អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលី នឹង​សហការ​ជាមួយ​អាមេរិក​អភិវឌ្ឍ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​៥​ដង
01, Dec 2020 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី អ្នកស្រី  Linda Reynolds ។ រូបភាព៖ AFP
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី អ្នកស្រី Linda Reynolds ។ រូបភាព៖ AFP
ដោយ:
​អូស្ត្រាលី នឹង​សហការ​អាមេរិក​ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​ស្វ័យ​នាំ​ផ្លូវ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​៥​ដង (Hypersonic cruise) ក្នុង​គោលដៅ​ប្រជែង​នឹង​ចិន និង​រុស្ស៊ី ដែល​ក៏​កំពុង​អភិវឌ្ឍ​សព្វាវុធ​ទំនើប​ដូចគ្នានេះ​។ រដ្ឋមន្ត្រី​ការពារ​អូស្ត្រាលី អ្នកស្រី Linda Reynolds បានបញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ១ ខែធ្នូ​។​
 
 
​មី​ស៊ី​ល​ប្រភេទ Hypersonic មាន​សមត្ថភាព​រត់លឿន​ជាង​៥​ដង បើ​ធៀប​នឹង​ល្បឿន​នៃ​សំឡេង (១២២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​)​។ បូកផ្សំ​នឹង​ល្បឿន ការធ្វើ​ចលនា និង​រយៈកម្ពស់​ហោះហើរ​ផង​នោះ ធ្វើ​ឲ្យ​មី​ស៊ី​ល​ទំនើប​ផុត​លេខ​នេះ​ពិបាក​ក្នុងការ​តាម​ចាប់ និង​ចាប់​ស្ទាក់​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១ ខែធ្នូ ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកស្រី Linda Reynolds រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​គូសបញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា នឹង​បន្ត​បោះទុន​ពង្រឹងសមត្ថភាព​យោធា​អូស្ត្រាលី ដើម្បី​កំញើញ​ឥរិយាបថ​គ្រោះថ្នាក់​ប្រឆាំង​ប្រយោជន៍​អូស្ត្រាលី​។ អូស្ត្រាលី នឹង​ចាប់ដៃ​ជាមួយ​អាមេរិក​ដើម្បី​សម្រេច​គោលដៅ​នេះ​។​
 
​ទោះ​ហៅ​ការបង្កើត​គម្រោង​អភិវឌ្ឍ​មី​ស៊ី​ល​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​នេះ​ជា​ជោគជ័យ​មួយ អ្នកស្រី​រដ្ឋមន្ត្រី ពុំបាន​បង្ហើប​តម្លៃ​នៃ​អភិវឌ្ឍ​មី​ស៊ី​ល​នេះ ឬក៏​ពេលវេលា​ដែល​ពួកវា​អាចដាក់​ឲ្យ​ប្រើប្រាស់​ឡើយ​។ អ្នកស្រី Reynolds អះអាងថា ការពង្រឹង​យោធា​អូស្ត្រាលី​នេះ ក៏​ផ្តល់​ផលចំណេញ​ដល់​តំបន់ សម្ព័ន្ធ និង​ដៃគូ​សន្តិសុខ​របស់​អូស្ត្រាលី​។ ត្រង់ចំណុច​នេះ អ្នកស្រី​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​យើង​រក្សា​ការតាំង​ចិត្ត​ចំពោះ​សន្តិភាព និង​ស្ថិត​ភាព​ក្នុង​តំបន់ ហើយ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែលមាន​វឌ្ឍនភាព បើកចំហ និង​បរិ​យាប​ន្ន​»​។​
 
​អនុរដ្ឋលេខាធិការ​ស្តីទី​ក្រសួង​ការពារ​អាមេរិក លោក Michael Kratsios បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គម្រោង​ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា «Southern Cross Integrated Flight Research Experiment (SCIFiRE)» ជា​កិច្ចសហការ​រយៈពេល​១៥​ឆ្នាំ​រវាង​យោធា​អាមេរិក​និង​អូស្ដ្រាលី​។ «​គំនិត​ផ្ដួចផ្ដើម​នេះ នឹងមាន​សារសំខាន់​ក្នុង​អនាគត​នៃ​ការអភិវឌ្ឍ និង​កិច្ចការ​ស្រាវជ្រាវ​បច្ចេកវិទ្យា hypersonic»​។ លោក Kratsios បញ្ជាក់​បែបនេះ ហើយ​បន្តថា គម្រោង​នេះ ក៏​នឹង​ធានាថា អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ដឹកនាំ​ពិភពលោក​ដោយមាន​សម​ត្ថ​ភាព​យោធា​ជឿនលឿន​។  
 
