អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ជូនពរ​លោក​បៃ​ឌិន​ឆាប់​ជា ក្រោយ​បាក់ឆ្អឹង​ប្រអប់ជើង​ស្ដាំ​ពេល​លេង​ជាមួយ​ឆ្កែ​
30, Nov 2020 , 4:16 pm        
រូបភាព
ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ប្រធានធិបតីជាប់ឆ្នោត។ រូបភាព៖ AFP
ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ប្រធានធិបតីជាប់ឆ្នោត។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចូ បៃ​ឌិន បាន​ជួប​គ្រោះថ្នាក់​ត្រង់​ប្រអប់ជើង​ស្ដាំ នៅពេល​លេង​ជាមួយ​ឆ្កែ​លោក​មួយ​ក្បាល​។ សម្រាប់​របួស​បាក់ឆ្អឹង​ប្រអប់ជើង ដែល​គ្រូពេទ្យ​លោក​បញ្ជាក់ថា ប៉ុន​សរសៃសក់​នេះ លោក បៃ​ឌិន ទំនងជា​នឹង​តម្រូវ​ឲ្យ​ពាក់​ស្បែកជើង​ជំនួយ​ពីរ ឬ​ច្រើន​សប្ដាហ៍​ខាងមុខ​។ បន្ទាប់​ទទួលដំណឹង​នេះ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បាន​ផ្ញើ​សារ​ជូនពរ​លោក​បៃ​ឌិន ឆាប់​ជាសះស្បើយ​។
 
​លោក ចូ បៃ​ឌិន បាន​រងរបួស​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ហើយ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង Newark រដ្ឋ Delaware នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ គ្រូពេទ្យ​របស់លោក បៃ​ឌិន វេជ្ជបណ្ឌិត Kevel O’Connor បាន​បញ្ជាក់ថា ការ​ស្កេ​ន X-rays បឋម មិនបាន​បង្ហាញ​ការបាក់​ឆ្អឹង​ត្រង់​ណាមួយ​ឡើយ តែ​ការ​ស្កែ​ន​លើក​២ បាន​រកឃើញ​ចំណុច​ប្រេះ​ប៉ុន​សរសៃសក់​នៃ​ឆ្អឹង​តូចៗ​ចំនួន​២ ត្រង់​កណ្ដាល​ប្រអប់ជើង​ស្ដាំ​របស់លោក​។ 
 
​លោក​វេជ្ជបណ្ឌិត O’Conner និយាយទៀតថា សម្រាប់​របួស​នេះ លោក បៃ​ឌិន ទំនងជា​នឹង​តម្រូវ​ឲ្យ​ពាក់​ស្បែកជើង​ជំនួយ​ដើរ​សម្រាប់​ពេល ២ ឬ​ច្រើន​សប្ដាហ៍​ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។​
 
​ក្រោយ​ទទួលដំណឹង​ពីរ​បួស​នេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ជូនពរ​លោក បៃ​ឌិន ឲ្យ​ឆាប់​ជាសះស្បើយ​។ នេះ​ជា​សារ Twitter តែមួយគត់​ចាប់ពី​ចាញ់ឆ្នោត​ថ្ងៃទី ៣ ខែវិច្ឆិកា ដែល​លោក ត្រាំ មិន​វាយប្រហារ​លើ​លោក បៃ​ឌិន តាមរយៈ​ការចោទប្រកាន់​គ្មាន​ភស្តុតាង​ថា​ការបោះឆ្នោត​មាន​ការលួចបន្លំ​។ 
 
​ជាទូទៅ ការបាក់​ឆ្អឹង ជា​ក្តីកង្វល់​មួយ​ខណៈ​មនុស្ស​កាន់តែ​មាន​អាយុ​ច្រើន​ទៅ តែ​លោក​បៃ​ឌិន ត្រូវ​មើលឃើញថា​របួសស្រាល ដោយ​ផ្អែកលើ​លទ្ធផល​ដែល​បញ្ជាក់​ពី​សំណាក់​គ្រូពេទ្យ​លោក​។ នៅ​វ័យ ៧៨​ឆ្នាំ លោក បៃ​ឌិន នឹង​ក្លាយជា​មនុស្ស​មាន​វ័យ​ចំណាស់​ជាងគេ​បង្អស់ ដែល​ឡើង​គ្រង​តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅពេល​លោក​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ខាងមុខ​។ 
 
​សូមបញ្ជាក់ថា លោក បៃ​ឌិន រងរបួស​នេះ​ពេល​លេង​ជាមួយ​ឆ្កែ​លោក​មួយ​ក្បាល​ឈ្មោះថា «Major»  ដែល​លោក​យកមក​ចិញ្ចឹម​ក្នុង​ឆ្នាំ​២០១៨​។ នេះ​ជា​ឆ្កែ​ទី​២​របស់លោក បៃ​ឌិន ហើយ​ទី​១​មួយ ឈ្មោះថា «Champ» ដែល​លោក​ទទួល​បានជា​អំណោយ​ពី​សំណាក់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៨​។ លោក បៃ​ឌិន និង​ភរិយា ធ្លាប់បាន​និយាយថា ពួកគេ​នឹង​យក​ឆ្កែ​ទាំងពីរ​នេះ​ទៅ​ចិញ្ចឹម​នៅ​សេត​វិមាន​អាមេរិក  ហើយ​ក៏មាន​គម្រោង​យក​ឆ្មា​មួយ​ក្បាល​ទៀត​មក​ចិញ្ចឹម​ផងដែរ​។ 
 
​កាលពី​ខែធ្នូ  ឆ្នាំ​២០១៩ លោក បៃ​ឌិន បាន​បញ្ចេញ​របាយការណ៍​របស់​គ្រូពេទ្យ​ម្នាក់ ដែល​បង្ហាញ​ជា​សាធារណៈ​ថា លោក​ប្រើប្រាស់​ថ្នាំ​ម្យ៉ាង​ហៅថា «Statin» ដើម្បី​រក្សា​កូ​លេ​ស្តេ​រ៉ូ​ល (cholesterol» ។ ទោះជា​បែបនេះ គ្រូពេទ្យ​លោក បាន​ពិពណ៌នា​លោក បៃ​ឌិន ថា មាន​សុខភាព​ល្អប្រសើរ និង​កម្លាំង​មាំមួន ហើយ​សង្កត់ធ្ងន់ថា សុខភាព​លោក​បៃ​ឌិន គឺ​ល្អ​ពេញលក្ខណៈ​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ប្រធានាធិបតី​ដោយ​ជោគជ័យ​៕ 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com