COVID-19
អន្តរជាតិ
អ្នកទេសចរដែលទៅខេត្តឈៀងម៉ៃ ហើយឆ្លងកូវីដ-១៩ នឹងបានលុយជាង៣ពាន់ដុល្លារ
02, Dec 2020 , 1:40 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ខេត្តឈៀងម៉ៃ ប្រទេសថៃ ទីដែលករណីឆ្លងជំងឺកូវីដ-១៩ កំពុងងើបឡើង បានសន្យាផ្ដល់លុយ១សែនបាត ដែលស្មើនឹងជាង៣៣០០ដុល្លារដល់អ្នកទេសចរទាំងឡាយដែលទៅកាន់ខេត្តនេះ ហើយឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី។ កម្មវិធីថ្មីនេះ ជាការបង្កើនទំនុកចិត្តដល់អ្នកទេសចរក្នុងស្រុក ដែលក្លាយជាប្រភពចំណូលដ៏សំខាន់របស់ខេត្ត ស្របពេលដែលចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះយ៉ាងគំហុកនោះ។


ទឹកប្រាក់ជាង៣៣០០ដុល្លារ ដែលជាទឹកប្រាក់សំណង នឹងត្រូវផ្ដល់ឲ្យទេសចរដែលទៅលេងខេត្តឈៀងម៉ៃ ហើយឆ្លងជំងឺកូវីដ-១៩ ។ ក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ឈៀងម៉ៃ និងក្រុមប្រឹក្សា៧ទៀតដែលធ្វើការលើវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ ជាអ្នកចេញកម្មវិធីផ្ដល់ប្រាក់នេះ ក្នុងគោលបំណងជំរុញទំនុកចិត្តរបស់ទេសចរលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរខេត្ត ខណៈមានករណីឆ្លងថ្មីដែលធ្វើឲ្យមនុស្សប្រមាណ៣០០នាក់ ប្រឈមមុខការឆ្លង។

កាសែតបាងកកប៉ុស្តិ៍ផ្សាយថា ករណីឆ្លងចំនួន៤ ត្រូវបានបញ្ជាក់ក្នុងខេត្តទេសចរមួយនេះ ដោយករណីដំបូងជាស្រ្តីជនជាតិថៃ ធ្វើការនៅកន្លែងកម្សាន្តនៅមីយ៉ាន់ម៉ា ហើយធ្វើតេស្តវិជ្ជមាននៅទឹកដីថៃនាពេលកន្លងមក។

លោក Phanlop Saechiew ប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ខេត្ត និយាយថា ការកក់បន្ទប់សណ្ឋាគារ៥ភាគរយ ត្រូវបានលុបចោលក្រោយការផ្ទុះករណីឆ្លងចុងក្រោយ។ លោកបន្តថា ការផ្ដល់លុយមួយសែនបាតខាងលើ ជាការផ្ដល់ការធានាដល់អ្នកទេសចរទាំងអស់ដែលទៅលេងឈៀងម៉ៃ ហើយមានករណីស្លាប់នោះ ខាងលោកនឹងផ្ដល់លុយមួយលានបាតដែលស្មើនឹងជាង៣ម៉ឺនដុល្លារ។

បើតាមលោក Phanlop ខែធ្នូ ជាពេលវេលាដែលអ្នកទេសចរទាំងក្នុងស្រុក ទាំងបរទេសសម្រុកទៅខេត្តភាគខាងជើងមួយនេះ ប៉ុន្តែការរាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យមានការបិទជើងហោះហើរជាច្រើន ដែលការណ៍តម្រូវឲ្យខេត្តឈៀងម៉ៃ ដាក់គោលដៅទាក់ទាញពលរដ្ឋក្នុងស្រុកដើម្បីជំរុញវិស័យទេសចរណ៍វិញ។ សំដៅធានាទំនុកចិត្តពីសំណាក់ប្រជាជន លោក Phanlop អះអាងថា អ្នកដែលពាក់ព័ន្ធករណីប្រមាណ៩៥ភាគរយ ត្រូវបានដាក់នៅដោយឡែកអស់ហើយ៕

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com