ជាតិ
ស្វាគមន៍ Kaavan ដំរីដ៏ឯកោបំផុតលើលោក បានមកដល់សៀមរាបហើយ!
30, Nov 2020 , 3:42 pm        
រូបភាព
តារាចម្រៀង Cher លើកបដាស្វាគមន៍ Kaavan នៅទឹកដីកម្ពុជា។ ថតដោយ អ៊ីសា រ៉ហានី
តារាចម្រៀង Cher លើកបដាស្វាគមន៍ Kaavan នៅទឹកដីកម្ពុជា។ ថតដោយ អ៊ីសា រ៉ហានី
តាមរយៈជើងហោះហើរពិសេសមួយ ដំរីអាស៊ីឈ្មោះ Kaavan ត្រូវបានដឹកពីសួនសត្វអ៊ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នារសៀលថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។ ដំរីឯកាបំផុតលើលោកមួយនេះ ត្រូវបានបញ្ជូនបន្តឲ្យទៅរស់នៅក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលដោយអង្គការដែនជម្រកសត្វព្រៃកម្ពុជា (CWS)។


Kaavan ដំរីឈ្មោល អាយុ៣៥ឆ្នាំ ជាអំណោយដែលរដ្ឋាភិបាលស្រីលង្កា ជូនដល់រដ្ឋាភិបាលប៉ាគីស្ថាននៅឆ្នាំ១៩៨៥ ដោយសារតែទំនាក់ទំនងជាវិជ្ជមាននៃប្រទេសទាំងពីរ។ ចាប់តាំងពីពេលនោះមក Kaavan ដែលជាប្រភេទដំរីអាស៊ីដ៏កម្រ បានរស់នៅស្ទើរពេញមួយជីវិតក្នុងសួនសត្វ Islamabad Zoo។



តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan បន្ទាប់ពីមានការទាមទាររកសេរីភាពឲ្យដំរី Kaavann តាមរយៈអ៊ីនធឺណិត ដែលដឹកនាំដោយតារាចម្រៀងប៉ុបអាមេរិក Cher តាំងពីឆ្នាំ២០១៦ មក។

យុទ្ធនាការរបស់តារាចម្រៀង Cher ដោយមានការចូលរួមពីសកម្មជនសត្វព្រៃផងដែរនោះ គឺដោយសារតែពួកគេបានមើលឃើញពីស្ថានភាពដ៏កម្សត់របស់ Kaavan។ ចន្លោះពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១២ Kaavan មានដំរី Saheli ដែលមកពីប៉ាគីស្ថាន ជាដៃគូ ប៉ុន្តែក្រោយការស្លាប់របស់ Saheli វាបានរស់នៅឯកោតែម្នាក់ឯង។

នៅឆ្នាំ២០១៥ ញ្ញតិមួយត្រូវផ្ញើទៅអាជ្ញាធរសត្វព្រៃ និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif ដើម្បីទាមទារឲ្យ Kaavan មានសេរីភាព។ រូបថត Kaavan ជាប់ច្រវាក់ ធ្វើឲ្យមនុស្សលើពិភពលោកស្រណោះអាណិតយ៉ាងខ្លាំង ហើយបានល្បីទៅដល់តារាចម្រៀង Cher។

អាជ្ញាធរសួនសត្វរងការចោទប្រកាន់ថា ចិញ្ចឹម Kaavan មិនបានត្រឹមត្រូវ ដោយគ្មានទីលំហដកដង្ហើម អាងទឹកដ៏តូចដែលជាទូទៅមានសីតណ្ហភាព៤០ដឺក្រេ ប៉ុន្តែពួកគេបានបដិសេធ។ យុទ្ធនាការ #SaveKavaan ដែលផ្តួចផ្តើមដោយនារយៈពេល៥ឆ្នាំកន្លងមកនេះ ទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ហើយតារាចម្រៀង Cher ក៏កំពុងចងក្រងឯកសារវីដេអូស្តីពីជីវិតរបស់ Kaavan ក្រោមកិច្ចសហការរវាងក្រុមអភិរក្សសត្វ Free the Wild របស់នាងផ្ទាល់ ជាមួយអង្គការ Four Paws International និងសេដ្ឋីអាមេរិក លោក Eric Margolis ផងដែរ។

Kaavan ត្រូវបានពិនិត្យឃើញថា មានរបបអាហារមិនគ្រប់គ្រាន់ និងមានបញ្ហាផ្លូវចិត្តផងដែរ។ វេជ្ជបណ្ឌិត Amir Khalil នៃអង្គការ Four Paws ជាអ្នកបង្វឹក Kaavan នារយៈពេលបីខែចុងក្រោយនេះ ដើម្បីឲ្យវារៀនសម្របសម្រួលទៅនឹងបរិយាកាសថ្មី។

«នៅដែនជម្រកសត្វក្នុងប្រទេសកម្ពុជា មានដំរីញីអាស៊ី៣ក្បាលរង់ចាំគេ។ ពេលនេះ Kaavan អាចមានដៃគូថ្មី និងចែករំលែកជីវិតដ៏រីករាយជាមួយដៃគូថ្មីរបស់ខ្លួន»។ នេះជាការគូសបញ្ជាក់របស់លោក Amir Khalil។



លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ទៅទទួល Kaavan ផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានលើកឡើងថា នេះជាមោទកភាពដែលកម្ពុជា ទទួលបានវត្តមានរបស់ Kaavan ដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ»។

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់បន្តថា កម្ពុជានឹងមើលថែឲ្យបានល្អ ហើយលោកសង្ឃឹមថា Kaavan  នឹងរីករាយជាមួយជីវិតនៅក្នុងព្រៃនៃប្រទេសកម្ពុជាជាមួយដំរីញីអាស៊ី៣ក្បាលទៀត។ «យើងនឹងការពារ ថែរក្សាដំរី Kaavan នេះឲ្យបានល្អ ហើយនៅពេលដែលដំរីនេះមានភាពស៊ាំជាមួយព្រៃនៃប្រទេសកម្ពុជា។ នេះជាការអះអាងរបស់លោក នេត្រ ភក្ត្រា។



សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា មានប្រភេទដំរីអាស៊ីនេះ ចន្លោះពី៤០០-៦០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃអភិរក្ស តំបន់ជួរភ្នំក្រវាញ និងភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជាមណ្ឌលគិរី និងរតនគិរី ជាដើម៕





© រក្សាសិទ្ធិដោយ thmeythmey.com