COVID-19
អន្តរជាតិ
អតីត​ប្រធានាធិបតី​បារាំង Valéry Giscard d'Estaing ស្លាប់​ក្នុង​វ័យ​៩៤​ឆ្នាំ​ដោយសារ​កូ​វីដ​-១៩
03, Dec 2020 , 11:42 am        
រូបភាព
អតីតប្រធានាធិបតីបារាំងលោកValéry Giscard d
អតីតប្រធានាធិបតីបារាំងលោកValéry Giscard d'Estaing។ រូបភាព៖AFP
ដោយ:
​អតីត​ប្រធានាធិបតី​បារាំង​លោក​Valéry Giscard d'Estaing ទទួលមរណភាព​នៅ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៩៤​ឆ្នាំ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ លោក Giscard d'Estaing ជា​ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៨១​។ ក្នុង​រយៈពេល​៧​ឆ្នាំ នៃ​តំណែង​ជា​ប្រធានាធិបតី​លោក Giscard d'Estaing បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ក្នុងសង្គម​បារាំង ក៏ដូចជា​អ្នកគាំទ្រ​យ៉ាង​មុះ​មុត​ក្នុង​ការបង្កើត​មូលដ្ឋានគ្រឹះ​នៃ​សហភាព​អឺរ៉ុប និង​រូបិយប័ណ្ណ​អឺរ៉ូ​។​
 
​ជាប់ឆ្នោត​នៅ​ឆ្នាំ​១៩៧៤ លោក Valéry Giscard d'Estaing ជា​ប្រមុខរដ្ឋ​នៃ​សាធារណរដ្ឋ​បារាំង​ទី​៥​ក្មេង​បំផុត ត្រឹម​អាយុ​៤៨​ឆ្នាំ​។ លោក​ចាប់ផ្តើម​អាជីព​នយោបាយ​ក្នុង​ឆ្នាំ​១៩៥៦ ជា​សមាជិកសភា​បារាំង​។ ក្នុង​ឆ្នាំ​១៩៦២ លោក​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ហ្សា​ល ដឺ​ហ្គោល និង​បន្ត​កាន់តំណែង​នេះ​រហូតដល់​ឆ្នាំ​១៩៧៤ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី George Pompidou ។​
 
​បើទោះបីជា​កាន់តំណែង​ត្រឹម​តែមួយ​អាណត្តិ​ពី​ឆ្នាំ​១៩៧៤ ដល់​១៩៨១​ក្តី លោក​ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នក​កំណែទម្រង់សង្គម​បារាំង​សម័យ​ទំនើប​។ ក្នុងការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង លោក​អះអាងថា បារាំង​ត្រូវតែ​ជា​គម្រោង​កំណែទម្រង់​មួយ​ដ៏​ធំ​។ ក្នុងនោះ​លោក​បាន​កាត់បន្ថយ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល ក្នុង​វិស័យ​ផ្សព្វផ្សាយ អនុញ្ញាត​ឲ្យ​រំលូតកូន​ដោយ​ស្របច្បាប់ ក៏ដូចជា​ច្បាប់​ស្តីពី​លែងលះ​ដោយមាន​ការយល់ព្រម​ពី​ប្តី​ប្រពន្ធ​ផងដែរ​។ 
 
​ក្នុង​គោលនយោបាយ​ការ​អឺរ៉ុប​វិញ លោក​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​ពង្រីក និង​កសាង​មូលដ្ឋានគ្រឹះ​ក្នុងការ​បង្កើត​សហភាព​អឺរ៉ុប​។ ក្នុង​ឆ្នាំ​១៩៧៤ លោក Giscard d'Estaing និង​អធិការបតី​អាល្លឺម៉ង់​លោក Helmut Schmidt បង្កើត​ក្រុមប្រឹក្សា​អឺរ៉ុប ក៏ដូចជា​ប្រព័ន្ធ​រូបិយវត្ថុ​រួម​ដែល​បើកផ្លូវ​ឲ្យ​បង្កើត​រូបិយប័ណ្ណ​អឺរ៉ូ​ក្នុង​ឆ្នាំ​១៩៩១​។ លោក​Giscard d'Estaing ក៏​យល់ព្រម​ឲ្យ​មានការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សហភាព​អឺរ៉ុប​ដោយផ្ទាល់​។ ការយល់ព្រម​នេះ​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​សហភាព​អឺរ៉ុប​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៧៩​។​
 
