ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែទទូចមិនឲ្យពួកមហាអំណាចយកបញ្ហាកូវីដ-១៩ ធ្វើជាចំណាប់ខ្មាំង នៅក្នុងភូមិសាស្ត្រនយោបាយរបស់ពួកគេឡើយ។ សម្ដេចថ្លែងបែបនេះ នៅក្នុងសម័យប្រជុំពិសេស លើកទី ៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ ២០២០។
ថ្លែងពីទីក្រុងភ្នំពេញ ទៅកាន់អង្គការសហប្រជាជាតិ តាមរយៈប្រព័ន្ធវីដេអូ សម្ដេច ហ៊ុន សែន ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ជារឿងចាំបាច់បំផុត ដោយមិនគួរប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ ។
តាមរយៈសន្ទរកថា នៅក្នុងវីដេអូជាង៥នាទីនោះ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះថា៖« ខណៈដែលជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេ លើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ ។ ផ្ទុយទៅវិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ»។
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។ ជាពិសេសគោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទោះបីជារដ្ឋនោះធំ ឬ តូច, មាន ឬ ក្រ ក៏ដោយ ព្រោះមានអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកជាស្នូល ។
«ខ្ញុំសូមគូសបញ្ជាក់នូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះតួនាទីរបស់ អសប(UN) និង អង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលស្នើឲ្យមានការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយ ក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះបំផុត។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រកាសគាំទ្រនូវគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះការបង្កើតមូលនិធិ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលបានដាក់ចេញកាលពីដើមឆ្នាំ២០២០នេះ ។ «ជាការពិត ជំនួយអាចជាចំណែកតូចមួយនៃការស្តារនេះ ក៏ប៉ុន្តែកត្តា ដែលសំខាន់មិនអាចខ្វះបានគឺការបន្តរក្សាបាននូវយន្តការពហុភាគីនិយម, សកលភាវូបនីយកម្មនិយម, ពាណិជ្ជសរីភាវូបនីយកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង ពិភពលោក, ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ការវិនិយោគ, ទេសចរណ៍អន្តរជាតិ និង ការធ្វើដំណើរជាទូទៅ»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី៤ ធ្នូនេះ អ្នកជំងឺកូវីដ-១៩ ទូទាំងពិភពលោក មានជាង៦៥,៥ លាននាក់ហើយ ក្នុងជាសះស្បើយជាង៤៥,៣ លាននាក់ និងស្លាប់១,៥លាននាក់។ ដោយឡែកនៅកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន៣៣៥នាក់ ដោយជាសះស្បើយ៣០៤នាក់។ ចំណែកអ្នកជំងឺ២៦នាក់កំពុងព្យាបាលនៅពេទ្យខ្មែរសូវៀត និង៥នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