សភាអ៊ីរ៉ង់ នៅថ្ងៃទី២៩ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីស្នើឲ្យអ៊ីរ៉ង់ផ្អាកការត្រួតពិនិត្យពីសហគមន៍អន្តរជាតិលើរោងចក្រផលិតនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាការឆ្លើយតបនឹងករណីបាញ់សម្លាប់អ្នកជំនាញនុយក្លេអ៊ែរ លោក Mohsen Fakhrizadeh ។
លោក Mohsen Fakhrizadeh ជាបុគ្គលមួយរូប ដែលអ៊ីស្រាអែលចាត់ទុកថា ជាអ្នកវិទ្យសាស្ត្រកំពូលទទួលបន្ទុកកម្មវិធីនុយក្លេអ៊ែរដ៏ខ្លាំងរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយនៅក្នុងទីក្រុង Absard ភាគខាងកើតរដ្ឋធានីតេហេរ៉ង់។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃទី២៨ ខែវិច្ឆិកាប្រកាសសងសឹកវិញ នៅក្នុងពេលវេលាត្រឹមត្រូវណាមួយ។
មួយថ្ងៃបន្ទាប់ពីការប្រកាសសងសឹករបស់មេដឹកនាំកំពូល សភាអ៊ីរ៉ង់ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខាដោយសមាជិកសភាទាំងអស់ ដោយស្នើឲ្យបញ្ឈប់ការត្រួតពិនិត្យជាអន្តរជាតិលើរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែរ។ បើតាមសេចក្តីថ្លែងការណ៍នេះ សមាជិកសភាអ៊ីរ៉ង់ អំពាវនាវឲ្យមានការឆ្លើយតបភ្លាមៗ និងដាក់ទណ្ឌកម្មលើសកម្មភាពឈ្លានពានរបស់បរទេស ហើយវិធីល្អបំផុត គឺដំណើរការរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែរនៅក្នុងប្រទេសឡើងវិញ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានAl Jazeera សភាអ៊ីរ៉ង់ បន្តថា ដើម្បីដំណើរការរោងចក្រនុយក្លេអ៊ែរឡើងវិញ គឺត្រូវបញ្ចប់ការអនុវត្តដោយស្ម័គ្រចិត្តលើពិធីការបន្ថែមមួយចំនួន និងបញ្ចប់ការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA)។
តាមរយៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអាមេរិកបានដកខ្លួនចេញ អ៊ីរ៉ង់បានយល់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឲ្យអង្គការ IAEA ត្រួតពិនិត្យការចម្រាញ់សារធាតុនុយក្លេអ៊ែរ ដើម្បីដោះដូរជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច។ ចំណែកការស្ម័គ្រចិត្តលើពិធីការបន្ថែមមួយចំនួន ជាវិធានការរបស់អ៊ីរ៉ង់ ដែលផ្តល់ឲ្យអង្គការ IAEA ក្នុងការពិនិត្យការប្រើប្រាស់សម្ភារៈនុយក្លេអ៊ែរផ្សេងៗ។
ដោយសារ សេចក្តីថ្លែងការណ៍នេះ មិនមានអំណាចចាប់បង្ខំអ្វី សភាអ៊ីរ៉ង់ កំពុងតាក់តែងសេចក្តីស្នើច្បាប់មួយ ដើម្បីឆ្លើយតបនឹងសេចក្តីអំពាវនាវខាងលើ។ សេចក្តីស្នើច្បាប់លុបចោលទណ្ឌកម្ម មានចំនួន ៩មាត្រា ដែលនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់ត្រលប់ទៅចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម យ៉ាងហោចណាស់ ១២០គីឡូក្រាម ឬ២០ភាគរយក្នុងមួយឆ្នាំ ដំណើរការរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូម Fordow ឡើងវិញ និងបង្កើនចំនួនម៉ាស៊ីនបំបែកសារធាតុឲ្យកាន់តែច្រើន។
សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ខាងលើ នៅតែបន្តចោទអ៊ីស្រាអែលដដែលថា ជាអ្នកនៅពីក្រោយករណីសម្លាប់លោក Fakhrizadeh។ បើតាមអ៊ីរ៉ង់ ការសម្លាប់លោក Fakhrizadeh គឺអ៊ីស្រាអែល មិនចង់ឃើញអ៊ីរ៉ង់ត្រលប់មករកស្ថានភាពធម្មតាវិញឡើយ ពោលគឺជាស្ថានការណ៍ ដែលអ៊ីរ៉ង់មិនរងទណ្ឌកម្មរបស់អន្តរជាតិ និងប៉ះពាល់ប្រយោជន៍មួយចំនួនអ៊ីស្រាអែល។
សូមបញ្ជាក់ថា សាកសពរបស់លោក Fakhrizadeh ត្រូវបញ្ចុះនៅថ្ងៃទី៣០ ខែវិច្ឆិកា ដោយមានវត្តមានរបស់ក្រុមគ្រួសារ និងមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ ប៉ុន្តែអ្នកនាំពាក្យយោធាអ៊ីរ៉ង់ មិនបានបញ្ជាក់ទេ ថាតើពិធីបុណ្យសពរបស់អ្នកជំនាញនុយក្លេអ៊ែររូបនេះ នឹងត្រូវធ្វើនៅកន្លែងណាឡើយ?