ជាតិ
សង្គមជាតិ
រដ្ឋបាលរាជធានី-ខេត្តនីមួយៗ នឹងមានពីមេធាវី២ទៅ៤រូប
03, Dec 2020 , 5:45 pm        
រូបភាព
រដ្ឋបាលរាជធានី-ខេត្តនីមួយៗ មានពីមេធាវី២ទៅ៤រូប គណៈមេធាវីកម្ពុជា នឹងដាក់មេធាវីពី២ទៅ៤រូប នៅតាមរដ្ឋបាលរាជធានី-ខេត្តទាំង២៥។ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឺង (សជណ) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតរបស់ប្រមុខរដ្ឋាភិបាល ឲ្យដាក់មេធាវីនៅតាមរដ្ឋបាលរាជធានី-ខេត្ត។


សជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានផ្ញើជូនទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី។ បើតាមសជណ រដ្ឋបាលរាជធានី-ខេត្ត អាចទទួលបានមេធាវី២រូបឬដល់ទៅ៤រូប គឺអាស្រ័យលើទំហំការងារនៃរដ្ឋបាលរាជធានី-ខេត្តនោះ។

សជណ បញ្ជាក់ថា ការដាក់មេធាវីនៅតាមរដ្ឋបាលរាជធានី-ខេត្ត គឺ «ដើម្បីផ្តល់ការប្រឹក្សាផ្នែកច្បាប់និងជួយការពារផលប្រយោជន៍ឲ្យរដ្ឋបាលរាជធានី-ខេត្ត» នៅពេលមានបណ្តឹងទាមទារ បណ្តឹងតវ៉ា ឬបណ្តឹងព្រហ្មទណ្ឌណាមួយ។ សជណ បានឲ្យដឹងថា រដ្ឋបាលរាជធានី-ខេត្ត ជាប្រភពផ្តល់ថវិកាពី១លានរៀល ដល់ ១លាន២សែនរៀល ដល់មេធាវីម្នាក់ក្នុង១ខែ។

លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការនៃគណៈមេធាវី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ថា ចំពោះប្រជាពលរដ្ឋទូទៅ ដែលចង់រកជំនួយផ្នែកច្បាប់ គឺមានប្រភូតិមេធាវី នៅតាមរាជធានី-ខេត្ត និងមេធាវីស្ម័គ្រចិត្តផ្សេងទៀត។ លោក មានប្រសាសន៍ថា យោងតាមគោលការណ៍ ដែលកំណត់ក្នុងសជណ មេធាវី ដែលត្រូវដាក់តាមរដ្ឋបាលរាជធានី-ខេត្ត គឺសម្រាប់តែជួយកិច្ចការផ្នែកច្បាប់ដល់រដ្ឋបាលរាជធានី-ខេត្ត។ លោក ថ្លែងថា៖«ចំពោះមុខ គឺយកគោលការណ៍ប៉ុណ្ណឹងសិន។... ខ្ញុំ អត់មានអីត្រូវបកស្រាយលើសពីហ្នឹងទេ»។

កាលពីចុងឆ្នាំ២០១៧ គណៈមេធាវី បានប្រកាសពីការដាក់ប្រតិភូរបស់ខ្លួនជាមេធាវី នៅតាមរាជធានី-ខេត្ត ដើម្បីជួយការពារក្តី និងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ដោយឥតយកថវិកា។ បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតក្រុមមេធាវីមួយ ហៅថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីជួយការពារក្តីដល់ជនក្រីក្រ ពិសេសស្ត្រី ដោយមិនយកប្រាក់។

លោក ព្រហ្ម វិចិត្រអក្ខរា បន្តថា គណៈមេធាវី កំពុងធ្វើកិច្ចការងារពាក់ព័ន្ធនឹងការកំណត់តួនាទីលម្អិតរបស់មេធាវី ដែលដាក់នៅតាមរដ្ឋបាលរាជធានី-ខេត្ត។ លោក បន្ថែមថា គណៈមេធាវី អាចនឹងដាក់ករិយាល័យសម្រាប់មេធាវី នៅតាមរដ្ឋបាលរាជធានី-ខេត្ត បើមេធាវីរូបណា ត្រូវប្រចាំនៅតាមរដ្ឋបាលរាជធានី-ខេត្តនោះ។

លោកមេធាវីរូបនេះ ពុំទាន់ដឹងច្បាស់ឡើយថា មេធាវី ដែលត្រូវដាក់នៅតាមរដ្ឋបាលរាជធានី-ខេត្ត នឹងត្រូវចាប់ផ្តើមការងារជាផ្លូវការនៅពេលណា។ លោក គ្រាន់តែ អះអាងថា ពួកគេ នឹងចាប់ផ្តើមការងារជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅពេលណា គណៈមេធាវី ចេញលិខិតបទដ្ឋានគតិយុត្តិពីការអនុវត្តការងាររបស់ពួកគេ នៅតាមរាជធានី-ខេត្ត៕

Tag:
 រដ្ឋបាលរាជធានី-ខេត្ត
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com