​លើ​ឆាក​អន្តរជាតិ​វិញ លោក​ក៏​ជា​អ្នកចូលរួម​ក្នុងការ​បង្កើត​ជំនួប​កំពូល​មួយ​ដែរ​។ ក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩៧៥ លោក​បាន​អញ្ជើញ​អ្នកតំណាង​អាមេរិក ជប៉ុន បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ខាងលិច​មកជួប​ប្រជុំ​ពី​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង​ប៉ារីស​។ ជំនួប​ខាងលើនេះ ត្រូវ​ចាត់ទុកជា​ជំនួប​ប្រទេស​ចំនួន​៥ ដោយ​ក្រោយមក​ក្លាយជា​ជំនួប​ប្រទេស​G7 ដោយ​បញ្ចូល​អ៊ីតាលី និង​កាណាដា​។​
 
​ទោះជា​យ៉ាងណាក្តី លោក Giscard d'Estaing ពុំ​សូវ​ជា​ទទួលជោគជ័យ​ប៉ុន្មាន​ឡើយ​ក្នុង​កំណែទម្រង់សេដ្ឋកិច្ច​។ ជាក់ស្តែង​ក្នុងពេល​កាន់អំណាច​ជា​ប្រមុខរដ្ឋ ចំនួន​អ្នកគ្មានការងារ​ធ្វើ​នៅ​បារាំង​កើនឡើង ចំណែក​សេដ្ឋកិច្ច​បារាំង​វិញ​ក៏​រង​ផលប៉ះពាល់​ផងដែរ​ពី​វិបត្តិ​ប្រេង​ក្នុង​ឆ្នាំ​១៩៧៣​។ លោក​តែងតាំង​នាយករដ្ឋមន្ត្រី​មកពី​បក្ស​សង្គមនិយម ដែល​អនុវត្ត​គោលនយោបាយ​ចាយវាយ​សន្សំសំចៃ ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់លោក​ធ្លាក់ចុះ​មិនអាច​ស្តារ​បាន​។ នេះ​បើ​ទូរទស្សន៍​បារាំង France 24​។​
 
​មុខមាត់​របស់លោក​Giscard d'Estaing ក៏​កាន់តែ​អាប់អួរ​បន្ថែមទៀត​ក្នុង​ឆ្នាំ​១៩៧៩ ក្រោយ​កាសែត​បារាំង​ចុះផ្សាយ​ថា​លោក​ទទួលយក​ពេជ្រ​ពី​មេដឹកនាំ​អាហ្វ្រិក ពេល​កាន់តំណែង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​១៩៧៣​។ ស្របពេល​ជាមួយគ្នា សាធារណៈមតិ​បារាំង​ចាប់ផ្តើម​លែង​គាំទ្រ​រូបលោក ដោយ​មើលឃើញថា លោក Giscard d'Estaing ជា​អភិជន​ដែល​ពុំ​សូវ​ដឹង​ពី​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​បារាំង​។ 
 
​ក្រោយ​ចប់​អាណត្តិ លោក​ត្រឡប់​ទៅកាន់​តួនាទី​ជា​ក្រុមប្រឹក្សា​ស្រុក និង​បន្ទាប់​មកជា​សមាជិករ​ដ្ឋ​សភា​បារាំង​។ ក្រោយ​ចូលនិវត្តន៍​លោក​ចាប់​អាជីព​ជា​អ្នក​ស​សេរ និង​ក្លាយជា​សមាជិក​បណ្ឌិត្យសភា​បារាំង​ដែលមាន​នាទី​ពិនិត្យ និង​ការពារ​ភាសា​បារាំង​។​
 
​យោងតាម​សារ​លើ​បណ្តាញ​សង្គម Twitter របស់​មូលនិធិ Valéry Giscard d'Estaing ពិធី​បុណ្យសព​របស់​អតីត​ប្រមុខរដ្ឋ​រូបនេះ នឹងត្រូវ​ធ្វើឡើង​ដោយមាន​តែ​ការចូលរួម​តែ​ពី​ក្រុមគ្រួសារ​ប៉ុណ្ណោះ​៕
 
 
 
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com