អន្តរជាតិ
របាយការណ៍ AI ៖ វៀតណាម​បង្កើន​ការគាបសង្កត់​សកម្មជន និង​អ្នក​រិះគន់​តាម​បណ្តាញ​សង្គម​
01, Dec 2020 , 12:53 pm        
រូបភាព
បណ្តាញសង្គមFacebook និងGoogle
បណ្តាញសង្គមFacebook និងGoogle
ដោយ:
​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International, AI) អះអាងថា ចំនួន​អ្នកទោស​មនសិការ​នៅ​វៀតណាម បាន​កើន​ឡើងដល់​កម្រិត​មួយ​ខ្ពស់បំផុត​។ របាយការណ៍​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ធ្នូ នេះ ក៏បាន​ចោទ​ក្រុមហ៊ុន​បណ្តាញ​សង្គម​មួយចំនួន​ដូចជា Facebook និង Google ថា បាន​រឹតត្បិត​ការផ្សាយ​មាតិកា​ណា​ដែល​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​វៀតណាម​ដែរ​។​
 
​ក្នុង​របាយការណ៍​រប​ស់​អង្គការ​លើកលែងទោស​អន្តរជាតិ យ៉ាងហោចណាស់​មាន​អ្នកទោស​មនសិការ​១៧០​រូប នៅ​វៀតណាម ក្នុងនោះ​មាន​៧០​រូប កំពុង​ជាប់​ព​ន្ធា​គារ​ដោយសារ​សកម្មភាព​រប​ស់​ខ្លួន​នៅលើ​បណ្តាញ​សង្គម​មាន Facebook និង YouTube ជាដើម​។​
 
« បណ្តាញ​សង្គម​ដែល​ធ្លាប់តែ​ជា​សេចក្តីសង្ឃឹម​ក្នុងការ​ពង្រីក​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ជា​តំបន់​មាន​សិទ្ធិមនុស្ស ដែលមាន​ការរិះគន់ និង​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ដោយ​សន្តិវិធី ត្រូវបាន​រឹតត្បិត​»​។ នេះ​ជាការ​លើកឡើង​របស់រ​បាយ​ការណ៍​ចេញ​ថ្ងៃទី​១ ខែធ្នូ​។ ចំនួន​អ្នកទោស​១៧០​រូបនេះ ជា​ចំនួន​ច្រើន​បំផុត​តាំងតែ​ពី​ឆ្នាំ​១៩៩៦​មក​។ អង្គការ​លើកលែងទោស​អន្តរជាតិ កំណត់​អ្នកទោស​មនសិការ ជា​បុគ្គល​ដែល​មិន​ប្រើ​ហិង្សា ឬ​តស៊ូ​មតិ​បែប​ហិង្សា ប៉ុន្តែ​ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ​អត្តសញ្ញាណ ឬ​ជំនឿ​របស់ខ្លួន​។​
 
​របាយការណ៍​នេះ​បន្តថា បើទោះបី​ជាមាន​កំណែទម្រង់​សេដ្ឋកិច្ច និង​ការបើកចំហរ​សង្គម​ក្តី បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​បន្ត​គ្រប់គ្រង​សារព័ត៌មាន និង​ពុំ​សូវ​ជា​អត់អោន​ឲ្យ​អ្នកប្រឆាំង​រដ្ឋាភិបាល​ឡើយ​។​បន្ថែម​ពីនេះ រដ្ឋាភិបាល​បង្កើន​ការគាបសង្កត់​លើ​ក្រុម​អ្នកប្រឆាំង និង​សកម្មជន ជាពិសេស​នៅមុន​កិច្ចប្រជុំ​បក្ស​នៅ​ឆ្នាំក្រោយ​។​
 
​អង្គការ​លើកលែងទោស​អន្តរជាតិ ក៏បាន​រិះគន់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ធំៗ​ដែល​មិនអាច​ជម្នះ​ការទាមទារ​របស់​រដ្ឋា​ភិ​បាល​វៀតណាម​ដែល​ចង់​ឲ្យ​រឹតត្បិត​មាតិកា​ទាំងឡាយណា​ដែល​ប្រឆាំង​ខ្លួន​។ ការចោទប្រកាន់​នេះ ផ្អែកលើ​ភស្តុតាង និង​ការសម្ភាស​ជាមួយ​សកម្មជន​វៀតណាម​ដែល​មាតិកា​របស់​ពួកគេ​ក្នុង​បណ្តាញ​សង្គម ត្រូវបាន​រឹតត្បិត​ក្នុងពេល​ផ្សព្វផ្សាយ​។​
 
​ទាក់ទង​បញ្ហា​នេះ Facebook និង YouTube អះអាងថា ខ្លួន​រឹតត្បិត​ផ្សព្វផ្សាយ​ណាមួយ លុះត្រា​ណា​តែ​ការផ្សព្វផ្សាយ​នោះ​បំពាន​ច្បាប់​ក្នុងស្រុក​ដែល​ប្រទេស​ខ្លួន​វិនិយោគ​។ នៅ​វៀតណាម មាត្រា​១១៧ នៃ​ច្បាប់​ស្តីពី​ក្រុមហ៊ុន​អ៊ីនធឺណិត​បរទេស ហាម​ពលរដ្ឋ​វៀតណាម​ក្នុង​ការផលិត រក្សាទុក និង​ចែកចាយ សម្ភារៈ​ទាំងឡាយណា​ដែល​ប្រឆាំង​រដ្ឋ​វៀតណាម​។ ជាក់ស្តែង Facebook បាន​រឹតត្បិត​ការផ្សព្វផ្សាយ​មិន​មាតិកា​ចំនួន​៨៣៤ គិត​ត្រឹម​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០​។​
 
​ក្រុមហ៊ុន​Facebook កាលពី​ថ្ងៃទី​១៩ វិច្ឆិកា កន្លងទៅ​រង​ការ​គំរាម​បិទ​ពី​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ការមិន​ព្រម​រឹតត្បិត​ការផ្សព្វផ្សាយ​ណា​ដែល​រិះគន់​រដ្ឋាភិបាល និង​ប្រឆាំង​រដ្ឋ​វៀតណាម​។ វៀតណាម មាន​អ្នកប្រើប្រាស់ Facebook ប្រមាណ​៦០​លាន​នាក់ ដោយ​ក្រុមហ៊ុន​នេះ​រកចំណូលបាន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕
 

Tag:
 ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com