ជាតិ
សេដ្ឋកិច្ច
កម្ពុជាចាប់ផ្តើមនាំចេញផ្លែស្វាយជាផ្លូវការទៅចិន ចំនួនជិត៦០តោន 04, Dec 2020 , 11:29 am
កម្មករប្រុស-ស្រីរបស់ក្រុមហ៊ុន ហ៊ុន ទី កំពុងវេចខ្ចប់ផ្លែស្វាយកែវរមៀត សម្រាប់នាំចេញទីផ្ដារប្រទេសចិនជាផ្លូវការ។ រូបថត៖ ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម។
× ភ្នំពេញ៖ កម្ពុជា ចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ចំនួន៥៨,៣៥០តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនដោយ ក្រុមហ៊ុន ហ៊ុន ទី។ នេះជាលើកឡើងរបស់ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយបញ្ជាក់ថា ក្រុមហ៊ុននេះ បាននាំចេញស្វាយស្រស់របស់កម្ពុជា លើកដំបូកចំនួនមួយកុងតឺន័រ(Container)ដែលមានទម្ងន់២៩,៨៥តោន ទៅកាន់ប្រទេសចិន កាលពីទី១ធ្នូ ដោយសង្ឃឹមនឹងទៅដល់ នាថ្ងៃទី៤ធ្នូ។ សម្រាប់ការដឹកជញ្ជូនស្វាយរបស់កម្ពុជាលើកទីពីរចំនួន២៨,៨តោន នឹងទៅដល់ចិននៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០២០។
លោក វេង សាខុន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី៤ធ្នូនេះ ថា ក្រុមហ៊ុន ហ៊ុន ទី បាននាំស្វាយស្រស់របស់កម្ពុជាទៅចិន ដោយឆ្លងការប្រទេសវៀតណាម។ បើតាមរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ ក្រុមហ៊ុននេះ ក៏បាននាំចេញស្វាយកម្ពុជាទៅចិនជាលើកទីបី នាព្រឹកថ្ងៃទី៤ធ្នូ ផងដែរ។
ឡាន Container របស់ក្រុមហ៊ុន ហ៊ុន ទី បានដឹកផ្លែស្វាយកែវរមៀត ទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម។ រូបថត៖ ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម។
ក្រុមហ៊ុនបានអះអាងប្រាប់លោក វេង សាខុន ថា ការរៀបចំកិច្ចដំណើរការ ប្រមូលផលស្វាយ ការរៀបចំលៀងសម្អាត ការបែងចែកចំណាត់ថ្នាក់ស្វាយ ការសម្លាប់សមាសភាពចង្រៃ ការវេចខ្ចប់ ការរៀបចំទុកដាក់បញ្ចូលទៅក្នុងContainer និងការដឹកជញ្ជូនទៅកាន់ប្រទេសចិន គឺពុំមានជួបបញ្ហាប្រឈមណាមួយឡើយ។ ក្រុមហ៊ុននេះ មានគម្រោងនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនឱ្យបានពី ៥០ទៅ៣០០ Containers (ទម្ងន់១,៥០០ទៅ ៨,៤០០តោន) ក្នុងមួយថ្ងៃ នៅពេលដែលមជ្ឈមណ្ឌល Agricultural Industrial Zone & Economic Zone ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ថ្មី (ល្បឿនលឿន) ដែលមានចម្ងាយប្រមាណជា ១២៩គីឡូម៉ែត្រពីភ្នំពេញ ត្រូវបានកសាងរួចរាល់។
បើតាមលោក វេង សាខុន ក្រុមហ៊ុន ហ៊ុន ទី ក្រោយពីបញ្ចប់ការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ(ពងរុយ)ក្នុងផ្លែស្វាយរួចរាល់មក ក៏ចាប់ផ្តើមដឹកជញ្ជូនស្វាយពីចម្ការមកសម្អាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន៧០នាក់ និងប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលផ្លែស្វាយទៅក្នុងមួយកុងតឺន័រ។ ក្រុមហ៊ុន ហ៊ុន ទីសង្ឃឹមថា ក្រោយទទួលបានបទពិសោធន៍ពីការលៀងសម្អាតនិងវេចខ្ចប់ផ្លែស្វាយ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន នាពេលខាងមុខ។ ក្រុមហ៊ុន ហ៊ុន ទី បានបោះទុនវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសម្អាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា កាលពីឆ្នាំ២០១៧។
សូមរម្លឹកថា កម្ពុជាអាចនាំចេញផ្លែស្វាយជាផ្លូវការទៅប្រទេសចិនបានចំនួន៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ ក្រោយភាគីទាំងពីរបានរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយជាផ្លូវ កាលពីថ្ងៃទី៩មិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
© រក្សាសិទ្ធិដោយ thmeythmey.com