កីឡាអន្តរជាតិ
អន្តរជាតិ
Grosjean ជួបគ្រោះថ្នាក់រហូតឆេះខ្លួនប្រាណក្នុងការប្រណាំង F1 នៅបារ៉ែន
01, Dec 2020 , 9:37 am        
រូបភាព
Lewis Hamilton ឈ្នះការប្រណាំង Formula One លើកទី១១រដូវកាលនេះ ក្នុងកម្មវិធី Bahrain Grand Prix ក្នុងប្រទេសបារ៉ែន ស្របពេលកីឡាករ Romas Grosjean ដែលបើកឲ្យក្រុម Haas-Ferrari ជួបគ្រោះថ្នាក់ដ៏រន្ធត់មិនធ្លាប់មានតាំងពីឆ្នាំ១៩៩១មក។


Grosjean ដែលបើកបរឲ្យក្រុម Haas-Ferrari ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារត្រូវភ្លើងឆេះខ្លួន បន្ទាប់ពីបើករថយន្តបុកនឹងរបាំងហើយផ្ទុះឆេះនាការប្រណាំង F1 នៅថ្ងៃទី២៩ ខែវិច្ឆិកា។ គ្រោះថ្នាក់ដែលបណ្តាលឲ្យរថយន្តឆេះដាច់ជាពីរនេះ កើតឡើងត្រឹម២៦នាទីក្រោយចាប់ផ្តើមប្រណាំងប៉ុណ្ណោះ។
 
 
អ្នកប្រណាំង F1 សញ្ជាតិបារាំងរូបនេះ ត្រូវភ្លើងឆេះ ហើយជាប់នៅក្នុងរថយន្តជិត៣០វិនាទីមុនពេលអាចចេញផុតពីអណ្ដាតភ្លើង ខណៈក្រុមជួយសង្គ្រោះ និងក្រុមគ្រូពេទ្យបានយករូបគេទៅកាន់មន្ទីរពេទ្យ។
 
នេះជាឧប្បត្តិហេតុគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក ដែលមិនធ្លាប់កើតមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គ្រោះថ្នាក់ក្នុងការប្រណាំង F1 ទ្រង់ទ្រាយធំ បានកើតឡើងលើកចុងក្រោយក្នុងឆ្នាំ១៩៩១ នៅម៉ូណាកូ មុនពេលនៅ Imola ក្នុងឆ្នាំ ១៩៨៩។ ដោយឡែកនៅទឹកដីអាមេរិកបានកើតឡើងដល់ទៅពីរដងក្នុងឆ្នាំ ១៩៧៣ និង ១៩៧៤ ដោយក្នុងនោះអ្នកបើកបរ Francois Cevert និង Helmut Koinigg បានស្លាប់។
 
នៅក្នុងការប្រណាំងនៅប្រទេសបារ៉ែនសម្រាប់ឆ្នាំ២០២០ Hamilton នៅតែអាចទទួលបានជ័យជម្នះ បើទោះរូបគេបានក្លាយជាជើងឯកទៅហើយក្តី។ កំពូលអ្នកប្រណាំងសញ្ជាតិអង់គ្លេសដែលបើកបរឲ្យក្រុម Mercedes បានប្រជែងឈ្នះ Max Verstappen របស់ Red Bull ដោយប្រើថេរវេលា ២ម៉ោង ៥៩នាទី និង៤៧វិនាទី។ Alexander Albon អ្នកបើកបរសញ្ជាតិថៃ របស់ក្រុម Red Bull ទទួលបានចំណាត់ថ្នាក់ទី៣ក្នុងការប្រណាំលើកទី១៥នេះ៕
 

Tag:
 Formula One
  Lewis Hamilton
  Romas Grosjean
© រក្សាសិទ្ធិដោយ thmeythmey.com