សង្គមអន្តរជាតិ​
អន្តរជាតិ
មេដឹកនាំ​បាតុកម្ម​ថៃ​៥​រូប ត្រូវ​ប៉ូលិស​ថៃ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ករណី​ប្រមាថ​ស្ដេច​
01, Dec 2020 , 10:59 am        
រូបភាព
លោកPanupong Jadnok លោក Parit Chiwarak កញ្ញាPanusaya Sithijirawattanakul និងលោកArnon Nampa មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ។ រូបភាព៖ AFP
លោកPanupong Jadnok លោក Parit Chiwarak កញ្ញាPanusaya Sithijirawattanakul និងលោកArnon Nampa មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ។ រូបភាព៖ AFP
ដោយ:
​នៅ​ថ្ងៃទី​៣០ វិច្ឆិកា មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៥​នាក់ បាន​ចូលខ្លួន​ទៅ​ស្នងការ​ប៉ូលិស ដើម្បី​ស្តាប់​ពីបទ​ចោទ​លើ​ការប្រមាថ​មហាក្សត្រ​ថៃ ដែល​កើតឡើង​នៅក្នុង​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទីលាន Sanam Luang កាលពី​ថ្ងៃទី​១៩ និង​២០ វិច្ឆិកា​។ បើ​រកឃើញថា​មានទោស​ក្នុង​ការប្រមាថ​មហាក្សត្រ​មែន បុគ្គល​រូបនោះ​អាច​ត្រូវ​ផ្តន្ទាទោស​រហូតដល់​ទៅ​១៥​ឆ្នាំ​។​
 
​លោក Arnon Nampha លោក Parit Chiwarak កញ្ញា​Panusaya Sithijirawattanakul លោក​Panupong Chadnok និង​លោក Patiwat Saraiyaem បាន​ចូលខ្លួន​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ក្នង​ទីក្រុង​បាងកក​ដើម្បី​ស្តាប់​ពីបទ​ចោទ​ប្រឆាំងនឹង​ពួកគេ​។ ពួកគេ ត្រូវបាន​អមដំណើរ​ដោយ​មេធាវី​២​នាក់​ផងដែរ​។​
 
​លោក​Arnon ដែលជា​មេដឹកនាំ​បាតុកម្ម និង​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម និយាយថា​លោក​មិន​បារម្ភ​នឹង​បទ​ចោទ​នេះ​ទេ និង​បាន​ត្រៀមខ្លួន​តទល់​ក្នុង​តុលាការ​រួចហើយ​។ លោក​អះអាងថា​៖« ឥឡូវនេះ គឺជា​ពេលដែល​មនុស្ស​គ្រប់រូប គួរ​និយាយ​ដោយ​ត្រង់​ពី​ស្ថាន​ប័ន​មហាក្សត្រ និង​បើទោះបី​អ្វីដែល​ត្រូវបាន​និយាយ​គ្មាន​អ្នក​ស្តាប់ និង​ត្រូវ​អាជ្ញាធរ​ប្រើប្រាស់​ច្បាប់​មក​បំបិទមាត់​ក្តី​»​។ លោក​អះអាងថា​បាតុកម្ម នឹងមាន​សន្ទុះ​កាន់តែខ្លាំង​ឡើង​ក្នុង​ឆ្នាំ​២០២១​។​
 
​ចំណែក​លោក Parit បាន​អះអាងថា បទ​ចោទ​ស្តីពី​ការប្រមាថ​មហាក្សត្រ​នេះ នឹង​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​ចូលរួម​បាតុកម្ម ព្រោះ​ករណីនេះ​បង្ហាញ​ពី​ភាពអយុត្តិធម៌​ក្នុងសង្គម​ថៃ​។ កញ្ញា Panusaya វិញ​បន្តថា សំណើ​របស់​ចលនា​ប្រជាជន គឺ​ការធ្វើកំណែទម្រង់​របប​រាជានិយម​ពិតប្រាកដ​មួយ មិនមែន​លុបបំបាត់​របប​នេះឡើយ​។ នេះ​បើ​យោងតាម​កាសែត​ថៃ Bangkok Post​។​
 
​មាត្រា​១១២ ក្នុង​ក្រមព្រហ្មទណ្ឌ​ថៃ ចែង​ពី​ការការពារ​ព្រះមហាក្សត្រ នឹង​ផ្តន្ទាទោស​ជា​ប្រាក់ និង ជាប់​ព​ន្ធា​គារ​រហូតដល់​១៥​ឆ្នាំ​លើ​បុគ្គល​រូប​ណា​ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​មហាក្សត្រ ក៏ដូចជា​ក្រុមគ្រួសារ​រាជវង្ស​។ មាត្រា​នេះ ក៏ត្រូវ​បាន​កែប្រែ​សម្រាប់​អនុវត្ត​នៅពេល​បាតុកម្ម​ផងដែរ ទោះជា​យ៉ាងនេះ​ក្តី កញ្ញា Panusaya  អះអាងថា ចលនា​បាតុកម្ម​នឹងមិន​រាថយ​ឡើយ​។​
 
​ដោយសារតែ​មេដឹកនាំ​បាតុកម្ម​ចូលខ្លួន​មក​ឆ្លើយតប​ចំពោះ​បទ​ចោទ​តាម​បញ្ជា​របស់​ប៉ូលិស ពួកគេ​ត្រូវបាន​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​។ ទោះជា​យ៉ាងណាក្តី បុគ្គល​៥​រូប​ខាងលើ និង​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ផ្សេងទៀត ដែល​ធ្វើបាតុកម្ម​នៅមុខ​បន្ទាយ​យោធា​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា អាច​នឹងត្រូវ​ចោទប្រកាន់​បន្ថែមទៀត​ពី​ការបំពានច្បាប់​ស្តីពី​ការជួបជុំ​សាធារណៈ ដូចជា​ការកម្ទេច​ទ្រព្យសម្បត្តិ​សាធារណៈ ឡាន​ប៉ូលិស និង​របង​សួន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សាលាក្រុង​។ នេះ​យោងតាម​ឧ​ត្ត​ម​សេនីយ៍ Piya Tawichai ស្នងការរង​ប៉ូលិស​ទីក្រុង​បាងកក​។​
 
​ឧ​ត្ត​ម​សេនីយ៍ Piya រូបនេះ ក៏​អះអាង​បន្ថែម​ដែរ​ថា ប៉ូលិស​អាច​នឹង​ពិនិត្យ​អត្ថន័យ​នៃ​ពាក្យសម្តី ដែល​បាន​និយាយ​អំឡុងពេល​បាតុកម្ម​ដើម្បី​កំណត់ថា បាតុករ​បាន​បំពាន​ច្បាប់​អ្វីខ្លះ​។​
 
​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្លាប់បាន​អះអាងថា រដ្ឋាភិបាល នឹង​ប្រើ​គ្រប់​ច្បាប់​ទាំងអស់​ដើម្បី​គ្រប់គ្រង​បាតុករ​។ ចាប់​តាំងតែ​ពី​មាន​បាតុកម្ម​ក្នុង​ខែកក្កដា​មក នេះ​ជា​លើក​ទី​១​ហើយ​ដែល​មេដឹកនាំ​បាតុកម្ម​រង​បទ​ចោទ​ពី​ការប្រមាថ​មហាក្សត្រ​។ លើសពីនេះ ច្បាប់​នេះ មិន​ត្រូវបាន​រដ្ឋាភិបាល​ថៃ​យកមកប្រើ​ប្រាស់​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៨ យោងតាម​សំណើ​របស់​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍​។​
 
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com