អត្ថបទពាណិជ្ជកម្ម
ឥទ្ធិពល​នៃ​ការអប់រំ​បានបញ្ជាក់​ឱ្យឃើញថា ការងារ​អ្វីដែល​បុរស​ធ្វើបាន ស្ត្រី​ក៏​អាច​ធ្វើបាន​ដូចគ្នា​!
04, Dec 2020 , 12:09 pm        
រូបភាព
​កញ្ញា រស់ ឈាង​សែន ជា​អ្នក​រចនា​ក្រាហ្វិក​នៅ​ក្រុមហ៊ុន KOUPREY Digital បាន​និយាយថា​៖ «​មនុស្ស​គ្រប់គ្នា គឺមាន​សិទ្ធិ​ទទួលបាន​ការអប់រំ​គ្រប់ៗ​គ្នា ព្រោះថា​ការអប់រំ​មិនបាន​ខ្វល់​ពី​ភេទ និង​ពូជសាសន៍​របស់​ពួកគេ​ឡើយ​។ រីឯ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មិនដឹង​ទេ​ថា ជីវិត​របស់ខ្ញុំ​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​ខ្ញុំ​មិន​ទទួលបាន​ការអប់រំ​»​។​

​នៅ​ប្រទេស​កម្ពុជា យេនឌ័រ​នៅតែ​ជា​បញ្ហា​ប្រឈម​ក្នុង​វិស័យ​អប់រំ និង​ការអភិវឌ្ឍ ដែល​ស្ត្រី​មាន​កម្រិត​នៃ​អក្ខរកម្ម​ទាប និង​ងាយ​បោះបង់​ការសិក្សា​ច្រើនជាង​បុរស​។ ត្បិត​ថា បញ្ហា​នេះ​នៅតែមាន តែ​ក៏​ឃើញថា​មានការ​កែលម្អ និង​ប្រែប្រួល​ខ្លះ​ដែរ ដោយ​ចំនួន​ស្ត្រី និង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បានការ​អប់រំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បើ​យោងតាម​ការវាយតម្លៃ​យេនឌ័រ​នៃ​ក្រសួង​កិច្ចការនារី​។​
 
​កើត​ក្នុង​គ្រួសារ​ដ៏​សាមញ្ញ​មួយ នៅ​ទីក្រុង​ភ្នំពេញ កញ្ញា រស់ ឈាង​សែន គឺជា​ក្មេងស្រី​ម្នាក់ ដែលមាន​សំណាង ក្នុងចំណោម​ក្មេងស្រី​ដទៃទៀត ដែល​រស់​នៅតាម​ជនបទ និង​ជួប​ការលំបាក ដែល ឈាង​សែន អាច​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម និង​មានឱកាស​សម្រេច​ក្តី​សុបិន​របស់គាត់ នៅក្នុង​ផ្នែក​រចនា​ក្រាហ្វិក​។ កញ្ញា ឈាង​សែន បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០១៥ ដោយ​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​គំនូរ​សារគមនាគមន៍ (Visual Communication Design) ក្រោម​អាហារូបករណ៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ បច្ចុប្បន្ន ឈាង​សែន មាន​អាយុ ២៧ ឆ្នាំ និង​កំពុងធ្វើការ ជា​អ្នក​រចនា​ក្រាហ្វិក​នៅ​ក្រុមហ៊ុន KOUPREY Digital ដែលជា​ភ្នាក់ងារ​ទីផ្សារ​ឌីជីថល ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ និង​ដំណោះស្រាយ​ទីផ្សារ​ឌីជីថល​។ 
 
