សង្គមអន្តរជាតិ​
អន្តរជាតិ
គ្រោះធម្មជាតិ​២​ខែ​នៅ​វៀតណាម ធ្វើ​ឲ្យ​ស្លាប់​១៩២​នាក់ និង​ខាត​បង់លុយ​១,៣​ពាន់​លាន​ដុល្លារ
03, Dec 2020 , 8:29 am        
រូបភាព
ព្យុះទីហ្វុងមួយ វាយប្រហារលើខេត្ត Quang nam ប្រទេសវៀតណាម កាលពីខែតុលា។ រូបពី AFP
ព្យុះទីហ្វុងមួយ វាយប្រហារលើខេត្ត Quang nam ប្រទេសវៀតណាម កាលពីខែតុលា។ រូបពី AFP
ដោយ:
​គ្រោះមហន្តរាយធម្មជាតិ ក្នុងពេល​២​ខែ​ចុងក្រោយ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​ខាតបង់​អស់​ប្រមាណ​១,៣​ពាន់​លាន​ដុល្លារ ហើយ​ជីវិត​មនុស្ស​១៩២​នាក់​ត្រូវ​បាត់បង់ ខណៈ​៥៧​នាក់​ផ្សេងទៀត​បន្ត​បាត់​ខ្លួន​។ អាជ្ញាធរ​វៀតណាម បានប្រកាស​បែបនេះ នៅ​ថ្ងៃទី ២ ខែធ្នូ​។ បណ្ដា​ខេត្ត​ភាគ​កណ្ដាល​របស់​វៀតណាម រងគ្រោះ​ខ្លាំងជាងគេ​។
 
​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម បាន​ជួបប្រទះ​ទ្វេ​គ្រោះ​ក្នុង​ឆ្នាំ​២០២០​នេះ​។ គ្រោះ​ទីមួយ​គឺពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ទេសចរណ៍​ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំណែក​គ្រោះ​មួយទៀត គឺជា​ការវាយប្រហារ​រ​បស់​ព្យុះ​ទី​ហ្វុ​ង​៩​លើក ដែល​កម្ទេច​ផលដំណាំ និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​រាប់ម៉ឺន​នាក់​។ មនុស្ស​ស្លាប់​ដោយសារ​គ្រោះមហន្តរាយ​២​ខែ​ចុង​ក្រោយនេះ គឺ​លើស​ចំនួន​អ្នកស្លាប់​សរុប​ពេញ​មួយឆ្នាំ​២០១៩​តែម្ដង ដែល​កាលនោះ​មាន​១៣២​នាក់​។ 
 
«​យើង​ឆ្លងកាត់​ព្យុះ​ទី​ហ្វុ​ង ៩​ដង និង​វិ​សម្ពាធ​ទាប​២​ដង ក្នុង​រយៈពេល​២​ខែ​មកនេះ ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា​ដល់​ពាក់​កណ្ដាលខែ​វិច្ឆិកា​»​។ រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម Nguyen Xuan Cuong បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​រដ្ឋាភិបាល មុននឹង​បន្ថែមថា ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​បង្ក​ការខូចខាត​ដល់​សេដ្ឋកិច្ច​វៀតណាម​រហូត​ដល់​ជាង​១,៣​ពាន់​លាន​ដុល្លារ​។ 
 
​ទោះបីជា​ខាតបង់​សេដ្ឋកិច្ច​វៀតណាម លោក​រដ្ឋមន្ត្រី Nguyen បាន​លើកឡើងថា រដ្ឋាភិបាល​វៀតណាម ត្រូវតែ​ធានាថា គ្មាន​ពលរដ្ឋ​ខ្លួន​ម្នាក់​ណា​អត់​ផ្ទះសម្បែង​ស្នាក់នៅ រង​ទុក្ខ​ដោយសារ​ការអត់ឃ្លាន ឬ​ខ្វះ​ទឹកស្អាត​ផឹក​នោះឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​សេដ្ឋកិច្ច​វៀតណាម រំពឹងថា​មាន​កំណើន​យឺត​ចន្លោះ​២​ទៅ​៣​ភាគរយ ក្នុង​ឆ្នាំ​២០២០​នេះ ក្រោយ​មាន​កំណើន​ប្រមាណ​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​។ ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​វៀតណាម​នេះ បង្កឡើង​មួយផ្នែកធំ​បង្កឡើង​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះមហន្តរាយធម្មជាតិ ។​
 
​ភូមិសាស្ត្រ​លក្ខណៈ​ឆ្នេរ​ដ៏​វែង​របស់​វៀតណាម ធ្វើ​ឲ្យ​ប្រទេស​នេះ​ងាយ​រងគ្រោះ​ចំពោះ​គ្រោះធម្មជាតិ​ដូចជា ព្យុះ​ទី​ហ្វុ​ង និង​គ្រោះទឹកជំនន់ ជាដើម​។ យោងតាម​របាយការណ៍​ធនាគារពិភពលោក​កាលពី​ខែតុលា មនុស្ស​ប្រមាណ​១១,៨​លាន​នាក់​ដែល​រស់នៅក្នុង​បណ្ដា​ខេត្ត​ភាគ​កណ្ដាល​ប្រទេស​វៀតណាម រង​ការគំរាមកំហែង​នៃ​គ្រោះទឹកជំនន់​ខ្លាំងក្លា​៕ 

Tag:
 វៀតណាម​
  គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com