COVID-19
អន្តរជាតិ
និស្សិត​បរទេស​៦៣​នាក់ ទៅដល់​អូស្ត្រាលី​ជា​លើកដំបូង ចាប់តាំងពី​បិទ​ព្រំដែន​ដោយសារ​កូ​វីដ​-១៩
30, Nov 2020 , 10:19 pm        
រូបភាព
និស្សិតបរទេសពេលទៅដល់ប្រទេសអូស្ត្រាលីលើកដំបូង ចាប់តាំងពីបិទព្រំដែនក្នុងខែមីនា មក ។ រូបភាព៖ AFP
និស្សិតបរទេសពេលទៅដល់ប្រទេសអូស្ត្រាលីលើកដំបូង ចាប់តាំងពីបិទព្រំដែនក្នុងខែមីនា មក ។ រូបភាព៖ AFP
ដោយ:
​និស្សិត​បរទេស​៦៣​នាក់ បាន​ជាន់ដី​អូស្ត្រាលី​ជា​លើកដំបូង ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​បាន​បិទ​ព្រំដែន​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខែមីនា​មក​។ ពួកគេ​ធ្វើដំណើរ​តាមរយៈ​ជើងហោះហើរ​មួយ​ដែល​បាន​ចុះចត​ក្នុង​ទីក្រុង Darwin នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​។
 
​យន្តហោះ​មួយគ្រឿង​រៀបចំ​ដោយ​សកល​វិទ្យាល័យ Charles Darwin (CDU) ដែល​ដឹក​និស្សិត​អន្តរជាតិ ៦៣​នាក់ បាន​ទៅដល់​ក្នុង​ទីក្រុង Darwin ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​។ ការដឹក​និស្សិត​បរទេស​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​គោលដៅ​ផ្ដល់​សន្ទុះ​ដល់​ឧស្សាហកម្ម​ឧ​ត្ត​ម​សិក្សា​របស់ខ្លួន​។ 
 
​និស្សិត​បរទេស​ទាំង​៦៣​នោះ ដែល​មកពី​ប្រទេស​ចិន ហុងកុង ជប៉ុន វៀតណាម និង​ឥណ្ឌូណេស៊ី បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ដើម្បី​ឡើង​យន្តហោះ​រួមគ្នា​នៅ​ទីនោះ​។ ពួកគេ​នឹង​ចំណាយពេល​១៤​ថ្ងៃ​ក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋាភិបាល​អូស្ត្រាលី មុន​អាច​ដើរហើរ​បាន​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP សកលវិទ្យា​ល័យ Charles Darwin (CDU) បាន​បញ្ជាក់ថា នេះ​ជា​ជំហាន​ដំបូង​ដ៏​មាន​សារសំខាន់​ក្នុងការ​ស្តារឡើងវិញ​នូវ​វិស័យ​អប់រំ​អន្តរជាតិ​ក្នុងប្រទេស​អូស្ត្រាលី​។ 
 
​វិស័យ​អប់រំ ជា​វិស័យ​ដែល​រក​ចំណូល​ច្រើន​បំផុត​មួយ​សម្រាប់​ប្រទេស​អូស្ត្រាលី​។ ជាមួយ​និស្សិត​បរទេស​ជាង​៥០​ម៉ឺន​នាក់​បាន​ចុះឈ្មោះ​ចូលរៀន​កាលពី​ឆ្នាំមុន ពួកគេ​បាន​នាំ​យកលុយ​ប្រមាណ​២៧,៣​ពាន់​លាន​ដុល្លារ​ចូល​សេដ្ឋកិច្ច​អូស្ត្រាលី​។ 
 
​ក្រោយ​ផ្ទុះ​ឡើយ​កូ​វីដ​-១៩ សកល​វិទ្យាល័យ​អូស្ត្រាលី បាន​បាត់បង់​ចំណូល​មួយ​ភាគ​ធំ ខណៈ​វិធាន​ការបិទ​ព្រំដែន​របស់​ប្រទេស​នេះ បាន​រាំងខ្ទប់​ការមកដល់​របស់​និស្សិត​បរទេស​ដែល​ចាយលុយ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​អប់រំ​អូស្ត្រាលី​។ តួយ៉ាង ក្រុម​បញ្ចុះបញ្ចូល (lobby) សកល​វិទ្យាល័យ​អូស្ត្រាលី បានបញ្ជាក់​ក្នុង​ខែមិថុនា​ថា វិស័យនេះ អាច​បាត់បង់​ចំណូល​រហូតដល់ ១១​ពាន់​លាន​ដុល្លារ ដោយសារ​វិធាន​ការបិទ​ព្រំដែន​។ 
 
​កន្លងទៅ ក៏​ធ្លាប់មាន​សំណើ​ដឹក​និស្សិត​បរទេស​ពី​សំណាក់​សកល​វិទ្យាល័យ​ក្នុង​ទីក្រុង កង់​បេ​រ៉ា និង​ទីក្រុង Adelaide ផងដែរ តែ​ត្រូវ​លុបចោល​វិញ  ក្រោយ​រដ្ឋាភិបាល​ទទួល​រង​សម្ពាធ​ដើម្បី​ទុក​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលរដ្ឋ​អូស្ត្រាលី​ដែល​ជាប់គាំង​នៅ​បរទេស​ជំនួស​វិញ​។ 
 
​គោលនយោបាយ​ដែល​កំណត់​ចំនួន​អ្នក​ត្រលប់មក​មាតុភូមិ​វិញ បានធ្វើ​ឲ្យ​ពលរដ្ឋ​អូស្ត្រាលី​ជាង ៣៥ ០០០​នាក់ ជាប់គាំង​នៅ​បរទេស បើទោះបីជា​រដ្ឋាភិបាល​ស​ន្យា​នាំយក​ពួកគេ​មក​ផ្ទះ​វិញ​ត្រឹម​បុណ្យ Christmas មុខ​ក្ដី​។ និស្សិត​អន្តរជាតិ​ជាច្រើន ក៏​ជាប់​ក្នុងប្រទេស​អូស្ត្រាលី​ផងដែរ ហើយ​ខ្លះ​ពឹង​លើ​មូលនិធិ​សម្រាប់​ចែក​ស្បៀងអាហារ​បរិភោគ ក្រោយ​ពួកគេ​ត្រូវបាន​កាត់​ចេញពី​កញ្ចប់​គាំទ្រ​របស់​រដ្ឋ​៕ 
 
 

Tag:
 អូស្ត្រាលី​
  កូ​វីដ​-១៩
  ការអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com