កីឡាជាតិ
ជាតិ
សង្គមជាតិ
កីឡាករសូហ្វតិន្នីសថ្នាល៣រូប ត្រូវបានក្មេងទំនើងមួយក្រុមកាប់ រងរបួសធ្ងន់ធ្ងរ 03, Dec 2020 , 4:12 pm
កីឡាករទាំង៣រូប_ដែលរងរបួសក្នុងការហេតុការណ៍ដេញកាប់គ្នា
× កីឡាករជម្រើសថ្នាលកីឡាសូហ្វតិន្នីសចំនួន៣រូប ត្រូវបានក្មេងទំនើង១ក្រុមដេញកាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីពួកគេចេញពីប្រឡងមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ស្នើឲ្យសមត្ថកិច្ចជួយអន្តរាគមន៍វែកមុខរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
កីឡាករ រស់ សារ៉ាត់, គង់ សុចិន និង បូរ សុខរ័ត្ន ជម្រើសជាតិថ្នាលកីឡាសូហ្វតិន្នីស ត្រូវបានក្មេងទំនើងមួយក្រុមមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយកាំបិត និងដាវ ដេញកាប់បណ្តាលឲ្យរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះសីហនុក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Cambodia Soft Tennis Federation បានរៀបរាប់ថា៖«កីឡករថ្នាលជម្រើសជាតិសូហ្វតិន្នីសកម្ពុជាចំនួន៣រូប រួមមាន៖ កីឡាករ រស់ សារ៉ាត់, គង់ សុចិន និងកីឡាករ បូរ សុខរ័ត្ន ត្រូវបានក្មេងទំនើងមួយក្រុម (មិនស្គាល់អត្តសញ្ញាណ) ប្រដាប់ដោយកាំបិត និងដាវ ដេញកាប់ពេលពួកគេទាំង៣រូប ចេញពីប្រឡងមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) បំណងធ្វើដំណើរទៅផ្ទះ»។
ក្នុងហេតុការដេញកាប់គ្នានោះបានបណ្តាលឱ្យកីឡាករ បូរ សុខរ័ត្ន រងរបួសប្រេះលលាដ៍ក្បាលធ្ងន់ធ្ងរ ដេកសន្លប់ស្តូកស្តឹងក្នុងថ្នុកឈាម រីឯកីឡាករ គង់ សុចិន រយះស្មាខាងស្តាំដេរ១១ថ្នេរ និងកីឡាករ រស់ សារ៉ាត់ ដាច់មេដៃខាងស្តាំ និងដាច់រយះស្មាខាងឆ្វេងធ្ងន់ធ្ងរ។ បច្ចុប្បន្ន ពួកគេទាំង៣ កំពុងទទួលការសង្គ្រោះព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ។ នេះបើតាមការរៀបរាប់បន្ថែមរបស់ទំព័រហ្វេសប៊ុកខាងលើ។
ប៉ុន្តែមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់អាចកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងទាំងនោះបាននៅឡើយទេ។ ជាមួយគ្នានេះថ្នាក់ដឹកនាំសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បន្តស្នើឲ្យសមត្ថកិច្ចជួយស្វែងរកជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់។
ហ្វេសប៊ុកខាងលើបានរៀបរាប់បន្ថែមថា៖«យើងខ្ញុំពិតជាមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ដែលហេតុការណ៍នេះ បានកើតឡើងចំពោះកីឡាករជម្រើសជាតិថ្នាលសូហ្វតិន្នីសកម្ពុជា ដែលមានសក្ដានុពល និងជាធនធានរបស់ជាតិយើង ត្រៀមសម្រាប់ប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ជាពិសេសស៊ីហ្គេម២០២៣»៕
Tag:
សូហ្វតិន្នីស
រស់ សារ៉ាត់
គង់ សុចិន
បូរ សុខរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com