ពីនេះ ពីនោះ / មិនយល់...!
«​វិធី​» មានន័យ​ដូច «​ពិធី​» ដែរ​
03, Dec 2020 , 7:29 am        
រូបភាព
​នៅក្នុង​ភាសា​ខ្មែរ ពេលខ្លះ អក្សរ «​វ​» អាច​ផ្លាស់ប្តូរ​ទៅជា អក្សរ «​ព​» បាន​។ ពាក្យ​នោះ នៅមាន​អត្ថន័យ​ដើម​ដដែល ទោះ​បំ​លែង​អក្សរ «​វ​» ទៅជា​អក្សរ «​ព​» ក៏ដោយ​។
 
​តាមពិតទៅ «​វិធី​» និង «​ពិធី​» មានន័យ បែប​ធ្វើ​, បែប​របៀប​, របៀប​កិច្ចការ​; ក្រឹ​តិ​កា ដូចគ្នា​។ តែបើ​សំដៅលើ​របៀប ឬ​បែបផែន​នៃ​កិច្ច​ការដែល​ត្រូវធ្វើ វចនានុក្រម តម្រូវ​ឲ្យ​សរសេរថា «​កម្មវិធី​» ដូចជា​កម្មវិធី​បុណ្យ​ជាដើម​។ រីឯ​ពាក្យ «​ពិធី​» មិន​ប្រើ​បុព្វបទ «​កម្ម​» នោះទេ ដូចជា រៀប​ពិធី​ធ្វើបុណ្យ​, តាំង​ពិធីបួងសួង​ទេវតា​; រៀប​បូជា​តាម​ពិធី​ព្រាហ្មណ៍ ។ ពិធី​វេយ្យាករណ៍ បែប​របៀប​ក្នុង​វេយ្យាករណ៍ ។ ព្រះរាជ​ពិធី របៀប​កិច្ចការ​ធ្វើបុណ្យ​ឬ​ការ​មង្គល​នីមួយ​ក្នុង​ព្រះរាជដំណាក់​ឬ​ក្នុង​ព្រះបរមរាជវាំង ។​
 
 
​ក្រៅពី​ពាក្យ​នេះ​ក៏មាន ពាក្យ ទេវី ឬ ទេពី​, ទេវតា ឬ ទេពតា​, វង្ស ឬ ពង្ស​, វានរ ឬ ពានរ​, វានរី ឬ ពានរី​, វិធី ឬ ពិធី​, វិធុរ ឬ ពិធុរ​, វិន័យ ឬ ពិន័យ​, វិ​ឃាត ឬ ពិឃាត​, វិចិត្រ ឬ ពិចិត្រ​, វិជ័យ ឬ ពិជ័យ​, វិសាខ ឬ ពិសាខ​, វិសាល ឬ ពិសាល​, វិរុទ្ធ ឬ ពិរុទ្ធ​, វិសុទ្ធិ ឬ ពិសុទ្ធិ​, វិសិដ្ឋ ឬ ពិសិដ្ឋ​, វិសេស ឬ ពិសេស​, វិស្ណុ ឬ ពិស្ណុ​, វិរោធ ឬ ពិរោធ ។​ល​។​
 
​ទោះ​ពាក្យ​ខាងលើ អាច​សរសេរ​បាន​ពីរបែប ពោលគឺ មួយ ប្រើ​អក្សរ «​វ​» ហើយ​មួយទៀត ប្រើ​អក្សរ «​ព​» ក៏ដោយ តែ​ពាក្យ​ទាំងនោះ នៅ​រក្សា​អត្ថន័យ​តែមួយ​។ ជាក់ស្តែង ដូចជា​ពាក្យ វង្ស ឬ ពង្ស នៅតែមាន​អត្ថន័យ​ដូចគ្នា​ថា «​ត្រកូល​, ពូជ​, អម្បូរ​»​។ ពាក្យ វង្ស ឬ ពង្ស មិនបាន​ប្រែប្រួល​អត្ថន័យ ដោយសារតែ​ការសរសេរ​ខុសគ្នា​នោះទេ​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com