​ក្នុង​ឆ្នាំ​២០២០ អូស្ត្រាលី បាន​ត្រៀម​ទុក​កញ្ចប់​ថវិកា​រហូតដល់​៦,៨​ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រយៈ​ចម្ងាយ​វែង និង​ល្បឿន​លឿន ក្នុងនោះ​ក៏មាន ការស្រាវជ្រាវ​លើ​បច្ចេកវិទ្យា hypersonic ផងដែរ​។ កាលពី​ខែកក្កដា អូស្ត្រាលី បានប្រកាសថា ខ្លួន​នឹង​បង្កើន​ការចំណាយ​ការពារជាតិ​៤០​ភាគរយ ក្នុងពេល​១០​ឆ្នាំ​ដើម្បី​សម្រេច​ឲ្យ​បាន​សមត្ថភាព​វាយប្រហារ​រយៈ​ចម្ងាយ​វែង​ជាង​មុន​ទាំង​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក​។ 
 
​រុស្ស៊ី បានដាក់​ពង្រាយ​មី​ស៊ី​ល​ប្រភេទ Hypersonic លើកដំបូង កាលពី​ឆ្នាំមុន  ខណៈ​មន្ទីរ​បញ្ច​កោណ​អាមេរិក បានធ្វើ​តេស្ត​មី​ស៊ី​ល Hypersonic ដូចគ្នានេះ​ក្នុង​ឆ្នាំ​២០១៧​។ ចំណែក ចិន​ឯណោះ​វិញ ត្រូវបាន​អ្នកវិភាគ​សន្តិសុខ​វាយតម្លៃថា បានដាក់​ពង្រាយ ឬ​ហៀបនឹង​ដាក់​ពង្រឹង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រភេទ Hypersonic នេះដែរ​។​
 
​យ៉ាងណាមិញ ការសហការ​អភិវឌ្ឍ​មី​ស៊ី​ល​រវាង​អូស្ត្រាលី​និង​សហរដ្ឋអាមេរិក អាច​បង្កើន​ភាព​តានតឹង​បន្ថែមទៀត​ក្នុង​ចំណងទាក់ទង​រវាង​អូស្ដ្រាលី និង​ចិន​។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ធ្លាក់ចុះ​ទាប​ខ្លាំង ហើយ​ព្រឹត្តិការណ៍​ប៉ះទង្គិច​ចុងក្រោយបង្អស់​គឺ ក្រោយពី​អូស្ត្រាលី​បាន​រកឃើញថា ចិន​ប្រើ​យុទ្ធនា​ការឃោសនា​មួលបង្កាច់​អូស្ត្រាលី​ពាក់ព័ន្ធ​នឹង​រូបភាព​ទា​ហន​អូស្ត្រាលី​ម្នាក់​កាន់​កាំបិត​ប្រឡាក់​សុទ្ធតែ​ឈាម​កាត់​បំពង់ក​កូនក្មេង​អា​ហ្វ​ហ្កា​នី​ស្ថាន​ម្នាក់​។​
 
​មែនទែនទៅ ទំនាក់ទំនង​អូស្ត្រាលី​និង​ចិន បានចាប់ផ្ដើម​ល្អក់កករ​ខ្លាំង ក្រោយ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា បានទាមទារ​ឲ្យ​បើក​ការស៊ើបអង្កេត​រក​ប្រភពដើម​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ផ្ទុះឡើង​ដំបូង​នៅ​ចិន​។ ជាការ​សក​សឹង ចិន​បានដាក់​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អូស្ត្រាលី​ជា​បន្តបន្ទាប់​។ 
 
 

Tag:
 អាមេរិក​
  អូស្ត្រាលី​
  មី​ស៊ី​ល Hypersonic
© រក្សាសិទ្ធិដោយ thmeythmey.com