កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី នឹង​លា​ពី​តំណែង​ប្រធាន​សហព័ន្ធ បើ ITF មិនបាន​មេដាយមាស​ច្រើន​ក្នុង​ស៊ី​ហ្គេម​២០២៣
01, Dec 2020 , 8:59 am        
រូបភាព
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF, រូបថតទាំងអស់ពីហ្វេសប៊ុកលោក កែវ រ៉េមី
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF, រូបថតទាំងអស់ពីហ្វេសប៊ុកលោក កែវ រ៉េមី
​កីឡា​តេ​ក្វាន់​ដូ ITF ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) កំណត់​ជា​ប្រភេទ​កីឡា ដែល​ត្រូវ​ដណ្តើម​មេដាយមាស​ឲ្យ​បាន​ច្រើនជាងគេ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។ លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​អះអាង​ដោយ​ជំនឿ​ចិត្ត​ថា កីឡា​ខ្លួន​នឹង​អាច​សម្រេច​តាម​ការកំណត់​មួយ​នេះ​។
 
​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF លោក កែវ រ៉េមី ហ៊ាន​ភ្នាល់​ដោយ​យក​តំណែង​ប្រធាន​សហព័ន្ធ ដាក់​ជាមួយ​ចំនួន​មេដាយមាស​ស៊ី​ហ្គេម ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ បានដាក់​ក្តី​រំពឹង​លើ​ខ្លួន​។ លោក​អះអាងថា លោក​នឹង​លាលែង​ពី​តំណែង​ប្រធាន​សហព័ន្ធ បើ​តេ​ក្វាន់​ដូ ITF ដណ្តើម​មេដាយមាស​មិន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ 


 
«​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ ធ្លាប់បាន​ជម្រាបជូន​ដល់​ថ្នាក់ដឹកនាំ​ថា បើ​តេ​ក្វាន់​ដូ ITF ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ មិនបាន​មេដាយមាស​ច្រើន​ទេ និយាយ​ឲ្យ​ច្បាស់​តែម្តង សុំ​លាឈប់ ឈប់​ធ្វើ​ប្រធាន ទុក​ឲ្យ​ថ្នាក់ដឹកនាំ​ក្រោយ​គេ​ធ្វើ​ប្រធាន​ម្តង​»​។ លោក កែវ រ៉េមី អះអាង​បែបនេះ​នៅមុខ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កីឡា ដែលជា​សេនាធិការ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ថ្នាក់ដឹកនាំ​សហព័ន្ធ គ្រូបង្វឹក និង​កីឡាករ ក្នុង​ពិធី​បិទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ នៅ​ថ្ងៃទី​២៩ វិច្ឆិកា​។​


 
​បើតាម​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ កីឡា​តេ​ក្វាន់​ដូ ITF ត្រូវបាន CAMSOC ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា​ឯកភាព​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​កំណត់​ជា​ប្រភេទ​កីឡា​សក្តានុពល​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​។ 
 
 លោក កែវ រ៉េមី បានលើកឡើង​ដូច្នេះ​ថា​៖«​យោងតាម​ការកម្រិត​នៃ​មេដាយមាស​របស់​សហព័ន្ធ​ផ្សេងៗ អ្នកខ្លះ​កម្រិត​២, ៣, ៤ ឬ​៥ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​បើ​តេ​ក្វាន់​ដូ ITF យើង​ដឹងថា​ប៉ុន្មាន​ទេ​? រាជរដ្ឋាភិបាល CAMSOC និង​ក្រសួង​អប់រំ​ដាក់​មក​ថា យើង​ត្រូវ​ដណ្តើម​មេដាយមាស​ឲ្យ​បាន​១៥ លើសគេ​លើស​ឯង​»​។​
 
