មុនឧប្បទ្ទវហេតុបាញ់ប្រហារក្នុងទីក្រុង Absard ភាគខាងកើតរដ្ឋធានីតេហេរ៉ង់ លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ និងជាបុគ្គលដ៏សំខាន់ក្នុងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ មិនមានមនុស្សច្រើនឡើយស្គាល់។ គេមិនដឹងថា លោកជានរណា និងមានតួនាទីអ្វីនៅក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់។ ចំណែកសារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ ក៏មិនសូវបញ្ចេញតួនាទីរបស់បុរសវ័យ៦២ឆ្នាំនេះពិតប្រាកដដែរ។ ពេលខ្លះប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ហៅលោកថាជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមួយ ប៉ុណ្ណោះ។
តើលោក Mohsen Fakhrizadeh គឺជានរណា និងមានតួនាទីអ្វីនៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់? ហើយតើបុរសវ័យ ៦២ឆ្នាំរូបនេះ មានតួនាទីអ្វីនៅក្នុងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់?
លោក Mohsen Fakhrizadeh ជាជនជាតិអ៊ីរ៉ង់ ដែលកើតនៅក្នុងក្រុងQom ក្នុងឆ្នាំ១៩៥៨។ បុរសរូបនេះត្រូវបានអាមេរិក និងអ៊ីស្រាអែលចាត់ទុកថា គឺជាមនុស្សដ៏សំខាន់ នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ បើតាមកាសែត Times of Israel ក្នុងឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានហៅ លោក Fakhrizadeh ជា «ប្រធានគម្រោងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់» យ៉ាងណាក៏ដោយ អ៊ីរ៉ង់ បានបដិសេធការហៅរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបែបនេះ។
បើតាមរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ Javad Zarif លោក Fakhrizadeh គឺជាប្រធានអង្គភាពនវានុវត្តន៍ និងស្រាវជ្រាវនៃក្រសួងការពារជាតិ និងជាសាស្ត្រាចារ្យបង្រៀងនៅសកលវិទ្យាល័យImam Hussein ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកជំនាញអ៊ីរ៉ង់រូបនេះ នៅតែត្រូវបានគេមើលឃើញថា នៅតែមានតួនាទីសំខាន់ក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នៅក្នុងពេលព្រឹត្តិការណ៍បាញ់ប្រហារ លោក Fakhrizadeh អមកងអង្គរក្សជាច្រើនរូប ដើម្បីតាមការពារ។ ការដាក់អង្គរក្សតាមបែបនេះ បង្ហាញពីតួនាទីដ៏សំខាន់មួយរបស់លោកFakhrizadeh។
មិនត្រឹមតែជាប្រធានអង្គភាពនវានុវត្តន៍ និងស្រាវជ្រាវប៉ុណ្ណោះទេ លោក Fakhrizadeh ក៏ជាសមាជិកជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ផងដែរ។ កាសែត The New York Times បានប្រដូចបុរសវ័យ៦២ឆ្នាំរូបនេះ ស្មើនឹងប្រធានទីពិសោធន៍ Los Alamos លោក Robert Oppenheimer ក្នុងអំឡុងពេលអភិវឌ្ឍអាវុធអាតូមិចលើកដំបូងលើពិភពលោក។
ចំណែកសារព័ត៌មាន BBC បានហៅបុរសរូបនេះថា ជាបុគ្គលមានតួនាទីយ៉ាងសំខាន់ ចាប់តាំងពីអ៊ីរ៉ង់ប្រកាសលែងគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅដើមឆ្នាំ២០២០ ដែលស្រដៀងនឹងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលហៅដែរ។ ដោយឡែកទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) នៅក្នុងឆ្នាំ២០១១ កំណត់ថា លោក Fakhrizadeh គឺជាអ្នកដឹកនាំនៅក្នុងកិច្ចខិតខំអភិវឌ្ឍបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងតួនាទីរបស់លោក Fakhrizadeh ច្បាស់ទេ ប៉ុន្តែសារព័ត៌មាន ក៏ដូចជាអ្នកជំនាញមួយចំនួនយល់ថា បុរសរូបនេះ គឺមានចំណេះដឹងខ្លាំងខាងផ្នែកនុយក្លេអ៊ែរ។ បើតាមការអះអាងលោក Karim Sadjadpour មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានដើម្បីសន្តិភាពអន្តរជាតិ Carnegie Endowment លោកFakhrizadeh ទំនងជាមានចំណេះដឹងច្រើនលើកម្មវិធីនុយក្លេអ៊ែរជាងមនុស្សដទៃទៀត។ ទន្ទឹមនេះ លោក Karim បានបន្តថា ការបាត់បង់អ្នកជំនាញនុយក្លេអ៊ែរពេលនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់អ៊ីរ៉ង់ផងដែរ។
ជាការពិត ករណីស្លាប់របស់លោក Fakhrizadeh បង្កឲ្យខូចប្រយោជន៍អ៊ីរ៉ង់ធំណាស់ ដ្បិតលោកត្រូវបានចាត់ទុកជាអ្នកជំនាញនុយក្លេអ៊ែរ។ ជាពិសេស ព្រឹត្តិការណ៍នេះ វាធ្វើឲ្យប៉ះពាល់ដល់មហិច្ឆតាក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថែមទៀត។
មិនត្រឹមតែប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់ថែមទៀត។ កន្លងមក ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន បានប្រកាសថា នឹងស្តារទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីប្រទេសទាំងពីរមើលមុខគ្នាមិនចំ ក្នុងអាណត្តិរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយថែមទាំងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ និងបាញ់សម្លាប់មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ លោក Qasem Soleimani។ បញ្ហានេះ នឹងកាន់តែធ្វើឲ្យលោក បៃឌិន កាន់តែពិបាកស្តារទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ឡើងវិញ។
គិតមកទល់ពេលនេះ មិនទាន់មានភាគីណាមួយ ប្រកាសចេញមុខផ្ទាល់ថាបានបង្កឃាតកម្មនេះនៅឡើយទេ ស្របពេលអ៊ីរ៉ង់កំពុងចោទអ៊ីស្រាអែលនៅពីក្រោយហេតុការណ៍នេះ និងសងសឹកក្នុងពេលជាក់លាក់មួយ។ ខណៈភាគីអ៊ីស្រាអែលវិញ មិនទាន់ឆ្លើយតបនឹងការចោទប្រកាន់នេះឡើយ។
បើទោះបីជាលោក Fakhrizadeh បានបាត់បង់ជីវិតមែន ប៉ុន្តែមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រកាសថា អ៊ីរ៉ង់នឹងបន្តកិច្ចការ និងកិច្ចខិតខំប្រឹងប្រែងរបស់លោក Fakhrizadeh ថែមទៀត។ ដោយឡែកសភាអ៊ីរ៉ង់វិញ កំពុងពិនិត្យសេចក្តីស្នើច្បាប់ ដើម្បីធ្វើឲ្យអ៊ីរ៉ង់អាចចម្រាញ់សាធាតុអ៊ុយរ៉ានីញ៊ូម យ៉ាងហោចណាស់ ១២០គីឡូក្រាម ឬ២០ភាគរយក្នុងមួយឆ្នាំ។
ករណីស្លាប់របស់លោក Fakhrizadeh កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនខួប១០ឆ្នាំ នៃករណីឃាតកម្មអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Majid Shahriari ដែលអ៊ីរ៉ង់ បន្ទោសអ៊ីស្រាអែលថាជាអ្នកបង្កឡើងដូចគ្នា៕