COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Arsenal ឡើងទៅ​វគ្គ​៣២​ក្រុម ជាមួយ​វត្តមាន​អ្នកគាំទ្រ​លើកដំបូង ២​ពាន់​នាក់​
04, Dec 2020 , 10:58 am        
រូបភាព
Arsenal ទទួលបាន​កៅអី​ទៅកាន់​វគ្គ​៣២​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Europa League បន្ទាប់ពី​យកឈ្នះ Rapid Wien ក្នុង​លទ្ធផល ៤-១ នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B​។ នេះ​ជា​ជំនួប​លើកដំបូង​របស់​កាំភ្លើង​ធំ​ដែលមាន​អ្នកគាំទ្រ​ចំនួន​២០០០​នាក់​ចូល​ទស្សនា​ផ្ទាល់ ក្រោយ​បិទទ្វារ​កីឡដ្ឋាន​ដោយសារ COVID-19​។​


​ក្នុងជំនួប​លើក​ទី​៥​ពូ​ល B នៅ​កីឡដ្ឋាន Emirates នៅ​រាត្រី​ថ្ងៃទី​៣ ខែធ្នូ ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ផ្ទាល់​២​ពាន់​នាក់ Arsenal បាន​បើក​ការ​វាយ​សម្រុក​រហូត​រកបាន​៣​គ្រាប់​មុន​ដែល​ធ្វើបាន​ដោយ Alexandre Lacazette, Pablo Mari និង Edward Nketiah នៅក្នុង​វគ្គ​ទី​១​។ ចូលដល់​តង់​ទី​២ ស្របពេល​ការប្រកួត​ដំណើរការបាន​២​នាទី កីឡាករ​ជប៉ុន Koya Kitagawa ស៊ុត​មួយ​គ្រាប់​ឲ្យ Rapid Wien មុនពេល Emile Smith-Rowe បន្ថែម​គ្រាប់​ទី​៤​ឲ្យ​ក្រុម​លោក Mikel Arteta​។ ចប់​ការប្រកួត​កាំភ្លើង​ធំ​ឈ្នះ​ក្រុម​របស់​អូទ្រីស ៤-១​។​


 
​នេះ​ជាការ​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​លោក​ដំបូង​របស់​ក្រុម​ដែល​ស្ថិត​ក្រុង​ឡុង​ដ៍ ក្រោយ​រយៈពេល ២៧១​ថ្ងៃ បន្ទាប់ពី​បម្រាម​មិន​ឲ្យ​មាន​អ្នកទស្សនា​ផ្ទាល់​ដើម្បី​ការពារ​ការ​រា​ត​ត្បា​នៃ​ជំងឺ COVID-19​។​
 
​តាមរយៈ​ជ័យជម្នះ​នេះ បាន​នាំ​លី​គ​កំពូល​អង់គ្លេស​ទទួលបាន​សិទ្ធិ​ទៅកាន់​វគ្គ​៣២​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ បើ​ទោះ​ការប្រកួត​នៅសល់​១​លើក​ទៀត​ក្តី​។ Arsenal រកបាន ១៥​ពិន្ទុ​ពី​ការប្រកួត​៥​លើក ឈរ​កំពូល​តារាង​ពូ​ល B ដោយ​នាំមុខ​ក្រុម​លេខ​២ Molde ចំនួន​៦​ពិន្ទុ ខណៈ Rapid Wien នៅ​លេខ​៣​មាន​៦​ពិន្ទុ ឯ Dundalk ដែល​ចាញ់ Molde នៅ​រាត្រី​ថ្ងៃទី​៣ ធ្នូ​នេះដែរ គ្មាន​ពិន្ទុ​រាប់ និង​អស់​សិទ្ធ​ប្រជែង​ទៅ​វគ្គ​បន្ត​។ Molde និង Rapid Wien ត្រូវ​ប៉ះគ្នា​នៅ​ជំនួប​ចុងក្រោយ និង​ជា​ប្រកួត​កាត់សេចក្តី​ថា​ក្រុម​ណា​ត្រូវ​ឡើងទៅ​វគ្គ​បន្ត​។​
 
​ក្រៅពី Arsenal ក្រុម​របស់​អង់គ្លេស​ពីរ​ទៀត​រួមមាន Leicester City និង Tottenham Hotspur ជា​ក្រុម​ដែល​បាន​កៅអី​ទៅ​វគ្គ​៣២​ក្រុម ក្រោយ​ឆ្លងកាត់​៥​ប្រកួត រួមជាមួយ​១៥​ក្រុម​ទៀត​ដូចជា Roma, Slavia Prague, Bayer Leverkusen, Rangers, Benfica, Granada, PSV Eindhoven, SC Braga, Lille, AC Milan, Villarreal, Royal Antwerp, Dinamo Zagreb, Hoffenheim និង FK Crvena Zvezda​។ ១៤​ក្រុម​ទៀត​នឹងត្រូវ​កាត់សេចក្តី​ក្នុងការ​ប្រកួត​ចុងក្រោយ​តាម​ពូ​ល​នៅ​សប្តាហ៍​ក្រោយ​។​



Tag:
 Europa League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com