អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ UN ថា បើ​អត់​អាមេរិក ពិភពលោក​គ្មាន​ផ្លូវ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​កើត​ដែរ​
04, Dec 2020 , 8:29 am        
រូបភាព
អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងសុន្ឬរកថា ក្នុងព្រឹត្តិការណ៍ COP25 កាលពីឆ្នាំ២០១៩ ។ រូបពី AFP
អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងសុន្ឬរកថា ក្នុងព្រឹត្តិការណ៍ COP25 កាលពីឆ្នាំ២០១៩ ។ រូបពី AFP
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN)  លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ព្រមាន​ថា មនុស្សជាតិ​កំពុង​ធ្វើសង្គ្រាម​បំផ្លាញ​ខ្លួនឯង​ជាមួយ​ធម្មជាតិ​។ លោក​សង្កត់ធ្ងន់​ទៀតថា គ្មាន​ផ្លូវ​ពិភពលោក​ដោះស្រាយ​វិបត្តិ​បម្រែបម្រួល​អាកាស​បានឡើយ បើ​គ្មាន​វត្ត​មាននៃ​ភាពជា​អ្នកដឹកនាំ​របស់​អាមេរិក​ទេនោះ​។
 
​ក្នុង​សុន្ទរកថា​មួយ​នៅ​សកលវិទ្យា​ល័យ Columbia ក្នុង​ទីក្រុង ញូវយ៉ក នៅ​ថ្ងៃទី ២ ខែធ្នូ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានប្រកាសថា ស្ថានភាព​នៃ​ផែនដី​គឺ​បែកបាក់​។  ទាក់ទិន​នឹង​បញ្ហា​នេះ លោក​អគ្គលេខាធិការ UN បានលើកឡើង​ទស្សនវិស័យ​ចម្បង​៣​ចំណុច​។​
 
​ចំណុច​ទីមួយ លោក ហ្គូ​តេ​រ៉េ​ស បាន​លើក​ពី​អព្យាក្រឹត​កាបូន​សកល ដែល​ចាំបាច់​ត្រូវតែ​សម្រេច​ឲ្យ​បាន​ជោគជ័យ​ក្នុងពេល​៣០​ឆ្នាំ​ខាងមុខ​។ ទី​ពីរ​គឺ ហិរញ្ញវត្ថុ​សកល ត្រូវតែ​ស្របតាម​កិច្ចព្រមព្រៀង​សកល​ឆ្នាំ​២០១៥ ដែលមាន​គោលដៅ​ប្រយុទ្ធប្រឆាំង​បញ្ហា​ប​ម្រែ​ប្រួល​អាកាសធាតុ​។ ហើយ​ចុងក្រោយ​គឺ រដ្ឋាភិបាល​នានា ត្រូវបង្កើត​គោលនយោបាយ​ដើម្បី​ការពារ ក្រុមមនុស្ស​ដែល​រងគ្រោះ​ដោយសារ​ឥទ្ធិពល​អវិជ្ជមាន​នៃ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផងដែរ​។  
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​ជឿជាក់ថា វា​គ្មាន​ផ្លូវ​ដោះស្រាយ​គ្រោះអាសន្ន​អាកាសធាតុ​ក្នុង​ពិភពលោក​បានឡើយ ដោយ​គ្មាន​ភាពជា​អ្នកដឹកនាំ​របស់​សហរ​ដ្ឋ​អាមេរិក​ទេនោះ​»​។ 
 
​ត្រង់ចំណុច​នេះ លោក​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ​២០១៥ នឹង​មិនអាច​ប្រសូត្រ​ចេញរួច​ឡើយ បើ​គ្មាន​ការដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​ជំនាន់​នោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ព្រោះ​ជំនួប​កំពូល​រវាង​លោក​អូ​បា​ម៉ា និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ជួយ​ឲ្យ​ឈ្នះ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ 
 
​យ៉ាងណាមិញ លោក ដូ​ណា​ល់ ត្រាំ ដែលជា​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក អូ​បា​ម៉ា បានចាត់ទុក​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ ជា​រឿង​បោកប្រាស់ ហើយ​បាន​ដក​អាមេរិក​ចេញ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ក្នុង​ឆ្នាំ​២០១៧ ។ ខណៈ​អាណត្តិ​លោក ត្រាំ ជិត​ផុត លោក ចូ បៃ​ឌិន ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក បាន​សន្យា​ចូលរួម​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​ជាថ្មី​។ 
 
​សូម​បញ្ជាក់ដែរថា កាលពីដើម​សប្ដាហ៍​នេះ លោក បៃ​ឌិន បាន​ជជែក​ជាមួយ​លោក ហ្គូ​តេ​រ៉េ​ស ដោយ​ពិភាក្សា​ពី​សារសំខាន់​ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ដោះស្រាយ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ៕  

Tag:
 អាមេរិក​
  អង្គការសហប្រជាជាតិ​
  Antonio Guterres
© រក្សាសិទ្ធិដោយ thmeythmey.com