COVID-19
ជាតិ
COVID-19៖ ករណីវិជ្ជមាន​៣នាក់ទៀតពីព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា
01, Dec 2020 , 7:33 am        
រូបភាព
រូបតំណាង។ AFP
រូបតំណាង។ AFP
ដោយ: រួបរួម
ក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីករណីវិជ្ជមាន៣នាក់ទៀតពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​សរុបឡើងដល់​១៧នាក់។ ចំនួននេះ នាំឲ្យករណីឆ្លងនៅកម្ពុជាឡើងដល់៣២៦ករណី ក្នុងនោះសះស្បើយ​៣០៤ករណី។


ករណីវិជ្ជមាន៣នាក់បន្ថែមទៀតពីព្រឹត្តិការណ៍២៨វិច្ឆិកា មាន ស្ត្រីអាយុ៦៤ឆ្នាំ អាសយដ្ឋាននៅសង្កាត់ទូលទំពូល១ ខណ្ឌចំការមន។ គាត់ជាម្តាយអ្នកជំងឺ​ស្ត្រីអាយុ៣៦​ឆ្នាំ ដែលមាន​ស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ។ ពីរទៀត ជាស្ត្រីអាយុ២៥ឆ្នាំ និង​ទារកអាយុ​៧ ខែ​ដែលមានអាសយដ្ឋាននៅ​សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា ចំនួន​៤៨៦៩នាក់ បានធ្វើតេស្ត។ ករណីវិជ្ជមានឡើង​ដល់១៧ករណី។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងបានអះអាងពីករណីសះស្បើយ៣នាក់បន្ថែមទៀត ដែលក្នុងនោះមាន​បុរសខ្មែរអាយុ៥១​ឆ្នាំ ជាមន្ត្រីផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិទើបមកពីស៊ូដង់ខាងត្បូង, ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា-វៀតណាម និង​បុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ ដែល​មកពីជប៉ុន។

សរុបករណីនៅកម្ពុជា ឡើង​ដល់៣២៦ករណី ក្នុងនោះ​៣០៤ករណីសះស្បើយ។ អ្នកជំងឺ២២នាក់ដែលកំពុងសម្រាកព្យាបាល មាន​២០នាក់នៅពេទ្យមិត្តភាពខ្មែរសូវៀត និង​២នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕

© រក្សាសិទ្ធិដោយ thmeythmey.com