រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Bar បានបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក រកមិនឃើញភស្តុតាងពាក់ព័ន្ធការលួចបន្លំទ្រង់ទ្រាយធំក្នុងការបោះឆ្នោត ដែលអាចផ្លាស់ប្តូរលទ្ធផលបរាជ័យរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទល់នឹងលោក ចូ បៃឌិន ក្នុងការបោះឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកាឡើយ។ ការប្រកាសនេះ គឺផ្ទុយនឹងការប្ដឹងតវ៉ារបស់លោក ត្រាំ ដែលនៅតែមិនទាន់ព្រមទទួលស្គាល់លទ្ធផលឆ្នោតដដែល ហើយបន្តចោទគ្មានភស្តុតាងថា ការបោះឆ្នតមានការលួចបន្លំ។
ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានអាមេរិក AP រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក William Barr ដែលត្រូវបានមើលឃើញថាជាមនុស្សជំនិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) និងក្រុមរដ្ឋអាជ្ញា បានធ្វើការលើបណ្ដឹងតវ៉ានិងព័ត៌មានពាក់ព័ន្ធការលួចបន្លំការបោះឆ្នោតដែលពួកគេទទួលបាន។ ក៏ប៉ុន្តែលោកសង្កត់ធ្ងន់ដូច្នេះថា មកទល់ពេលនេះ គ្មានឃើញមានការលួចបន្លំក្នុងកម្រិតមួយ ដែលអាចផ្លាស់ប្តូរលទ្ធផលក្នុងការបោះឆ្នោតឡើយ។
ការលើកឡើងរបស់លោក Barr នេះ ធ្វើឡើងខណៈក្រុមឃោសនាលោក ត្រាំ ព្យាយាមបញ្ជាក់ថា ពិតជាមានការលួចបន្លំការបោះឆ្នោតក្នុងរដ្ឋគន្លឹះ ដូចជា រដ្ឋ Georgia, Michigan, Pennsylvania និងរដ្ឋដទៃទៀត ដោយសង្ឃឹមរារាំងជ័យជម្នះលោក ចូ បៃឌិន ដែលនឹងត្រូវកំណត់ជាផ្លូវការក្នុងការបោះឆ្នោតរបស់ប្រតិភូបោះឆ្នោតនាថ្ងៃទី១៤ ខែធ្នូ។
ជាមួយការឈ្នះប្រតិភូបោះឆ្នោត ៣០៦ លោក បៃឌិន កាន់កាប់ប្រតិភូបោះឆ្នោតលើសច្រើនគួរសម បើធៀបនឹងចំនួនត្រូវការ ២៧០ ។ មិនត្រឹមតែទទួលបានប្រតិភូបោះឆ្នោតលើសលោកត្រាំដែលទទួលត្រឹមតែ២៣២ ប្រធានាធិបតីជាប់ឆ្នោត បៃឌិន ថែមទាំងទទួលបានសន្លឹកឆ្នោតគាំទ្រពីប្រជាជនអាមេរិកលើសលោក ត្រាំ ជាង៦លានសន្លឹកផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍តបនឹងការប្រកាសរបស់លោក Barr លោក Rudy Guilian និងអ្នកស្រី Jenna Ellis មេធាវីលោកត្រាំ បានលើកឡើងថា ការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌អាមេរិក មិនបញ្ជាក់តថភាពក្នុងការបោះឆ្នោតអាមេរិកឡើយ។ «យើងនឹងបន្តស្វែងរកការពិតតាមរយៈប្រព័ន្ធតុលាការ និងអង្គនីតិបញ្ញត្តិ»។ មេធាវីលោក ត្រាំ ទាំងពីរនាក់ បញ្ជាក់បន្ថែមបែបនេះ។
កន្លងទៅ ក្រុមឃោសនាលោក ត្រាំ បានអះអាងថា ដំណើរការបោះឆ្នោតអាមេរិក មានការលួចបន្លំ ក្រោមរូបភាពជាច្រើនដូចជា សន្លឹកឆ្នោតមានច្រើនជាងអ្នកមានសិទ្ធិបោះឆ្នោត ឈ្មោះខ្មោចរាប់ពាន់នាក់ចេញទៅបោះឆ្នោត សន្លឹកឆ្នោតក្លែងក្លាយ និងម៉ាស៊ីនរាប់សន្លឹកឆ្នោតត្រូវកែឲ្យចេញលទ្ធផលលោក បៃឌិន ឈ្នះ ជាដើម។ ស្ទើរតែទាំងអស់នៃបណ្ដឹងរបស់ពួកគេ ត្រូវបានតុលាការបដិសេធ ព្រោះតែខ្វះខាតព័ស្តុតាងរឹងមាំ។
ទាក់ទិននឹងការអះអាងថាការកេងបន្លំតាមរយៈម៉ាស៊ីនរាប់សន្លឹកឆ្នោត លោក Bar ដែលត្រូវតែងតាំងផ្ទាល់ដោយលោក ត្រាំ និយាយថា ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ បានត្រួតពិនិត្យលើបញ្ហានេះ ហើយគ្មានរកឃើញអ្វីខុសប្រក្រតីធំដុំនោះឡើយ។
ថ្ងៃតែមួយនៃការចុះផ្សាយកិច្ចសម្ភាសលោក លោក Barr ក៏ត្រូវបានកោះហៅឲ្យទៅចូលរួមកិច្ចប្រជុំមួយ នៅសេតវិមានអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន បានរាយការណ៍ថា លោក ត្រាំ មិនសូវសប្បាយចិត្តជាមួយក្រសួងយុត្តិធម៌អាមេរិកត្រង់ថា ពួកគេមិនប្រឹងប្រែងគាំទ្រលោក ហើយលោក Barr ត្រូវបានរាយការណ៍ថា អាចនឹងត្រូវអស់តំណែងទៀតផង។
ទោះបីជាប្រធានាធិបតីផុតអាណត្តិ មិនទាន់ព្រមចុះចាញ់ លោក បៃឌិន ដែលនឹងស្បថចូលកាន់តំណែងនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ចាប់ផ្ដើមដំណើរការផ្ទេរអំណាច ដោយញាប់ដៃញាប់ជើងរៀបចំគណៈរដ្ឋមន្ត្រី។ មកដល់ពេលនេះ លោករើសប្រធានបុគ្គលិកសេតវិមាន ក្រុមការងារសន្តិសុខជាតិ សេដ្ឋកិច្ច និងការបរទេស៕