សង្គមអន្តរជាតិ​
អន្តរជាតិ
កម្មករ​រ៉ែ​មាស​ខ្នាតតូច​នៅ​ស៊ីម​បា​វ៉េ​ព្រួយបារម្ភ​ពី​ការវិលត្រឡប់​វិញ​នៃ​អំពើហិង្សា​
02, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ កម្មករ​រ៉ែ​មាស​ម្នាក់​កំពុងធ្វើការ​នៅ​កន្លែង​ជីក​រ៉ែ​មាស​មួយ​នៅ​ភូមិ Mazowe ប្រទេស​ស៊ីម​បា​វ៉េ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​។​
​រូប​ឯកសារ​៖ កម្មករ​រ៉ែ​មាស​ម្នាក់​កំពុងធ្វើការ​នៅ​កន្លែង​ជីក​រ៉ែ​មាស​មួយ​នៅ​ភូមិ Mazowe ប្រទេស​ស៊ីម​បា​វ៉េ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​។​
ដោយ: VOA
​អំពើហិង្សា​ពាក់ព័ន្ធ​នឹង​វិស័យ​រ៉ែ​មាស​នៅ​ស៊ីម​បា​វ៉េ​បានសម្លាប់​មនុស្ស​រាប់រ​យ​នាក់​កាលពី​ឆ្នាំ ២០១៩ និង​នៅ​ដើមឆ្នាំ ២០២០​។ នេះ​បើ​យោងទៅតាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ (International Crisis Group)​។​
 
​អំពើហិង្សា​ខាងលើ​កើតចេញពី​ការវាយប្រហារ​គ្នា​ដណ្តើមយក​មាស​ក្នុងចំណោម​កម្មករ​រ៉ែ ឬ​ក្រុម​ជន​អន្ធពាល​យក​កាំភ្លើង​មក​ភ្ជង់​ប្លន់​កម្មករ​រ៉ែ​។​
 
​អ្នកស្រី Anouk Rigterink គឺជា​អតីត​អ្នកស្រាវជ្រាវ​នៃ​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ ដែល​បានរួម​ចំណែក​ដល់​របា​យ​ការណ៍​នេះ​។ អ្នកស្រី​និយាយថា ការប្រយុទ្ធ​គ្នា​បាន​បង្ក​ជា​បញ្ហា​ចោទ​សម្រាប់​ការវិនិយោគ​នៅក្នុង​វិស័យ​រ៉ែ​មាស​នៅ​ស៊ីម​បា​វ៉េ​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​វា​សំខាន់​ផងដែរ​នៅក្នុង​ការវាយតម្លៃ​ថា​តើ​អំពើហិង្សា​នេះ​ប៉ះពាល់​កម្រិតណា​ទៅលើ​ការទាក់ទាញ​វិនិយោគិន​ក្នុង​រយៈពេល​វែង​នៅ​ស៊ីម​បា​វ៉េ​។ អំពើហិង្សា​ធ្វើ​ឲ្យ​ការវិនិយោគ​នៅក្នុង​វិស័យ​រ៉ែ​មាស​នៅ​ស៊ីម​បា​វ៉េ​កាន់​តែមាន​ហានិភ័យ​។ [​ស្ថានភាព​]​នេះ​ទាក់ទាញ​ប្រភេទ​វិនិយោគិន​រយៈពេល​ខ្លី គឺ​សម្រាប់តែ​អ្នក​ដែល​ចង់​រកលុយ​បាន​លឿន​តាមរយៈ​ការ​ប្រឡូក​ក្នុង​ជំនួញ​បែប​បក្ខពួកនិយម​។ ប៉ុន្តែ​អ្វីដែល​ស៊ីម​បា​វ៉េ​ត្រូវការ​ពិតប្រាកដ​នោះ​គឺ​ការទទួលបាន​អ្នកវិនិយោគ​កាន់តែច្រើន រួមមាន អ្នកវិនិយោគ​មាន​មូលធន​រយៈពេល​យូរ​ដែល​ចង់​អភិវឌ្ឍ​វិស័យ​រ៉ែ ហើយ​អំពើហិង្សា​គឺ​មិនល្អ​នោះទេ​សម្រាប់​ការវិនិយោគ​បែបនេះ​ទេ​»​។​
 
​មាស​គឺជា​ធនធាន​រក​ចំណូល​ពី​បរទេស​ធំជាងគេ​បង្អស់​របស់​ស៊ីម​បា​វ៉េ​។ ហើយ​ប្រទេស​នេះ​សង្ឃឹមថា អាជីវកម្ម​រ៉ែ​មាស​នឹង​ជួយ​ជំរុញ​ដល់​ការ​រើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​មានការ​រឹតត្បិត​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​
 