​ការចាប់​ផ្តើមដំបូងរ​បស់ ឈាង​សែន ក្នុង​វិស័យ​រចនា​ក្រាហ្វិក​៖
​ជាដំបូង​ខ្ញុំ ចង់​រំលឹក​ពី​ការចាប់ផ្តើម​របស់ខ្ញុំ​នៅក្នុង​វិស័យ​រចនា​ក្រាហ្វិក​។ កាលពី​រយៈពេល ៩ ឆ្នាំមុន ខ្ញុំ​បានសម្រេច​ចិត្ត​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គំនូរ​សារគមនាគមន៍ ពីព្រោះ​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ធ្វើការ​ជាមួយ​កុំព្យូទ័រ (​បច្ចេកវិទ្យា​ព័ត៌មាន​) ហើយ​ខ្ញុំ​ពិតជា​ចូលចិត្ត​គិត​អ្វី ដែល​ប្លែក និង​ច្នៃប្រឌិត​។ លើសពីនេះទៅទៀត បងប្រុស​របស់ខ្ញុំ គាត់​ក៏​ជា​អ្នក​រចនា​ក្រាហ្វិក​មួយរូប ដែល​តែងតែ​ជា​កម្លាំងចិត្ត​សម្រាប់​ខ្ញុំ​ក្នុងការ​ជ្រើសរើស​មុខជំនាញ​នេះ ហើយ​គាត់​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ប្រើប្រាស់​កម្មវិធី​រចនា​ផ្សេងៗ ដូចជា​កម្មវិធី​កាត់ត Photoshop ជាដើម ។ ម្យ៉ាងទៀត​ខ្ញុំ​ក៏​ចង់​ពង្រីក​ជំនាញ​វិជ្ជាជីវៈ​របស់ខ្ញុំ​ក្នុងការ​រចនា​លើ​ឡូហ្គោ និង​ការ​វេច​ខ្ចប់​សំបក​ផលិតផល​បន្ថែម​ទៀត​។ 

  
ត្រូវចាប់ផ្តើមត្រួសត្រាយផ្លូវ ហើយព្យាយាមសម្រេចក្តីសុបិនរបស់អ្នក៖ 

ការធ្វើការនៅក្រុមហ៊ុន KOUPREY ខ្ញុំអាចទទួលបានបទពិសោធន៍បន្ថែមទៀតក្នុងការដុសខាត់ជំនាញរបស់ខ្ញុំខាងផ្នែករចនា ពីព្រោះមិត្តរួមការងារទាំងអស់នៅ KOUPREY មានបទពិសោធន៍ ទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ ហើយពួកគេចេះជួយគ្នាទាំងផ្នែកបច្ចេកទេស និងផ្នែកផ្លូវអារម្មណ៍ ដើម្បីជំរុញគម្រោងនីមួយៗ ទៅមុខដោយរលូន។ 
 
ជាក់ស្តែងនៅពេលណា ដែលខ្ញុំគិតអ្វីមួយមិនចេញ និងស្មុគស្មាញ ក្រុមការងារតែងតែជួយខ្ញុំ ហើយវាពិតជាធ្វើឱ្យខ្ញុំលែងព្រួយបារម្ភពីអ្វីទាំងអស់។ និយាយដោយស្មោះត្រង់ ខ្ញុំគិតថា ក្រុមហ៊ុន KOUPREY គឺពិតជាកន្លែងធ្វើការដ៏ល្អសម្រាប់ខ្ញុំ ព្រោះខ្ញុំអាចទទួលបានទាំងបទពិសោធន៍ ដែលពង្រីកអាជីពរបស់ខ្ញុំ ហើយខ្ញុំក៏ទទួលបានជំនាញបន្ថែមទៀតពីមនុស្សមកពីគ្រប់មជ្ឈដ្ឋាន។

កញ្ញាក៏បានបន្ថែមទៀតថា៖ «ខ្ញុំជឿជាក់ថា អាជីពនេះគឺជាការបោះជំហានសំខាន់មួយសម្រាប់ខ្ញុំក្នុងការស្វែងយល់បន្ថែមលើជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំផងដែរ ហើយវាពិតជាមានប្រយោជន៍សម្រាប់គោលដៅអនាគតរបស់ខ្ញុំណាស់ ដោយខ្ញុំមានបំណងចង់ធ្វើអាជីវកម្មផ្ទាល់ខ្លួននាពេលអនាគត»។ ជាមួយនឹងបទពិសោធន៍មួយនេះ ខ្ញុំមិនត្រឹមតែកែលម្អខ្លួនខ្ញុំមួយជំហានម្តងៗ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យខ្ញុំយល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្ញុំផងដែរ ដូច្នេះខ្ញុំអាចពង្រឹងការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ខ្ញុំបាន។


