កីឡាអន្តរជាតិ
អន្តរជាតិ
Frappart ក្លាយជា​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ Champions League បុរស​
01, Dec 2020 , 11:58 am        
រូបភាព
Stephanie Frappart នឹង​ក្លាយជា​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​គេ​ដែល​ត្រូវ​តែងតាំង​ឲ្យ​កាត់ក្តី​ក្នុងការ​ប្រកួត UEFA Champions League រដូវ​កាល​នេះ​។ អ្នកស្រី Frappart ត្រូវ​ដឹកនាំ​ការប្រកួត​រវាង Juventus ទល់នឹង Dynamo Kiev ក្នុង​សន្សំ​ពិន្ទុ​ពូ​ល G នៅ​រាត្រី​ថ្ងៃទី​២ ខែ​វិ​ចិ្ឆ​កា​។​


​មុន​ឈានទៅ​កាន់​ក្របខណ្ឌ​កំពូល​អឺរ៉ុប អ្នកស្រី​អាជ្ញាកណ្តាល​សញ្ជាតិ​បារាំង Stephanie Frappart ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (FFF) ប្រកាស​ឲ្យ​ចូលរួម​កាត់ក្តី​ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 ជា​ផ្លួ​វ​ការ​ចាប់ពី​រដូវ​កាល​មុន​មក​។ ក្រៅពីនោះ អ្នកស្រី ក៏​ចូលរួម​កាត់ក្តី​ក្នុង​ព្រឹត្តិការណ៍ World Cup ស្ត្រី និង​ទទួលបន្ទុក​លើ​ការប្រកួត​រវាង Liverpool ជាមួយ Chelsea ក្នុង​ព្រឹត្តិការណ៍​ផ្តាច់ព្រ័ត្រ UEFA Super Cup កាលពី​ឆ្នាំ​២០១៩​ផងដែរ​។​
 
​នៅ​រដូវ​កាល ២០២០-២១​នេះ អ្នកស្រី Frappart បាន​កាត់សេចក្តី​លើ​ទីលាន​ក្នុង​ក្របខណ្ឌ Europa League ជា​លើកដំបូង​របសខ្លួន​ហើយ​ដែរ​នៅក្នុង​ខែតុលា នៅពេល Leicester City បាន​ជួប​ជាមួយ Zorya Luhansk នៅឯ​កីឡដ្ឋាន King Power និង​ជំនួប​រវាង Granada និង Omonoia Nicosia កាលពី​សប្តាហ៍​មុន​។​
 
​ដោយ​ធ្លាប់​ឆ្លងកាត់​ការទទួលខុសត្រូវ​លើ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាបាល់ទាត់​កម្រិត​កំពូលៗ​រួចមកហើយ​នោះ  Frappart ក៏​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) សម្រេច​ឲ្យ​អ្នក​ស្ត្រី​ទទួលបន្ទុក​កាត់ក្តី​ក្នុងការ​ប្រកួត​ក្របខណ្ឌ​កំពូល​ផ្នែក​បុរស និង​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។​
 
​ជំនួប​ដំបូង​របស់​អាជ្ញាកណ្តាល​ស្ត្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ គឺ​ការប្រកួត​រវាង​សេះបង្កង់ Juventus ដែល​ត្រូវ​ទទួលភ្ញៀវ Dynamo Kiev សម្រាប់​ការប្រកួត​បង្គ្រប់កិច្ច​ពូ​ល G នៅ​រាត្រី​ថ្ងៃទី​២ ខែ​វិ​ចិ្ឆ​កា​៕

Tag:
 Stephanie Frappart
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com