ជាតិ
សុខភាព
រដ្ឋាភិបាលកម្ពុជា ដាក់គោលដៅបញ្ចប់ការឆ្លងជំងឺអេដស៍ទាំងស្រុង ត្រឹមឆ្នាំ២០២៥ 02, Dec 2020 , 10:29 pm
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំបញ្ចប់ការចម្លងជំងឺអេដស៍ឲ្យបានទាំងស្រុង នៅឆ្នាំ២០២៥ មុនគោលដៅកំណត់របស់អង្គការសហប្រជាជាតិរយៈពេល៥ឆ្នាំ ដែលកំណត់នៅឆ្នាំ២០៣០។ ប្រមុខរដ្ឋាភិបាល បង្ហាញឆន្ទៈនេះ តាមរយៈសារលិខិត ដែលចេញក្នុងឱកាលទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃ១ ខែធ្នូ ឆ្នាំ២០២០។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូនេះ គឺធ្វើឡើងក្រោមធានបទ «សាមគ្គីភាពជាសាកល និងការទទួលខុសត្រូវរួមគ្នា» ដើម្បីបង្ហាញការគាំទ្រដល់អ្នកផ្ទុកនិងអ្នករងផលប៉ះពាល់ពីមេរោអេដស៍។
សម្ដេច ហ៊ុន សែន អះអាងថា ការចូលរួមប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ គឺជាការចូលរួមទទួលខុសត្រូវក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដែលអង្គការសហប្រជាជាតិបានកំណត់ថា ឲ្យអស់អេដស៍នៅឆ្នាំ២០៣០។ ជាមួយគ្នាដែរ សម្ដេច ក៏បានបង្ហាញពីរបាយការណ៍នៃអ្នកផ្ទុកមេរោគអេដស៍ថា បច្ចុប្បន្ននេះ អ្នកផ្ទុកមេរោគអេដស៍គ្រប់វ័យមានជាង៧,៣ម៉ឺននាក់ ក្នុងនោះបានទទួលឱសថប្រឆាំងមេរោគអេដស៍៩៦ភាគរយៈ។ ចំណែកអ្នកឆ្លងជំងឺអេដស៍ ក៏បានថយចុះគួរឲ្យកត់សម្គាល់ដែរ គឺមានចំនួនប្រមាណ១៩០០នាក់ នៅឆ្នាំ២០១០ មកនៅត្រឹម៧៨០នាក់នៅឆ្នាំ២០១៩។
សម្តេច សរសេរក្នុងសារលិខិតថា៖«សមិទ្ធផលទាំងនេះ កំពុងតែបង្ហាញឲ្យឃើញនូវសញ្ញាវិជ្ជមានលើប្រសិទ្ធភាពនិងគុណភាពខ្ពស់នៃកិច្ចអន្តរាគមន៍របស់យើង ក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបានគោលដៅ ៩៥ ៩៥ ៩៥ ឬគោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥ គឺ៥ឆ្នាំមុនកាលកំណត់របស់អង្គការសហប្រជាជាតិ»។
ដើម្បីសម្រេចគោលដៅនេះបាន កម្ពុជានឹងអនុវត្តទៅតាមកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ដែលឈរលើមូលដ្ឋាន៣។ មូលដ្ឋានទី១ គឺភាពម្ចាស់ការនិងភាពជាអ្នកនាំមុខ ក្នុងនោះរដ្ឋាភិបាលកំពុងដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារប្រយុទ្ធប្រឆ្នាំងនឹងជំងឺអេដស៍លើគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ មូលដ្ឋានទី២ គឺភាពជាដែគូ ដែលរដ្ឋាភិបាលកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធនិងដោយប្រសិទ្ធភាពជាមួយដៃគូទាំងអស់រួមមាន ប្រទេសផ្ដល់ជំនួយ អង្គការអន្តរជាតិជាដើម។ មូលដ្ឋានទី៣ គឺការវិនិយោគ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ពិភពលោកបានចមណាយទុនរាប់ពាន់លានដុល្លារ។
ដោយឡែក កម្ពុជា មានមូលនិធិសាកលនិងដៃគូអភិវឌ្ឍដទៃទៀតបានចំណាយធនធានជាច្រើនរយលានដុល្លាររួមមមហើយ។ លើសពីនេះ រដ្ឋបានបង្កើនថវិកាក្នុងកម្មវិធីអេដស៍កាន់តែច្រើនឡើងៗជាទៀងទាត់ ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រមុខរដ្ឋាភិបាល រំពឹងថា កម្ពុជា នឹងសម្រេចគោលដៅ៣គឺ គ្មានអ្នកឆ្លងថ្មី គ្មានអ្នកស្លាប់ និងគ្មានអ្នករើសអើងដោយសារមេរោគអេដស៍៕
© រក្សាសិទ្ធិដោយ thmeythmey.com