ដើម្បីត្រៀមខ្លួនសម្រេចបានអ្វី អ្នកត្រូវតែពង្រឹងសម្មត្ថភាពរបស់អ្នក៖

«គ្មានការឈឺចាប់ ក៏គ្មានការរីកចម្រើនដែរ!» ការសិក្សាតែងតែមានឧបសគ្គ ដូច្នេះដើម្បីរក្សាការសិក្សារបស់ខ្ញុំឱ្យបានល្អ ខ្ញុំតែងតែសុំដំបូន្មានបន្ថែមពីសាស្រ្តាចារ្យ និងមិត្តភក្តិរាល់ពេល ដែលខ្ញុំមិនយល់នូវមុខវិជ្ជាណាមួយ។ ដើម្បីពង្រឹងជំនាញរបស់ខ្ញុំ ខ្ញុំបានចំណាយពេលនៅក្នុងបណ្ណាល័យ ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និងរៀនជំនាញបច្ចេកទេសបន្ថែមទៀតដូចជា កម្មវិធី Illustrator និង Photoshop នៅលើយូធ្យូប។ 

ក្នុងនាមជាអ្នករចនាក្រាហ្វិក ទាមទារឱ្យមានគំនិតច្នៃប្រឌិត និងគំនិតថ្មីៗ។ ដើម្បីប្រឈមមុខនឹងបញ្ហានេះ ខ្ញុំតែងតែធ្វើការស្រាវជ្រាវបន្ថែមទៀតនៅលើគេហទំព័រផ្សេងៗ ដើម្បីស្វែងយល់ពីគោលគំនិតផ្សេងៗ របស់សិល្បករល្បីៗ នៅជុំវិញពិភពលោក។ ដូច្នេះខ្ញុំអាចបង្កើតគំនិតច្នៃប្រឌិតថ្មី និងបំផុសគំនិតដោយការរួមបញ្ចូលអ្វី ដែលខ្ញុំបានរៀនពីប្រភពផ្សេងៗ គ្នាហើយខ្ញុំអាចបង្កើតអ្វី ដែលថ្មី និងគួរឱ្យចាប់អារម្មណ៍សម្រាប់អតិថិជនផងដែរ។
ដើម្បីបញ្ចេញសមត្ថភាពរបស់ខ្ញុំទៅកាន់ក្រុមរបស់ខ្ញុំ ខ្ញុំតែងតែខិតខំប្រឹងប្រែង ដើម្បីស្វែងយល់បន្ថែមពីគោលគំនិតសំខាន់ៗ នៃគម្រោងនីមួយៗ ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ចប់គម្រោងនោះ។ ជាពិសេស ខ្ញុំក៏បានផ្តល់ជាគំនិតច្នៃប្រឌិតថ្មីដល់អតិថិជន និងស្រាវជ្រាវបន្ថែមទៀតអំពីអាជីវកម្មរបស់អតិថិជន និងអ្វីដែលអតិថិជនផ្តោតសំខាន់លើ។
កុំឱ្យបរិបទជុំវិញខ្លួនអ្នករារាំងឱកាសរបស់អ្នក៖

តាមការកត់សម្គាល់បានឃើញថា នៅក្នុងវិស័យរចនាក្រាហ្វិក អតុល្យភាពយេនឌ័រ គឺជាបញ្ហាប្រឈមមួយ ដោយចំនួនអ្នករចនាក្រាហ្វិកកាន់តែតិចទៅៗ។ ជាក់ស្តែងក្នុងកំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ខ្ញុំឃើញថា ចំនួនស្រ្តី ដែលសិក្សាជំនាញនេះ គឺមិនតិចទេ ប៉ុន្តែបន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេក៏សម្រេចចិត្តធ្វើការក្នុងវិស័យនេះអស់រយៈពេលត្រឹមតែពីរបីឆ្នាំតែប៉ុណ្ណោះ ហើយក៏បោះបង់ការងារ ដោយសារតែមានបន្ទុកក្នុងការថែរក្សាគ្រួសាររបស់ពួកគេបន្ទាប់ពីរៀបការរូច ចំណែកឯអ្នកផ្សេងទៀតប្រហែលជាសម្រេចចិត្តធ្វើអាជីវកម្មផ្ទាល់ខ្លួននៅក្នុងវិស័យផ្សេងៗទៀត។
 
