អន្តរជាតិ
ក្រុមបាតុករ ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការគ្រប់គ្រង​កងទ័ព​ដោយ​មហាក្សត្រ​ថៃ​
30, Nov 2020 , 2:26 pm        
រូបភាព
ប៉ូលិសថៃ ឈរត្រៀមបង្ហាករបាតុករនៅមុខបន្ទាយទាហាន។ រូបភាព៖AP
ប៉ូលិសថៃ ឈរត្រៀមបង្ហាករបាតុករនៅមុខបន្ទាយទាហាន។ រូបភាព៖AP
ដោយ:
​បាតុករ​ជា​យុវជន​ថៃ​រាប់ពាន់នាក់ នៅ​ថ្ងៃទី​២៩ វិច្ឆិកា បានធ្វើ​បាតុកម្ម​នៅមុខ​បន្ទាយ​កងវរសេនាធំ​លេខ​១ និង​លេខ​១១ នៅ​ជាយ​ទីក្រុង​បាងកក ក្នុង​គោលបំណង​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​។ អង្គភាព​យោធា​ទាំងពីរ​បូក​នឹង​អង្គភាព​មួយចំនួនទៀត ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ដែល​កាន់កាប់​ដោយផ្ទាល់​ទ្រព្យសម្បត្តិ​រាប់សិប​ពាន់​លាន​ដុល្លារ​ទៀត​។​
 
​ក្រៅតែពី​បានធ្វើ​បាតុកម្ម នៅមុខ​ការិយាល័យ​ទ្រព្យសម្បត្តិ​ស្ដេច និង​ធនាគារពាណិជ្ជ​សៀម​(SCB) ដែលមាន​ភាគហ៊ុន​ចំនួន​២៣​ភាគរយ​ជា​របស់​មហាក្សត្រ បាតុករ​ថៃ ក៏​ទៅធ្វើ​បាតុកម្ម​នៅមុខ​បន្ទាយ​យោធា​ដែល​កាន់កាប់​ដោយ​មហាក្សត្រ​ម្តង​។ សម្រាប់​ក្រុមបាតុករ ការកាន់កាប់​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ និង​គ្រប់គ្រង​អង្គភាព​យោធា​មួយចំនួន​ដោយ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បង្ហាញ​ពី​ឥទ្ធិពល​ដែល​ទ្រង់​មាននៅ​ក្នុងសង្គម និង​ឆាកនយោបាយ​ថៃ​ដែល​គួរ​ណាស់​តែមាន​កំណែទម្រង់​។​
 
 
​កាលពី​ខែតុលា ឆ្នាំ​២០១៩ កងវរសេនាធំ​ថ្មើរជើង​លេខ​១ និង​១១ ត្រូវ​ផ្ទេរ​ទៅ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​នៃ​បញ្ជាការដ្ឋាន​សន្តិសុខ​ម​ហា​ក្សត្រ និង​ទទួលបញ្ជា​ពី​មហាក្សត្រ​ថៃ​។ ចំពោះ​បាតុកម្ម​នៅ​ថ្ងៃទី​២៩ វិច្ឆិកា ដំបូង​ឡើយ​ក្រុមបាតុករ​គ្រោង​នឹងធ្វើ​បា​តុម្ម​នៅមុខ​បន្ទាយ​កងវរសេនាធំ​ថ្មើរជើង​លេខ​១ ប៉ុន្តែ​ត្រូវបាន​ប៉ូលិស​រាំងខ្ទប់​ទាន់ ទើប​បង្វែរ​មក​ធ្វើបាតុកម្ម​នៅមុខ​បន្ទាយ​កងវរសេនាធំ​ថ្មើរជើង​លេខ​១១​វិញ​។​
 
​លោក Parit Chiwarak អ្នកដឹកនាំ​បាតុកម្ម​មួយរូប​លើកឡើងថា កងវរសេនាធំ​ទាំង​២​នេះ ធ្លាប់​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​អំពើហិង្សា​ដើម្បី​បំបែក​ការជួបជុំ​នយោបាយ ក៏ដូចជា​ចូលរួម​ក្នុង​ការធ្វើ​រដ្ឋប្រហារ​ជា​ច្រើនដង​ផងដែរ​។ លោក Parit អះអាង​បន្តថា បាតុកម្ម​នៅ​ថ្ងៃទី​២៩ វិច្ឆិកា​នេះ ជា​បង្ហាញ​ពី​សំឡេង​ប្រឆាំង​ទៅនឹង​ការគ្រប់គ្រង​កងទ័ព​ដោយ​មហាក្សត្រ​។ លោក​បន្ថែមថា រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​សន្តិសុខ​របស់​ព្រះមហាក្សត្រ​។ 
 
«​គ្មាន​ប្រទេស​ប្រជាធិបតេយ្យ​ណាមួយ ដែល​មហាក្សត្រ​គ្រប់គ្រង​កងទ័ព​ឡើយ​។ ក្នុងប្រទេស​ប្រជាធិបតេយ្យ ព្រះមហាក្សត្រ​ជា​ព្រះប្រមុខរដ្ឋ ចំណែក​កងកម្លាំងប្រដាប់អាវុធ​ស្តាប់​បញ្ជា​រដ្ឋាភិបាល​»​។ នេះ​ជាការ​លើកឡើង​របស់លោក Arnon Nampa មេដឹកនាំ​បាតុកម្ម និង​ជា​អ្នក​ទាមទារ​យ៉ាង​មុះ​មុត​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​ដែល​ផ្សាយ​ដោយ​ទី​ភ្នា​ក់​ព័ត៌មាន Reuters​។​
 
​បញ្ជាការដ្ឋាន​សន្តិសុខ​ព្រះមហាក្សត្រ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩២​។ ថ្វីត្បិតតែ​បញ្ជាការដ្ឋាន​នេះ​ស្ថិតក្រោម កងទ័ព​ថៃ ប៉ុន្តែ​មិន​ទទួលបញ្ជា​ពី​បញ្ជាការដ្ឋាន​កងទ័ព​ឡើយ​។ បញ្ជាការដ្ឋាន​នេះ ក៏​រួមបញ្ចូល​ផងដែរ​អង្គរក្ស​ព្រះមហាក្សត្រ ដែល​បង្កើតឡើង​តាំងតែ​ពី​ឆ្នាំ​១៨៥៩ ក្នុង​រជ្ជកាល​មហាក្សត្រ​ជូឡាឡុងកន​។ ក្រុមបាតុករ ក៏បាន​ទាមទារ​ផងដែរ ឲ្យ​ប្តូរ​ឈ្មោះ​អង្គរក្ស​ព្រះមហាក្សត្រ ទៅជា «​អង្គរក្ស​ប្រជាជន​» វិញ​។​
 
​ក្រោយ​បាតុកម្ម​នេះ​បញ្ចប់ទៅ លោក Parit អះអាងថា​នឹងមាន​ការជួបជុំ​នៅ​ថ្ងៃទី​២ ធ្នូ នៅមុខ​តុលាការ​ធម្មនុញ្ញ​ថៃ​។ តុលាការ​ធម្មនុញ្ញ​ថៃ នឹង​ចេញ​សាលក្រម​ទាក់ទង​នឹង​ការ​ល្មើស​ទៅនឹង​វិន័យ​កងទ័ព របស់លោក​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ចំពោះ​ការបន្ត​រស់នៅ​ក្នុងផ្ទះ​យោធា បើទោះបីជា​លោក​ចូលនិវត្តន៍​ហើយ​ក្តី​៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com