COVID-19
អន្តរជាតិ
វៀតណាម មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុងស្រុក​លើកដំបូង​ក្នុងពេល​ជិត​៣​ខែ​
01, Dec 2020 , 9:34 am        
រូបភាព
មន្រ្តីសុខាភិបាលក្រុងហាណូយ យកសំណាក ដើម្បីពិនិត្យរកកូវីដ-១៩។ រូបភាព៖ VnExpress
មន្រ្តីសុខាភិបាលក្រុងហាណូយ យកសំណាក ដើម្បីពិនិត្យរកកូវីដ-១៩។ រូបភាព៖ VnExpress
​វៀតណាម នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុងស្រុក​លើកដំបូង ក្នុង​រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ​។​
 
​តាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល​វៀតណាម បុរស​ម្នាក់​ដែលមាន​វ័យ​៣២​ឆ្នាំ និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ បុរស ដែល​រស់នៅក្នុង​ទីក្រុង​ហូជីមិញ​រូបនេះ បាន​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ម្នាក់​ដែល​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​វីដ​-១៩ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ 
 
​កន្លែង​ដែល​គ្រូបង្រៀន​ភាសា​អង់គ្លេស​នេះ ធ្លាប់​ទៅ​មានដូចជា មជ្ឈមណ្ឌល​បង្រៀន​ភាសា​បរទេស ហាង​កាហ្វេ បារ ខារ៉ាអូខេ​ជាដើម ចាប់តាំងពី​ទាក់ទង​ជាមួយ​បុគ្គលិក​បម្រើការ​លើ​យន្តហោះ ដែលជា​មិត្តភក្តិ​របស់ខ្លួន​។ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៅក្នុង​ទីក្រុង អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទ​កន្លែង​ដែល​បុរស​នោះ​ធ្លាប់​ទៅ​ទាំងអស់​រួចហើយ​។ 
 
​កន្លងមក​អ្នកបម្រើ​ការ​លើ​យន្តហោះ ត្រូវបាន​ដាក់​ច​ត្តា​ឡី​ស័ក​ចំនួន ៥​ថ្ងៃ និង​ធ្វើតេស្តរ​កកូ​រ៉ូ​ណាវី​រុស​ចំនួន ២​លើក ដែល​បង្ហាញថា​អវិជ្ជមាន​។ ក្រោយមក បុគ្គលិក​បម្រើការ​លើ​យន្តហោះ​រូបនេះ បានស្នើ​មក​ដា​ក់ច​ត្តា​ឡី​ស័ក​នៅផ្ទះ ប៉ុន្តែ​ក្រោយមក មាន​ផ្ទុក​វីរុស​តែម្ដង​។ 
 
​កន្លងទៅ វៀតណាម បានដាក់​ចេញ​ចំណាត់ការ​ជាច្រើន ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩​។ គ្រាន់តែ​ផ្ទុះ​កូ​វីដ​-១៩​ឡើង នៅក្នុង​ទីក្រុង​ដា​ណា​ង រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​បញ្ជា​ឲ្យ​បិទ​ក្រុង មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ កន្លែង​កម្សាន្ត និង​មុខ​ជំនួញ​មួយចំនួន​ជាដើម​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា វៀតណាម​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប​ចំនួន ១៣៤៧​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​វិញ​មាន​ចំនួន ១១៧៩​នាក់​៕

Tag:
 វៀតណាម​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com