សង្គមអន្តរជាតិ​
អន្តរជាតិ
សភា​អ៊ីរ៉ង់ ទាមទារ​ឲ្យ​បញ្ចប់​ការត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ឆ្លើយតប​ឃាតកម្ម​លោក​Fakhrizadeh
30, Nov 2020 , 11:59 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​សភា​អ៊ីរ៉ង់ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ស្នើ​ឲ្យ​អ៊ីរ៉ង់​ផ្អាក​ការត្រួតពិនិត្យ​ពី​សហគមន៍​អន្តរជាតិ​លើ​រោងចក្រ​ផលិត​នុយក្លេអ៊ែរ​របស់​ខ្លួន ដើម្បី​ជាការ​ឆ្លើយតប​នឹង​ករណី​បាញ់សម្លាប់​អ្នកជំនាញ​នុយក្លេអ៊ែរ លោក Mohsen Fakhrizadeh ។
 
​លោក Mohsen Fakhrizadeh ជា​បុគ្គល​មួយរូប ដែល​អ៊ីស្រាអែល​ចាត់ទុកថា ជា​អ្នក​វិ​ទ្យ​សាស្ត្រ​កំពូល​ទទួលបន្ទុក​កម្ម​វិធី​នុយក្លេអ៊ែរ​ដ៏​ខ្លាំង​របស់​អ៊ីរ៉ង់ ត្រូវបាន​សម្លាប់ នៅក្នុង​ការបាញ់ប្រហារ​មួយ​នៅក្នុង​ទីក្រុង Absard ភាគ​ខាងកើត​រដ្ឋធានី​តេ​ហេ​រ៉ង់​។ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ប្រកាស​សងសឹក​វិញ នៅក្នុង​ពេលវេលា​ត្រឹមត្រូវ​ណាមួយ​។ 
 
​មួយថ្ងៃ​បន្ទាប់ពី​ការប្រកាស​សងសឹក​រប​ស់មេ​ដឹកនាំ​កំពូល សភា​អ៊ីរ៉ង់ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចុះហត្ថលេខា​ដោយ​សមាជិកសភា​ទាំងអស់ ដោយ​ស្នើ​ឲ្យ​បញ្ឈប់​ការត្រួតពិនិត្យ​ជា​អន្តរជាតិ​លើ​រោងចក្រ​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​។ បើតាម​សេចក្តីថ្លែងការណ៍​នេះ សមាជិកសភា​អ៊ីរ៉ង់ អំពាវនាវ​ឲ្យ​មានការ​ឆ្លើយតប​ភ្លាមៗ និង​ដាក់ទណ្ឌកម្ម​លើ​សកម្មភាព​ឈ្លានពាន​របស់​បរទេស ហើយ​វិធី​ល្អ​បំផុត គឺ​ដំណើរការ​រោងចក្រ​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​ឡើងវិញ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​Al Jazeera សភា​អ៊ីរ៉ង់ បន្តថា ដើម្បី​ដំណើរការ​រោងចក្រ​នុយក្លេអ៊ែរ​ឡើងវិញ គឺ​ត្រូវ​បញ្ចប់​ការអនុវត្ត​ដោយ​ស្ម័គ្រចិត្ត​លើ​ពិធីការ​បន្ថែម​មួយចំនួន និង​បញ្ចប់​ការត្រួតពិនិត្យ​របស់​ទីភ្នាក់ងារ​ថាមពលអាតូមិច​អន្តរជាតិ (IAEA)​។ 
 
​តាមរយៈ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អាមេរិក​បាន​ដកខ្លួន​ចេញ អ៊ីរ៉ង់​បាន​យល់ព្រម​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​អនុញ្ញាត​ឲ្យ​អង្គការ IAEA ត្រួតពិនិត្យ​ការ​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ ដើម្បី​ដោះដូរ​ជាមួយនឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​។ ចំណែក​ការស្ម័គ្រចិត្ត​លើ​ពិធីការ​បន្ថែម​មួយចំនួន ជា​វិធានការ​របស់​អ៊ីរ៉ង់ ដែល​ផ្តល់​ឲ្យ​អង្គការ IAEA ក្នុងការ​ពិនិត្យ​ការប្រើប្រាស់​សម្ភារៈ​នុយក្លេអ៊ែរ​ផ្សេងៗ​។ 
 
​ដោយសារ សេចក្តីថ្លែងការណ៍​នេះ មិនមាន​អំណាច​ចាប់បង្ខំ​អ្វី សភា​អ៊ីរ៉ង់ កំពុង​តាក់តែង​សេចក្តីស្នើច្បាប់​មួយ ដើម្បី​ឆ្លើយតប​នឹង​សេចក្តីអំពាវនាវ​ខាងលើ​។ សេចក្តីស្នើច្បាប់​លុបចោល​ទណ្ឌកម្ម មាន​ចំនួន ៩​មាត្រា ដែល​នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ត្រលប់​ទៅ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម យ៉ាងហោចណាស់ ១២០​គីឡូក្រាម ឬ​២០​ភាគរយ​ក្នុង​មួយឆ្នាំ ដំណើរការ​រោងចក្រ​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូ​ម Fordow ឡើងវិញ និង​បង្កើន​ចំនួន​ម៉ាស៊ីន​បំបែក​សារធាតុ​ឲ្យ​កាន់តែច្រើន​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​អ៊ីរ៉ង់​ខាងលើ នៅតែ​បន្ត​ចោទ​អ៊ីស្រាអែល​ដដែល​ថា ជា​អ្នក​នៅ​ពីក្រោយ​ករណី​សម្លាប់​លោក Fakhrizadeh​។ បើតាម​អ៊ីរ៉ង់ ការសម្លាប់​លោក Fakhrizadeh គឺ​អ៊ីស្រាអែល មិន​ចង់ឃើញ​អ៊ីរ៉ង់​ត្រលប់​មករក​ស្ថានភាព​ធម្មតា​វិញ​ឡើយ ពោល​គឺជា​ស្ថានការណ៍ ដែល​អ៊ីរ៉ង់​មិន​រង​ទណ្ឌកម្ម​របស់​អន្តរជាតិ និង​ប៉ះពាល់​ប្រយោជន៍​មួយចំនួន​អ៊ីស្រាអែល​។ 
 
​សូមបញ្ជាក់ថា សាកសព​របស់លោក Fakhrizadeh ត្រូវ​បញ្ចុះ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ដោយមាន​វត្តមាន​រប​ស់​ក្រុមគ្រួសារ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​អ៊ីរ៉ង់ ប៉ុន្តែ​អ្នកនាំពាក្យ​យោធា​អ៊ីរ៉ង់ មិនបាន​បញ្ជាក់​ទេ ថា​តើ​ពិធី​បុណ្យសព​របស់​អ្នកជំនាញ​នុយក្លេអ៊ែរ​រូបនេះ នឹងត្រូវ​ធ្វើ​នៅ​កន្លែង​ណា​ឡើយ​? 

Tag:
 ​អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com