COVID-19
អន្តរជាតិ
សមាជិកសភា​១៨​ប្រទេស ស្នើ​មេដឹកនាំ​ហុងកុង អន្តរាគមន៍​ករណី​ឃុំខ្លួន​មនុស្ស​១២​នាក់​នៅ​ចិន​
02, Dec 2020 , 11:58 pm        
រូបភាព
ប្រធានប្រតិបត្តិក្រុងហុងកុង លោកស្រី ការី ឡាំ។ រូបភាព៖ AP
ប្រធានប្រតិបត្តិក្រុងហុងកុង លោកស្រី ការី ឡាំ។ រូបភាព៖ AP
​សមាជិកសភា​ច្រើនជាង ១៥០​រូប ដែល​មកពី ១៨​ប្រទេស បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ធ្វើ​អន្តរាគមន៍​លើ​សំណុំរឿង​ប្រជាជន​ហុងកុង​ចំនួន​១២​នាក់​។ ពួកគេ​ត្រូវបាន​ចិន​បាន​ចាប់ឃុំខ្លួន​ពេល​ឆ្លង​សមុទ្រ​ទៅ​កោះ​តៃវ៉ាន់ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចូល​ជា​ធរមាន​។


 
​ប្រជាជន​ហុងកុង​ចំនួន ១២​នាក់ ដែល​ប៉ុនប៉ង​រត់គេច​ទៅកាន់​កោះ​តៃវ៉ាន់ ដើម្បី​ទទួលបាន​សិទ្ធិ​ជ្រកកោណ​នយោបាយ ត្រូវបាន​អាជ្ញាធរ​ចិន​នៃ​ខេត្ត​គ័ង​តុង ចាប់ខ្លួន​នៅក្នុង​ខែសីហា​កន្លងទៅ ក្នុងអំឡុងពេល​ជិះទូក​ទៅ​តៃវ៉ាន់​។ ក្នុងចំណោម​នោះ មាន​យុវជន​ម្នា​ក់វ័យ ១៦​ឆ្នាំ​។ ភាគច្រើន​នៃ​អ្នក​ទាំងនោះ ត្រូវបាន​តុលាការ​ហុងកុង ចោទប្រកាន់​ពីបទ​ល្មើស​មួយចំនួន ទាក់ទិន​នឹង​បាតុកម្ម ប៉ុន្តែ​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​។ 
 
​ថ្មីៗ​នេះ អាជ្ញាធរ​ចិន បាន​ចោទប្រកាន់​សមាជិក​មួយ​ចំនួន ក្នុងចំណោម​អ្នក​ទាំង ១២​នាក់​នេះ ពីបទ​ឆ្លង​ព្រំដែន​ខុសច្បាប់ និង​ការរៀបចំ​ឆ្លង​ព្រំដែន​ខុសច្បាប់​។ ក្នុង​បទល្មើស​នេះ ពួកគេ​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ៧​ឆ្នាំ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ខាងលើ សមាជិកសភា​ច្រើនជាង ១៥០​រូប មកពី ១៨​ប្រទេស បាន​សរសេរ​ដាក់​លិខិត ឲ្យ​លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ហុងកុង ជួយ​អន្តរាគមន៍​លើ​ប្រជាជន​ហុងកុង​ទាំង ១២​នាក់​នេះ ដើម្បី​ធានាថា​អ្នក​ទាំងនោះ​ទទួលបាន​យុត្តិធម៌​។ 
 
«​ក្នុងតួនាទី​របស់​អ្នកជា​ប្រធាន​ប្រតិបត្តិ គឺ​សំខាន់​ណាស់ ក្នុងការ​អន្តរា​គម​ជួយ​ប្រជាជន​ក្មេងៗ​របស់ខ្លួន ដោយ​ធានាថា អ្នក​ទាំងនោះ​នឹង​ទទួលបាន​យុត្តិធម៌​»​។ សមាជិកសភា បាន​អំពាវនាវ​បែបនេះ​ទៅ​លោកស្រី ឡាំ ដោយ​បន្ថែមថា ប្រសិនបើ​មេដឹកនាំ​ហុងកុង មិន​អាចជួយ​បានទេ វា​ហាក់ដូចជា​លោកស្រី​បាន​បោះចោល​ការទទួលខុសត្រូវ​របស់ខ្លួន​ក្នុងការ​បម្រើប្រជាជន និង​ការធានា​ពី​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាជន​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​កន្លងមក លោកស្រី​ការី ឡាំ ធ្លាប់បាន​លើកឡើងថា ហុងកុង មិនមាន​មូលដ្ឋាន​ច្បាប់ ក្នុងការ​ការពារ អ្នក​ទាំង​១២​រូប ដែល​ត្រូវបាន​ចិន​ចាប់ខ្លួន​ឡើយ ព្រោះ​អ្នក​ទាំងនោះ បាន​ប្រព្រឹត្ត​ខុសច្បាប់​របស់​ចិនដីគោក​។ អ្នក​ទាំងនោះ​ក៏ត្រូវ​កាត់ទោស និង​ឃុំខ្លួន​នៅ​ចិន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា តៃវ៉ាន់ បាន​ក្លាយជា​ដែនដី​មួយ​សម្រាប់​ប្រជាជន​ហុងកុង ដើម្បី​ជ្រកកោន​នយោបាយ​។ ក្នុងពេល​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ដែល​ត្រូវ​បានអនុម័ត​ដោយ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បាន​ចូល​ជាធរ​មាននៅ​ដើម​កក្កដា តៃវ៉ាន់ ក៏បាន​បើកសម្ពោធ​ការិយាល័យ​មួយ ដើម្បី​ជួយ​ប្រជាជន​ហុងកុង ឲ្យ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​តៃវ៉ាន់​ផងដែរ​៕ 

Tag:
 ហុងកុង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com