ជាតិ
សង្គមជាតិ
ផ្សារទំនើបអ៊ីអន១បើកដំណើការឡើងវិញ តែមិនអនុញ្ញាតឲ្យអ្នកមានកម្តៅ៣៧,៥អង្សាចូលឡើយ 02, Dec 2020 , 11:33 am
រូបពីទំព័រហ្វេសប៊ុករបស់ផ្សារទំនើបអ៊ីអន
× ភ្នំពេញ៖ ផ្សារទំនើបអ៊ីអន១នឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី២ ខែធ្នូនេះ ប៉ុន្តែកំណត់លក្ខខណ្ឌមិនឲ្យអ្នកមានកម្តៅចាប់ពី៣៧,៥អង្សា ចូលផ្សារឡើយ ។ នេះបើតាមការផ្សាយព័ត៌មានពីទំព័រហ្វេសប៊ុករបស់ផ្សារទំនើបអ៊ីអន១ ដែលទទួលបានការអនុញ្ញាតឲ្យបើកឡើងវិញពីរដ្ឋាភិបាល។
មុនអនុញ្ញាតឲ្យមនុស្សចូលក្នុងផ្សារទំនើបនោះបាន គឺត្រូវឆ្លងកាត់ការវាស់កម្តៅដោយម៉ាស៊ីនស្វ័យប្រវត្តិ និងបាញ់ទឹកអាល់កុល ដែលមានបុគ្គលិកផ្សារចាំត្រួតពិនិត្យ ។ ចំណែកពលរដ្ឋ ដែលចូលផ្សារអ៊ីអន ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នាយ៉ាងតិច១,៥ម៉ែត្រ។ នេះបើតាមការផ្សាយរបស់ផ្សារទំនើបអ៊ីអន១។
គិតមកដល់ថ្ងៃទី២ ខែធ្នូនេះ ក្រសួងសុខាភិបាលបានរកឃើញ និងធ្វើតេស្តមនុស្សចំនួន៨,២១២នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ បើគិតជាចំនួនសំណាក ក្រសួងបានធ្វើតេស្តចំនួន២,៩១៧សំណាក ដោយលទ្ធផល គឺអវិជ្ជមានកូវីដ-១៩ ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ពួកគេទាំងអស់នោះនឹងបន្តធ្វើតេស្តចំនួន២លើកទៀត លើកទី២នៅថ្ងៃទី៨ ខែធ្នូ លើកទី៣ នៅថ្ងៃទី១២ ខែធ្នូ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន៣២៩នាក់ ជាសះស្បើយចំនួន៣០៤នាក់ និងនៅសល់ចំនួន២៥នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕
© រក្សាសិទ្ធិដោយ thmeythmey.com