ជាតិ
ការស្ដារ​ឡើងវិញ​ដំណាំ​ស្រូវ​នៅ​ពោធិ៍សាត់​សម្រេចបាន ៧៥​ភាគរយ​
03, Dec 2020 , 7:59 am        
រូបភាព
ដំណាំស្រូវដែលបានស្ដារឡើងវិញក្រោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់
ដំណាំស្រូវដែលបានស្ដារឡើងវិញក្រោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់
ដោយ:
​ការងារ​ស្ដារឡើងវិញ​ដំណាំ​ស្រូវ​ក្នុង​ខេត្តពោធិ៍សាត់ សម្រេចបាន ៧៥​ភាគរយ​ហើយ លើ​ផ្ទៃ​ដីស្រែ​ប្រមាណ​២​ម៉ឺន​ហិកតា​ដែល​បាន​ខូចខាត​ដោយ​គ្រោះទឹកជំនន់​កន្លងមក គិត​ត្រឹម​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើតាម​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តពោធិ៍សាត់​។​
 
​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ដែល​បាន​ចុះ​ពិនិត្យ​ការងារ​ស្ដារ​ដំណាំ​ស្រូវ ក្នុង​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា បាន​ឲ្យ​Thmeythmey25​ដឹងថា បច្ចុប្បន្ន​ការងារ​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ សម្រេចបាន​ជាង ៧៥​ភាគរយ លើ​ផ្ទៃដី​ដែល​ខូចខាត​។ ផ្ទៃដី​ដែល​នៅ​សេសសល់ នឹង​បន្ត​ស្តារឡើងវិញ​ឲ្យ​សម្រេចបាន ១០០​ភាគរយ ក្នុងពេល​ឆាប់ៗ​នេះ​។ 
 
​បើតាម​របាយការណ៍​មន្ទីរ​កសិកម្ម ដំណាំ​ស្រូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់ រួម​មាននៅ​ស្រុក​បាកាន ជាង ៩​ពាន់​ហិកតា​, ស្រុក​កណ្តៀង​ប្រមាណ ៦​ពាន់​ហិកតា និង​ក្រុង​ពោធិ៍សាត់ មាន​ជាង ៦​ពាន់​ហិកតា​។​
 
​សូម​រំឭកថា ដើម្បី​ស្តារ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្រសួងកសិកម្ម បាន​ចែក​ពូជស្រូវ​ចំនួន ៦,៤៣៤​តោន និង​ពូជ​បន្លែ​ជិត ៥៦​ម៉ឺន​កញ្ចប់ ទៅដល់​កសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក​។ នេះ​បើតាម​របាយការណ៍ របស់​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​២២​វិច្ឆិកា កន្លងមក​។​
 
​គ្រោះទឹកជំនន់​កន្លងមក បាន​ប៉ះពាល់​នៅ​រាជធានី​-​ខេត្ត​ចំនួន​២០ ក្នុងនោះ​មាន​ពលរដ្ឋ​ប្រមាណ ៦០​ម៉ឺន​នាក់ រង​ផលប៉ះពាល់​, មនុស្ស​៤៤​នាក់ បាន​បាត់​បង់ជីវិត  និង​ដំណាំ​កសិកម្ម​ប្រមាណ ៣៨​ម៉ឺន​ហិកតា​ត្រូវបាន​ជន់​លិច​៕
 
  

Tag:
 ពោធិ៍សាត់​
 ​ដំណាំ​ស្រូវ​
 ​ជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com