កីឡាតេក្វាន់ដូ ITF ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) កំណត់ជាប្រភេទកីឡា ដែលត្រូវដណ្តើមមេដាយមាសឲ្យបានច្រើនជាងគេ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម។ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានអះអាងដោយជំនឿចិត្តថា កីឡាខ្លួននឹងអាចសម្រេចតាមការកំណត់មួយនេះ។
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF លោក កែវ រ៉េមី ហ៊ានភ្នាល់ដោយយកតំណែងប្រធានសហព័ន្ធ ដាក់ជាមួយចំនួនមេដាយមាសស៊ីហ្គេម ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានដាក់ក្តីរំពឹងលើខ្លួន។ លោកអះអាងថា លោកនឹងលាលែងពីតំណែងប្រធានសហព័ន្ធ បើតេក្វាន់ដូ ITF ដណ្តើមមេដាយមាសមិនច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
«ខ្ញុំក្នុងនាមជាប្រធានសហព័ន្ធ ធ្លាប់បានជម្រាបជូនដល់ថ្នាក់ដឹកនាំថា បើតេក្វាន់ដូ ITF ប្រកួតស៊ីហ្គេមឆ្នាំ២០២៣ មិនបានមេដាយមាសច្រើនទេ និយាយឲ្យច្បាស់តែម្តង សុំលាឈប់ ឈប់ធ្វើប្រធាន ទុកឲ្យថ្នាក់ដឹកនាំក្រោយគេធ្វើប្រធានម្តង»។ លោក កែវ រ៉េមី អះអាងបែបនេះនៅមុខថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំយុវជននិងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ ក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នៅថ្ងៃទី២៩ វិច្ឆិកា។
បើតាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ កីឡាតេក្វាន់ដូ ITF ត្រូវបាន CAMSOC ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាឯកភាពដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងកំណត់ជាប្រភេទកីឡាសក្តានុពលក្នុងការប្រជែងដណ្តើមមេដាយ។
លោក កែវ រ៉េមី បានលើកឡើងដូច្នេះថា៖«យោងតាមការកម្រិតនៃមេដាយមាសរបស់សហព័ន្ធផ្សេងៗ អ្នកខ្លះកម្រិត២, ៣, ៤ ឬ៥ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែបើតេក្វាន់ដូ ITF យើងដឹងថាប៉ុន្មានទេ? រាជរដ្ឋាភិបាល CAMSOC និងក្រសួងអប់រំដាក់មកថា យើងត្រូវដណ្តើមមេដាយមាសឲ្យបាន១៥ លើសគេលើសឯង»។
ទន្ទឹមនឹងនេះ លោក ទទួលស្គាល់ថា ដើម្បីអាចសម្រេចតាមគោលការណ៍កំណត់ខាងលើ វាមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសកីឡាករកីឡាការិនី ត្រូវយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍន៍បច្ចេកទេស។ តែយ៉ាងណា លោក ជឿជាក់យ៉ាងមុតមាំលើសមត្ថភាពកីឡាករកីឡាការិនីខ្លួនថា ពួកគេនឹងអាចជួយឲ្យសហព័ន្ធសម្រេចគោលដៅ ដ៏ធំមួយនេះ។
ជាមួយគ្នានេះ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបង្ហាញពីផែនការរបស់សហព័ន្ធថា សហព័ន្ធបានដាក់គោលដៅធ្វើយ៉ាងណាដណ្តើមមេដាយមាសឲ្យបាន៥០ភាគរយក្នុងចំណោម៣២វិញ្ញាសា ដែលខ្លួនគ្រោងដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
មិនខុសគ្នាពីលោក កែវ រ៉េមី នោះទេ អគ្គលេខាធិការរូបនេះ ក៏បានបង្ហាញការជឿជាក់លើសមត្ថភាពកីឡាករកីឡាការិនីក្នុងការសម្រេចគោលដៅនៅស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។ លោក មានជំនឿថា កីឡាតេក្វាន់ដូ ITF នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងដណ្តើមមេដាយមាសពីកីឡាស៊ីហ្គេម ជូនជាតិមាតុភូមិ។
ឆ្លើយតបនឹងសំណួររបស់លោក កែវ រ៉េមី ដែលសួរថា តើមេដាយមាសស៊ីហ្គេមចំនួន១៥អាចដណ្តើមបាន ឬមិនបាន? កីឡាករកីឡាការិនីទាំងអស់ដែលចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះឆ្លើយព្រមគ្នាថា«បាន»។ ទន្ទឹមនឹងនេះ ប្រធានសហព័ន្ធរូបនេះជំរុញឲ្យកីឡាករកីឡាការិនី ដែលទទួលបានជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ត្រូវបន្តខិតខំប្រឺងប្រែងហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។ រីឯអ្នកមិនទទួលបានជ័យលាភី ត្រូវចេះសិក្សាចំណុចខ្សោយរបស់ខ្លួននៅឆ្នាំនេះ ទៅអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកនៅលើកក្រោយ។
បើតាមលោក បួនហ៊ីង សុធីយ៉ា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានអត្តពលិកជាង១៤០នាក់មកពី១៩ក្លិបសមាគមចូលរួម។ ការប្រកួតបែងចែកជា៤វិញ្ញាសារួមមានសម្តែងមេគុន សម្តែងការពារខ្លួន បច្ចេកទេសពិសេស និងប្រយុទ្ធ។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញដោយមិនអនុញ្ញាតឲ្យក្រុមកីឡាករជម្រើសជាតិឈុតធំចូលរួមចាប់ពីថ្ងៃទី២៧-២៩ វិច្ឆិកា ឆ្នាំ២០២០ ក្រុមកីឡាករក្រសួងមហាផ្ទៃទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយដណ្តើមបានមេដាយមាស១០ ប្រាក់២ និងសំរឹទ្ធ។
ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានលេខ២ក្រោយឈ្នះមេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ២ ខណៈស.ស.យ.ក ឈរលេខ៣ក្រោយដណ្តើមបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៣៕