​លោក Felix Muchemwa គឺជា​កម្មករ​រ៉ែ​មួយរូប​នៅ​តំបន់ Mazowe ដែល​សម្បូរ​ទៅដោយ​រ៉ែ​មាស ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី​ហា​រ៉ា​រ៉េ​។ លោក​និយាយថា ពេលខ្លះ ក្រុម​ជន​អន្ធពាល​ប្រដាប់​កាំបិតផ្គាក់​ចូលមក​វាយប្រហារ​លើក​ម្មករ​រ៉ែ​មាស​។​
 
​លោក​ថ្លែងថា​៖ «​ពេលខ្លះ​នៅពេល​ពួកវា​មក យើង​រត់​។ ប៉ុន្តែ​ប្រសិនបើជា​ពួកវា​លួច​វាយប្រហារ​ពេលយប់​វិញ យើង​ប្រាកដជា​ជួប​បញ្ហា​ហើយ​។ តែ​ប្រសិនបើ​យើង​មាន​អារម្មណ៍​ថា វា​ជ្រុល​ពេក យើង​ប្រមូលគ្នា ហើយ​វាយតប​ទៅវិញ​។ ពួកវា​អាច​រត់​ទៅវិញ ឬ​យកឈ្នះ​ពួកយើង​។ ការ​រែង​មាស​គឺ ការព្យាយាម​រកលុយ​ដើម្បី​បំពេញ​ជីវភាព​គ្រួសារ​របស់​ពួកយើង​»​។​
 
​លោក Kazembe Kazembe រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស៊ីម​បា​វ៉េ ទទួលបន្ទុក​ផ្នែក​នគរបាល និយាយថា រដ្ឋាភិបាល​មិន​អត់ឱន​ចំពោះ​ភាពវឹកវរ​នៅក្នុង​វិស័យ​រ៉ែ​មាស​នោះទេ​។​
 
​លោក​ថ្លែងថា​៖ «​ប្រសិនបើ​មានរឿង​កើតឡើង​ដូច្នេះ យើង​មានការ​ត្រៀមលក្ខណៈ​រួចជាស្រេច​ដើម្បី​ដោះស្រាយ ដូចដែល​យើង​បានធ្វើ​កាលពី​គ្រា​មុន​។ ប៉ុន្តែ​យើង​មិន​រំពឹងថា នឹងមាន​សកម្ម​ភាពខុស​ច្បាប់​បែប​នោះ​នោះទេ​។ យើង​ស្នើ​ឲ្យ​កម្មករ​រ៉ែ​មាស​គោរព​ច្បាប់ និង​ធ្វើ​អ្វីដែល​ស្របច្បាប់​»​។​
 
​អំពើហិង្សា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នា​ឆ្នាំនេះ ចាប់តាំងពី​ពេល​មានការ​រឹតត្បិត​ដោយសារ​ជំងឺ​កូ​វីដ​១៩ រួចមក​។ ហើយ​អំពើហិង្សា​មិនទាន់​វិលត្រឡប់​មកវិញ​នោះទេ បើទោះបីជា​មានការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​សន្សឹមៗ​ក៏ដោយ​ចាប់តាំងពី​ខែសីហា​មក​។​
 
​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ និយាយថា ប្រសិនបើ​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​ចង់​បន្ត​រក្សា​ស្ថានភាព​ស្ងប់ស្ងាត់​ដូចនេះ ហើយ​កាត់បន្ថយ​ការ​លួច​ប្លន់​ក្នុង​វិស័យ​រ៉ែ​មាស ដែល​បានធ្វើ​ឲ្យ​ប្រទេស​ខាតបង់​ប្រាក់ចំណូល​យ៉ាងច្រើន រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​ត្រូវ​ផ្តល់​ការទទួលស្គាល់​ផ្លូវច្បាប់​ដល់​សហ​រណ៍​វិស័យ​រ៉ែ និង​បង់ថ្លៃ​ឲ្យ​បាន​សមស្រប​ទៅ​ឲ្យ​កម្មករ​រ៉ែ​មាស​តាម​អត្រា​ថ្លៃឈ្នួល​នៅលើ​សាកលលោក​។​
 
​អង្គការ​នេះ​បន្តថា ធ្វើបែបនេះ ធនធាន​មាស​របស់​ស៊ីម​បា​វ៉េ​អាចជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​ដ៏​ទន់ខ្សោយ​របស់​ប្រទេស​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com