សង្គមអន្តរជាតិ​
អន្តរជាតិ
វៀតណាម​ជា​ប្រទេស​ទី​៦ នៅ​អាស៊ាន​ផ្ញើលិខិត​អបអរ​លោក បៃ​ឌិន​
02, Dec 2020 , 8:29 pm        
រូបភាព
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោកង្វៀន ភូជុង (ខាងឆ្វេង) ជល់កែវជាមួយ លោកចូ បៃឌិន នៅក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។ រូបភាព៖ AFP
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោកង្វៀន ភូជុង (ខាងឆ្វេង) ជល់កែវជាមួយ លោកចូ បៃឌិន នៅក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។ រូបភាព៖ AFP
​អគ្គលេខាបក្ស​កុម្មុយនីស្ត និង​ប្រមុខរដ្ឋ​វៀតណាម លោក ង្វៀន ភូ​ជុង និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន ស៊ួ​ន​ហ្វុ​ក នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​ផ្ញើលិខិត​អបអរសាទរ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ថ្មី លោក ចូ បៃ​ឌិន​។ វៀតណាម គឺជា​ប្រទេស​ទី​៦​ហើយ ដែល​បាន​ផ្ញើលិខិត​អបអរសាទរ​នេះ បន្ទាប់ពី​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ សិង្ហ​បុរី និង​ហ្វីលីពីន​។
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​វៀត​ណា​ម មេដឹកនាំ​កំពូល​វៀតណាម ពីររូប បាន​ផ្ញើ​សារ​សាទរ លោក ចូ បៃ​ឌិន ប្រធានាធិបតី​ជាប់ឆ្នោត ខណៈ​អនុ​ប្រធានាធិបតី​វៀតណាម លោកស្រី Dang Thi Ngoc Thinh ក៏បាន​ចេញ​សារ​អបអរ​លោកស្រី កា​ម៉ា​ឡា ហារី​ស អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ផងដែរ​។ 
 
​ក្នុង​លិខិត​លិខិត​អបអរ​រៀងៗ​ខ្លួន លោក​ង្វៀន ភូ​ជុង អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​ប្រមុខរដ្ឋ​វៀតណាម និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បានបញ្ជាក់​ពី ទំនាក់ទំនង​យ៉ាងរឹងមាំ​រវាង​ប្រទេស​ពីរ ដែល​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង ក្នុង​រយៈពេល ២៥​ឆ្នាំ​ចុង​ក្រោយនេះ​។ បើតាម​មេដឹកនាំ​វៀតណាម​ទាំងពីរ រដ្ឋាភិបាល​ហាណូយ សង្ឃឹមថា ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ នឹង​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​, ប្រសិទ្ធភាព និង​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​។ 
 
​ជាមួយគ្នានេះ វៀតណាម មាន​ទំនុកចិត្ត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ហាណូយ នឹង​សហការគ្នា​បន្ថែមទៀត ដើម្បី​លើកតម្កើង​សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ច​សហប្រតិបត្តិ និង​ការអភិវឌ្ឍ ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។ 
 
​ក្រៅ​ការអបអរសាទរ ថ្នាក់ដឹកនាំ​កំពូល​វៀតណាម ក៏បាន​អញ្ជើញ លោក បៃ​ឌិន និង​លោកស្រី ហារី​ស ឲ្យ​មក​ទស្សនកិច្ច​នៅ​វៀតណាម​ផងដែរ​។ កន្លងមក លោក​បៃ​ឌិន បានប្រកាស​ពី​របៀបវារៈ​នៃ​គោលនយោបាយ​ការបរទេស​អាមេរិក​ថ្មី និង​ការពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ម្ព័​ន្ធ​មិត្ត​នៅក្នុង​តំបន់ អាស៊ី​-​បា​ស៊ី​ហ្វិ​ក​។ 
 
​សូមបញ្ជាក់ថា វៀតណាម និង​អាមេរិក បានចាប់ផ្តើម​ភ្ជាប់​ការទូត​ជាមួយគ្នា​ឡើងវិញ​នៅក្នុង​ឆ្នាំ ១៩៩៥ បន្ទាប់ពី​ធ្វើសង្គ្រាម​ជាមួយគ្នា​នៅក្នុ្ង​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​២ ដែលជា​សង្គ្រាម​បង្រួបបង្រួម​វៀតណាម​។ ទំហំ​ពាណិជ្ជកម្ម​វៀតណាម និង​អាមេរិក បាន​កើន​ពី ៤៥០​លាន​ដុល្លារ ដល់ ៧៧​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ២០១៩​។ លើសពីនេះ រដ្ឋាភិបាល​ក្រុង​ហាណូយ និង​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ពង្រឹង​ទំនាក់ទំនង​ការទូត​យ៉ាងខ្លាំង​ផងដែរ ដើម្បី​ទប់​នឹង​ឥទ្ធិពល​ចិន នៅក្នុង​តំបន់​អាស៊ី​- បា​ស៊ី​ហ្វិ​ក​។​
 
​កន្លងទៅ​ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​អាមេរិក បានមក​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ជា​បន្តបន្ទាប់​។ ក្នុងនោះ​មានដូចជា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​៕  

Tag:
 អាមេរិក​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com