COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ អ្នកស្លាប់​លើ​លោក​ឡើង​ជិត​១.៥​លាន ខណៈ​ប៉ូឡូញ​មាន​អ្នក​ឆ្លង​លើស​១​លាន
03, Dec 2020 , 10:33 am        
រូបភាព
ដោយ: រួបរួម
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែធ្នូ នេះ ករណី​ឆ្លង​កូ​វីដ​-១៩ ឡើងដល់​ជាង​៦៤.៨៣​លាន​ករណី ដោយ​ប៉ូឡូញ​ក្លាយជា​ប្រទេស​ទី​១៣ ដែលមាន​ករណី​ឆ្លង​លើសពី​១​លាន​។ តួលេខ​អ្នកស្លាប់​នៅលើ​ពិភពលោក​ឡើង​ជិត​១.៥​លាន​នាក់ ខណៈ​អ្នក​សះស្បើយ​មាន​ជិត​៤៥​លាន​នាក់​។​
 
 
​ប៉ូឡូញ មាន​ករណី​ឆ្លង​ជាង​១.០១​លាន ដោយ​ស្ថិត​ក្នុងចំណោម​១៣​ប្រទេស​ដែលមាន​តួលេខ​ឡើងដល់​កម្រិត​នេះ​។ សហរដ្ឋអាមេរិក នៅតែ​នាំមុខ​ដាច់​គេ​ដោយមាន​អ្នក​ឆ្លង​ជាង​១៤.៣១​លាន ហើយ​តាម​ពីក្រោយ​ដោយ ឥណ្ឌា (​ជាង​៩.៥៣​លាន​), ប្រេ​ស៊ី​ល (​ជាង​៦.៤៣​លាន​), រុស្ស៊ី (​ជាង​២.៣៤​លាន​), បារាំង (​ជាង​២.២៤​លាន​), អេ​ស្ប៉ា​ញ (​ជាង​១.៦៨​លាន​), ចក្រភព​អង់គ្លេស (​ជាង​១.៦៥​លាន​), អ៊ីតាលី (​ជាង​១.៦៤​លាន​), អា​ហ្ស​ង់​ទីន (​ជាង​១.៤៤​លាន​), កូ​ឡុំ​ប៊ី (​ជាង​១.៣៣​លាន​), ម៉ិ​ក​ស៊ិ​ក (​ជាង​១.១៣​លាន​) និង​អាល្លឺម៉ង់ (​ជាង​១.១​លាន​)​។​
 
​អ៊ីរ៉ង់ និង​ប៉េ​រូ សុទ្ធ​តែមាន​តួលេខ​ជិត​ចូល​ខ្ទង់​មួយ​លាន​ករណី​រៀងៗ​ខ្លួន​ផងដែរ ខណៈ​អាហ្វ្រិក​ខាងត្បូង អ៊ុយ​ក្រែ​ន និង​តួ​ក​គី ស្ថិតនៅ​ចន្លោះ​ពី​ជាង​៧០​ម៉ឺន ទៅជិត​៨០​ករណី​។ ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​ជាង​កន្លះ​លាន​រួមមាន បែលហ្ស៊ិក​, អ៊ីរ៉ាក់​, ស៊ី​លី​, ឥណ្ឌូណេស៊ី​, ឆេ​ក និង​ហូ​ឡង់​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជិត​១.៥​លាន សហរដ្ឋអាមេរិក មាន​ជាង​២៧​ម៉ឺន​នាក់​, ប្រេ​ស៊ី​ល​ជាង​១៧​ម៉ឺន​នាក់​, ឥណ្ឌា​ជាង​១៣​ម៉ឺន​នាក់ និង​ម៉ិ​ក​ស៊ិ​កជាង​១០​ម៉ឺន​នាក់​។ ២១​ប្រទេស​មាន​ករណី​ស្លាប់​ពី​ជាង​១​ម៉ឺន ទៅជិត​៦​ម៉ឺន ដែល​ក្នុងនោះ ឥណ្ឌូណេស៊ី មាន​ជាង​១៧០០០​នាក់​ផងដែរ​៕
 
  

© រក្សាសិទ្ធិដោយ thmeythmey.com