ជាចុងក្រោយចំពោះមតិរបស់ខ្ញុំផ្ទាល់ ប្រសិនបើអ្នកគ្រប់គ្នា ជាពិសេសបងៗ ជាស្រ្តីពិតជាពេញចិត្តនឹងមុខជំនាញមួយនេះ ខ្ញុំជំរុញទឹកចិត្តឱ្យធ្វើការស្រាវជ្រាវបន្ថែមទៀតអំពីមុខវិជ្ជានីមួយៗ ក្នុងវិស័យមួយនេះ ព្រោះមនុស្សទូទៅយល់ច្រឡំថា ការរចនាក្រាហ្វិកស្រដៀងគ្នាជាមួយមុខវិជ្ជាព័ត៌មានវិទ្្យា ហើយពួកគេប្រហែលជាគិតថា វាទំនងជាសាកសមសម្រាប់បុរសជាជាងស្ត្រី។
 
មួយវិញទៀតខ្ញុំគិតថា ការសិក្សានៅក្នុងបរិយាកាស ដែលសម្បូរដោយបុរសពិតជាមិនមែនជាបញ្ហាប្រឈមសម្រាប់យើងទៀតទេ ពីព្រោះឥឡូវនេះមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា ហើយមនុស្សគ្រប់រូបក៏កាន់តែយល់ដឹងអំពីសមភាពយេនឌ័រផងដែរ។

 
អ្វីដែលជាឧបសគ្គបន្ទាប់ទៀតនោះគឺ គ្រូសារដែលភាគច្រើនពួកគេប្រហែលជាគិតថា មុខជំនាញនេះមិនសមនឹងស្ត្រី ហើយវាមិនមែនជាការងារដែលទទួលបានប្រាក់ខែខ្ពស់នោះទេ។ ផ្ទុយទៅវិញពួកគេបែរជាគិតថា កូនស្រីគួរសិក្សាផ្នែកធនាគារ ដែលជាទូទៅត្រូវបានគេមើលឃើញថាសាកសមសម្រាប់មនុស្សស្រី។
 
ជាសំណាងល្អ ឪពុកម្តាយរបស់ខ្ញុំតែងតែលើកទឹកចិត្តខ្ញុំឱ្យសិក្សាអ្វី ដែលខ្ញុំចូលចិត្ត ព្រោះពួកគាត់យល់ច្បាស់ថា ប្រសិនបើខ្ញុំជ្រើសរើសធ្វើអ្វី ដែលខ្ញុំចូលចិត្ត ខ្ញុំនឹងមានកម្លាំងចិត្តដើម្បីសម្រេចបាន ហើយនឹងមិនបោះបង់ចោលវាឡើយ។

ទន្ទឹមនឹងនេះខ្ញុំក៏បានពន្យល់ពួកគាត់ឱ្យយល់ច្បាស់អំពីមូលហេតុ ដែលខ្ញុំជ្រើសរើសមុខជំនាញនេះ។ ដូចដែល ខ្ញុំបានចងចាំនៅពេលនោះខ្ញុំបានប្រាប់ពួកគាត់ថាជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យា យើងនឹងអាចទទួលបានឱកាសកាន់តែច្រើនពីមុខជំនាញនេះ។ ជាពិសេសដោយសារបងប្រុសរបស់ខ្ញុំជាអ្នករចនាក្រាហ្វិកស្រាប់ពួកគាត់ក៏កាន់តែយល់ច្បាស់ពីជំនាញមួយនេះ និងទទួលយកការពន្យល់របស់ខ្ញុំដោយគ្មានលក្ខខណ្ឌ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com