កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton ម្ចាស់​ជើងឯក F1 ឆ្លង COVID-19
01, Dec 2020 , 5:16 pm        
រូបភាព
Lewis Hamilton កំពូល​កីឡាករ​ប្រណាំង​រថយន្ត Formula One បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 បន្ទាប់ពី​ឈ្នះ​ការប្រណាំង Bahrain Grand Prix ក្នុងប្រទេស​បា​រ៉ែ​ន  នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ Hamilton ត្រូវ​ខកខាន​ក្នុង​កម្មវិធី Sakhir Grand Prix ចុង​សប្តាហ៍​នេះ ខណៈ Mercedes មិនទាន់​ប្រកាស​អ្នកបើក​ជំនួស​នៅឡើយ​។​


​បើតាម​ការបញ្ជា​ក់រប​ស់​ស្ថាប័ន​គ្រប់គ្រង​កីឡា​ប្រណាំង​រថយន្ត​ពិភពលោក (FIA) Hamilton នឹង​មិនអាច​ចូលរួម​ប្រណាំង​នៅ​ទីលាន​ទី​១៦ ក្នុងប្រទេស​បា​រ៉ែ​ន​ឡើយ ព្រោះ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​មួយរយៈ​។ 
 
​ក្រុម​ប្រណាំង Mercedes ក៏បាន​បញ្ជាក់​ដែលថា អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស​វ័យ​៣៥​ឆ្នាំ​រូបនេះ បានចេញ​រោគសញ្ញា​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា មុនពេល​ទៅធ្វើ​តេស្ត​រក​ជំងឺ​រាតត្បាត​សកល​នេះ មុនពេល​ឈ្នះ​ការប្រណាំង​ក្នុង​កម្មវិធី Bahrain Grand Prix មួយថ្ងៃ​ប៉ុណ្ណោះ​។​
 
​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 លើ Hamilton បានធ្វើ​ឲ្យ Mercedes-AMG Petronas F1 សោកស្តាយ​យ៉ាងខ្លាំង​ព្រោះ​កីឡាករ​របស់ខ្លួន​មិនអាច​ចូលរួម​ប្រណាំង​នៅ​សប្តាហ៍​នេះ​។ យ៉ាងណាក៏ដោយ អវត្តមាន​នៅ​ទីលាន​ទី​១៦​នេះ មិន​ប៉ះពាល់​ដល់ Hamilton ឡើយ ដ្បិត​រូបគេ​បាន​ក្លាយជា​ម្ចាស់​ជើងឯក F1 សម្រាប់​រដូវ​កាល​ឆ្នាំ​២០២០​នេះ​រួចទៅហើយ​។​
 
Mercedes នឹង​ត្រូវយក​កីឡាករ​មក​ជំនួស Hamilton ដើម្បី​ប្រជែង​នៅ​កម្មវិធី Sakhir Grand Prix នៅ​ថ្ងៃទី​៦ ខែធ្នូ​ខាងមុខនេះ​៕

Tag:
 Lewis Hamilton
  Formula One
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com