កីឡាជាតិ
ជាតិ
Ose Takaki ជា​កីឡា​ករទី​១១ ដែល​ចែកផ្លូវ​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ
03, Dec 2020 , 12:01 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នេះ បានសម្រេច​ចែកផ្លូវ​ជាមួយ​កីឡាករ​ជនជាតិ​ជប៉ុន Ose Takaki​។ Ose ជា​កីឡា​ករទី​១១ និង​ជា​កីឡាករ​បរទេស​ទី​៣ បន្ទាប់ពី Yudai Ogawa និង  Joichiro Sugiyama ដែល​បាន​ចែកផ្លូវ​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​។
 
 
​ក្រោយ​រួមរស់​ជាមួយគ្នា​បាន​១​រដូវ​កាល ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របា​ន​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​ខ្សែការពារ Ose Takaki ដែល​បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​នេះ ឈរ​ចំណាត់ថ្នាក់​លេខ​៧​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២០​។​
 
 មុន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ថ្ងៃទី​៤ ធ្នូ ឆ្នាំ​២០១៩ ខ្សែការពារ​វ័យ​២៥​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប HBO Tokyo, Pieta Hotspurs FC និង Ahli Sidab របស់​អូ​ម៉​ង់​។ 
 
​ជាមួយគ្នានេះ​ក្លិប​មាន​ថ្នាក់ដឹកនាំ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ ក៏បាន​ប្រកាស​ពី​ការចែក​ផ្លូវ​ជាមួយ​កីឡាករ​កម្ពុជា​ពីររូប​ទៀតផង​ដែរ គឺ​កីឡាករ តាំង សុ​ភ័​ក្រ និង​កីឡាករ ពៅ ភា​រិ​ទ្ធ​។ ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ អរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មករ​បស់​កីឡាករ​ទាំងបី និង​ជូនពរ​ឲ្យ​ពួកគេ​ជោគជ័យ​ក្នុង​អាជីព​បាល់ទាត់​។ 
 
​គួររំលឹកថា កាលពីពេល​កន្លងទៅ​ថ្មីៗ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស និង​កម្ពុជា​ចំនួន​៨​រូប​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រោយ​ពួកគេ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៧​ក្នុង​លី​គ​កំពូល និង​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ក្នុង​ពាន​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០​។ 
 
​កីឡាករ​ទាំង​៨​រូបនោះ​រួមមាន ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​, ហម បញ្ញា​, លី អា​លី​ហ្វី​ន​, សឹង ណា​រិ​ទ្ធិ​, ឆុំ ភី​សា និង​អ្នកចាំទី សំ ពៅ ខណៈ​កីឡាករ​បរទេស​រួមមាន Yudai Ogawa និង  Joichiro Sugiyama​។ ការចែក​ផ្លូវ​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ នៃ​ការបិទ​បញ្ចប់​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គជា​ផ្លូវការ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០៕
 
 
 
 

Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  Ose Takaki
© រក្សាសិទ្ធិដោយ thmeythmey.com