១ ជាមួយ Brighton & Hove Albion​ ​ក្នុងជំនួប​សប្តាហ៍​ទី​១០ នៅ​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា​។​
Chelsea នៅ​ចំណាត់ថ្នាក់​ទី​៣ មាន​១៩​ពិន្ទុ តាម​ពីក្រោយ​ដោយ Leicester City​ ដែល​រកបាន​១៨​ពិន្ទុ តែ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។ Manchester City​ ​រម្កិល​ខ្លួន​ទៅកាន់​លេខ​១០ មាន​១៥​ពិន្ទុ ក្រោយ​ឈ្នះ Burnley ៥-០ ក្នុងការ​ប្រកួត​លើក​ទី​៩ របស់​ពួកគេ​។
 
Burnley, Fulham និង Sheffield United នៅ​បាត​តារាង​ដោយ​រកបាន ៥​ពិន្ទុ​, ៤​ពិន្ទុ និង​១​ពិន្ទុ​ប៉ុណ្ណោះ​៕

Tag:
 Edinson Cavani
  Manchester united
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com