COVID-19
ជាតិ
សុវត្តិភាព ចរាចរណ៍
ប៉ូលិសចរាចរណ៍ភ្នំពេញ ផ្អាកផាកពិន័យ១៥ថ្ងៃ 01, Dec 2020 , 2:40 pm
× រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១ រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០នេះ នឹងមិនមានការផាកពិន័យលើអ្នកដែលល្មើសក្នុងការបើកបរក្នុងរាជធានីភ្នំពេញឡើយ។ លោក ស ថេត ស្នងការរាជធានីភ្នំពេញ បានចេញបទបញ្ជាស្តីពីការផ្អាកផាកពិន័យនេះ ទៅកាន់បណ្តានគរបាលចរាចរណ៍។
សំឡេងរបស់លោក ស ថេត ដែលចេញបទបញ្ជាទៅកាន់បណ្តានគរបាលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ត្រូវបានគេចែករំលែកតៗគ្នា តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១ ខែធ្នូនេះ។ លោក ស ថេត ចេញបទបញ្ជានេះ បន្ទាប់ពីលោក ទទួលបានការណែនាំពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកស្នងការរាជធានីភ្នំពេញ ប្រាប់នគរបាលចរាចរណ៍ថា ពួកគេ អាចត្រឹមតែជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋប៉ុណ្ណោះ តែមិនត្រូវផាកពិន័យឡើយ។ លោក បន្ថែមថា សូម្បីតែការពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ក៏ត្រូវផ្អាកដែរ។ លោក មានប្រសាសន៍ថា៖«រង់ចាំក្រោយថ្ងៃទី១៦ [ខែធ្នូ] យើង នឹងពិចារណាឡើងវិញ»។
ការផ្អាកផាកពិន័យចរាចរណ៍រយៈពេល១៥ថ្ងៃនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ខណៈកម្ពុជា កំពុងជួបព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សំដៅលើការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ជាភរិយារបស់មន្ត្រីខ្ពស់នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃជាស្វាមី និងសមាជិកមួយចំនួនក្នុងគ្រួសារពួកគាត់ រួមទាំងអ្នកផ្សេងទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ដែរ។ ប្រមុខរដ្ឋភិបាល ចាត់ទុកព្រឹត្តិការណ៍នេះ ថាជាការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា។
គិតត្រឹមថ្ងៃទី១ ខែធ្នូ មនុស្សជាង៤,៨ពាន់នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយរកឃើញមនុស្ស១៧នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ។ ក្រសួង នៅតែបន្តធ្វើតេស្តរកមេរោគកូវីដ-១៩លើមនុស្សផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។ មកដល់ថ្ងៃទី១ ខែធ្នូនេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣២៦នាក់ ដោយក្នុងនោះ បានជាសះស្បើយវិញ៣០៤នាក់៕ Tag:
COVID-19
ផ្អាកផាកពិន័យចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com