ជាតិ
សុខភាព
កុមារ និង​ស្ត្រី​ជាង​៨​ម៉ឺន​នាក់ បាន​ទៅពិនិត្យ​និង​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ខែវិច្ឆិកា​
03, Dec 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ៨​ម៉ឺន​នាក់​បាន​ទៅ​ព្យាបាល​ជំងឺ និង​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ នេះ​បើតាម​របាយការណ៍​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បង្ហាញថា កុមារ​ឈឺ​ចំនួន ៥៣,៥២៩​នាក់ ត្រូវបាន​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ រីឯ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ចំនួន ១០,៨៩០​នាក់ ,​កុមារ​មាន​ជំងឺគ្រុនឈាម ចំនួន​៣១២​នាក់ និង​កុមារ​មាន​ជំងឺ​គ្រុន​ឈី​ក ចំនួន​៨៦​នាក់  ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ 
 
​ចំណែកឯ កុមារ​មាន​ជំងឺ​បេះដូង​ពី​កំណើត ចំនួន ៩០​នាក់  ត្រូវបាន​វះកាត់​បេះដូង និង​កុមារ​ចំនួន ២,៤៣៦​នាក់ បានទទួល​ការវះកាត់​ហើយ​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ 
​ដោយឡែក ស្ត្រី​មាន​ផ្ទៃពោះ ចំនួន  ១២,១២៣​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ និង​សម្រាលកូន​បាន​ចំនួន​២,១៩៨​នាក់​។ គួរ​ជម្រាប​ថា រាល់​ការព្យាបាល​ទាំងអស់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ និង​សៀមរាប គឺ​ឥតគិតថ្លៃ​៕
 
 

Tag:
 មន្ទីរពេទ្យ​
  គន្ធបុប្ផា​
  កុមារ​
  ស្ត្រី​
  ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com