​ទន្ទឹមនឹងនេះ លោក ទទួលស្គាល់ថា ដើម្បី​អាច​សម្រេច​តាម​គោលការណ៍​កំណត់​ខាងលើ វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ពោលគឺ​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​កីឡាករ​កីឡាការិនី ត្រូវ​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​អភិវឌ្ឍន៍​បច្ចេក​ទេស​។ តែ​យ៉ាងណា លោក ជឿជាក់​យ៉ាង​មុតមាំ​លើ​សមត្ថភាព​កីឡាករ​កីឡាការិនី​ខ្លួន​ថា ពួកគេ​នឹង​អាចជួយ​ឲ្យ​សហព័ន្ធ​សម្រេច​គោលដៅ ដ៏​ធំ​មួយ​នេះ​។ 
 
​ជាមួយគ្នានេះ លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បានបង្ហាញ​ពី​ផែនការ​របស់​សហព័ន្ធ​ថា សហព័ន្ធ​បានដាក់​គោលដៅ​ធ្វើយ៉ាងណា​ដណ្តើម​មេដាយមាស​ឲ្យ​បាន​៥០​ភាគរយ​ក្នុងចំណោម​៣២​វិញ្ញាសា ដែល​ខ្លួន​គ្រោង​ដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​


 
​មិន​ខុសគ្នា​ពី​លោក កែវ រ៉េមី នោះទេ អគ្គលេខាធិការ​រូបនេះ ក៏បាន​បង្ហាញ​ការជឿជាក់​លើ​សមត្ថភាព​កីឡាករ​កីឡាការិនី​ក្នុងការ​សម្រេច​គោលដៅ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ផងដែរ​។ លោក មានជំនឿថា កីឡា​តេ​ក្វាន់​ដូ ITF នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយមាស​ពី​កីឡា​ស៊ី​ហ្គេម ជូន​ជាតិ​មាតុភូមិ​។ 
 
​ឆ្លើយតប​នឹង​សំណួរ​របស់លោក កែវ រ៉េមី ដែល​សួរថា តើ​មេដាយមាស​ស៊ី​ហ្គេម​ចំនួន​១៥​អាច​ដណ្តើមបាន ឬ​មិនបាន​? កីឡាករ​កីឡាការិនី​ទាំងអស់​ដែល​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​ឆ្លើយ​ព្រម​គ្នា​ថា​«​បាន​»​។ ទន្ទឹមនឹងនេះ ប្រធាន​សហព័ន្ធ​រូបនេះ​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ត្រូវ​បន្ត​ខិតខំ​ប្រឺ​ង​ប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត​។ រីឯ​អ្នក​មិន​ទទួលបាន​ជ័យលាភី ត្រូវ​ចេះ​សិក្សា​ចំណុចខ្សោយ​របស់ខ្លួន​នៅ​ឆ្នាំនេះ ទៅ​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​នៅ​លើក​ក្រោយ​។ 
 
​បើតាម​លោក បួន​ហ៊ីង សុធី​យ៉ា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​កជាង​១៤០​នាក់​មកពី​១៩​ក្លិប​សមាគម​ចូលរួម​។ ការប្រកួត​បែងចែក​ជា​៤​វិញ្ញាសា​រួមមាន​សម្តែង​មេគុន សម្តែង​ការពារ​ខ្លួន បច្ចេកទេស​ពិសេស និង​ប្រយុទ្ធ​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​ចូលរួម​ចាប់ពី​ថ្ងៃទី​២៧-២៩ វិច្ឆិកា ឆ្នាំ​២០២០ ក្រុម​កីឡាករ​ក្រសួងមហាផ្ទៃ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​ដណ្តើមបាន​មេដាយមាស​១០ ប្រាក់​២ និង​សំរឹទ្ធ​។ 
 
​ចំណែក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទទួលបាន​លេខ​២​ក្រោយ​ឈ្នះ​មេដាយមាស​៥ ប្រាក់​២ និង​សំរឹទ្ធ​២ ខណៈ​ស​.​ស​.​យ​.​ក ឈរ​លេខ​៣​ក្រោយ​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធ​៣៕ 
 

 

Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  បួន​ហ៊ីង សុធី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com