COVID-19
ជាតិ
សម្តេច ហេង សំរិន និងគ្រួសារ ក៏ធ្វើចត្តាឡីស័កដែរ ក្រោយដឹងថាពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
01, Dec 2020 , 5:41 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា (រូបទំព័រហ្វេសប៊ុករបស់សម្តេច ហេង សំរិន)
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា (រូបទំព័រហ្វេសប៊ុករបស់សម្តេច ហេង សំរិន)
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រកាសថា សម្តេច និង ភរិយា រួមទាំងសមាជិកក្នុងគ្រួសារ ចាប់ផ្តើមធ្វើចត្តាឡីស័ក ក្នុងគេហដ្ឋាន ចាំតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មក។ សម្តេច បានបង្ហោះព័ត៌មានពីការធ្វើចត្តាឡីស័កនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១ ខែធ្នូនេះ។


តាមរយៈសារលើបណ្តាញសង្គម សម្តេច ហេង សំរិន ប្រាប់សាធារណជនថា ថ្នាក់ដឹកនាំរដ្ឋសភា សមាជិករដ្ឋសភា និង មន្រ្តីរាជការមួយចំនួនទៀតនៃរដ្ឋសភា បានជាប់ទាក់ទងដោយប្រយោលក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា។ សម្តេច រៀបរាប់ថា សមាជិករដ្ឋសភាម្នាក់ បានពាក់ព័ន្ធជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ (មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃនោះ មានជំងឺកូវីដ-១៩)។

សម្តេច បន្តថា បន្ទាប់មក សមាជិករដ្ឋសភារូបនោះ បានចូលរួមប្រជុំពេញអង្គនៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ហើយពេលសម្រាកពីកិច្ចប្រជុំ សមាជិករដ្ឋសភា បានហូបអាហារថ្ងៃត្រង់ជាមួយគ្នា។ ដោយសារហេតុការណ៍នេះហើយ ទើបសម្តេច និងសមាជិកគ្រួសារ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ទន្ទឹមនឹងនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទំាងមន្រ្តីរាជការទាំងអស់របស់រដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ឲ្យធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់រយៈពេល១៤ថ្ងៃ។

ជាមួយគ្នានេះ សម្តេច អំពាវនាវដល់ប្រជាជន កុំឲ្យភ័យស្លន់ស្លោ តែត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ និង កាត់បន្ថយការជួបជុំ ជាដើម៕

Tag:
 COVID-19
  ហេង សំរិន
  ចត្តាឡីស័ក
  ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
© រក្សាសិទ្ធិដោយ thmeythmey.com