COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ច្រើន​បំផុត​ក្នុង​រយៈពេល​៩​ខែ​
04, Dec 2020 , 1:50 pm        
រូបភាព
បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូង។ រូបភាព៖AFP
បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូង។ រូបភាព៖AFP
ដោយ:
​ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៤ ធ្នូ បានប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើន​បំផុត​ក្នុង​រយៈពេល​៩​ខែ​ចុងក្រោយ ដោយមាន​ដល់​ទៅ​៦២៩​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​មុន​។ ការផ្ទុះ​ករណី​ឆ្លង​ច្រើន​បែបនេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កាន់តែ​បារម្ភ​ថែមទៀត​ដោយសារ​សិស្ស​ចំនួន​៥​សែន​នាក់ ត្រូវ​ប្រឡង​ចូល​សាកលវិទ្យាល័យ​។​
 
​ករណី​ឆ្លង​ថ្មី​ចំនួន​៦២៩​ករណី នាំ​ឲ្យ​កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​សរុប​ចំនួន​៣៦,៣៣២​ករណី និង​អ្នកស្លាប់​ចំនួន​៥៣៦​នាក់​។ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​អះអាងថា ករណី​ឆ្លង​ចំនួន​៦០០ ឬ​ប្រមាណ​៨០​គាគ​រយ​នៃ​ករណី​ថ្មី​កើតឡើង​ក្នុង​តំបន់​ដែលមាន​ប្រជាជន​ច្រើន​កុះករ និង​ដែលជា​កន្លែង​ដែល​ធ្លាប់មាន​ការផ្ទុះ​ជំងឺឆ្លង​ពីមុនមក​។​
 
​ឆ្លើយតប​ទៅនឹង​ស្ថានការណ៍​នេះ លោក Chung Sye-kyun នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លើកឡើងថា ចំនួន​ឆ្លង​នៅតែ​កើនឡើង​ក្នុង​កម្រិត​អាសន្ន​មួយ បើទោះបីជា​រដ្ឋាភិបាល​បាន​បន្តឹង​វិធាន​គម្លាត​សុវត្ថិភាព​កាលពី​ចុងខែ​វិច្ឆិកា​មក​។​លោក​ថា រដ្ឋាភិបាល​នឹង​សម្រេចចិត្ត​លើ​ការ​រឹតត្បិត​បន្ថែមទៀត​នៅ​ថ្ងៃទី​៦ ធ្នូ​។​
 
«​មាន​រយៈពេល​១០​ថ្ងៃ​ហើយ​ដែល​យើង​រឹតបន្តឹង​គម្លាត​សុវត្ថិភាព​ដំណាក់កាល​ទី​២ ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប៉ុន្តែ​ករណី​ឆ្លង​សឹងតែ​មិនអាច​គ្រប់គ្រង​បាន​»​។ នេះ​ជាការ​និយាយ​របស់លោក Chung ក្នុងការ​ប្រជុំ​របស់រ​ដ្ឋា​ភិ​បាល ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ ចាប់​តាំងតែ​ពីថ្ងៃ​ទី​២៩ វិច្ឆិកា​មក កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​យ៉ាងហោចណាស់​៤៥០ ទៅ​៥០០​ករណី​ក្នុង​មួយថ្ងៃ​។​
 
​អ្នកជំនាញ​សុខាភិបាល ព្រមាន​ថា បើសិន​អាជ្ញាធរ​មិន​ចាត់វិធានការ​បន្តឹង​ទាន់ពេល​ទេ នោះ​ក្នុង​រយៈពេល​១ ទៅ​២​សប្តាហ៍​ខាងមុខ ករណី​ឆ្លង​អាច​នឹង​កើនឡើង​ពី​ចំនួន​៧០០ ទៅ​១,០០០​ករណី​ក្នុង​មួយថ្ងៃ​។ អ្នកជំនាញ​ក៏​ទាមទារ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​កម្រិត​ប្រកាសអាសន្ន ទៅ​កម្រិត​ទី​២​នៃ​កម្រិត​ទាំង​៥ ។ មុននឹង​មានការ​ផ្ទុះឡើង​លើក​នេះ អាជ្ញាធរ​សុខាភិបាល​ធ្លាប់​ព្រមាន​ម្តង​ហើយពី​ការកើនឡើង​ចំនួន​ការឆ្លង​ក្នុង​រដូវរងារ និង​ក្រោយពេល​ជួបជុំ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​។​
 
​នៅពេល​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-១៩ ដំបូង កូរ៉េខាងត្បូង​ត្រូវបាន​ពិភពលោក​កោត​ស​សើរ​ចំពោះ​វិធានការ​ដ៏​រហ័ស​ក្នុង​ការបង្ការ និង​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។ ប៉ុន្តែ​ចាប់តាំងពី​ខែតុលា​មក ករណី​ឆ្លង​មានការ​កើនឡើង​ក្រោយ​អាជ្ញាធរ​បន្ធូរបន្ថយ​វិធាន​គម្លាត​សុវត្ថិភាព​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏បាន​បន្តឹង​វិធាន​សុខាភិបាល​នៅ​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​។​
 
​បន្ថែម​ពីនេះ អាជ្ញាធរ​ក៏​បារម្ភ​ផងដែរ​ចំពោះ​ករណី​ឆ្លង​ក្នុងចំណោម​សិស្ស​៥​សែន​នាក់​ដែល​កំពុង​ប្រឡង​ចូល​សាកលវិទ្យាល័យ​។ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង ទទូច​ឲ្យ​សិស្ស​កុំទៅ​កន្លែង​ដែលមាន​ការឆ្លង​ខ្ពស់​ដូចជា​រង្គសាល ខារ៉ាអូខេ ឬ​ហាង​កា​ហ្វ សម្រាប់​ជួបជុំ​អបអរសាទ​ក្រោយពេល​ប្រឡង​ចប់​។​
 
​យ៉ាងណាមិញ មិនទាន់​ទាំង​ប្រឡង​ផង សិស្ស​កូរ៉េខាងត្បូង​ចំនួន​៤៣០​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ទៅហើយ​។ ជា​វិធានការ​តប ក្រសួង​អប់រំ​កូ​រ៉​ខាងត្បូង​បាន​បង្កើន​បន្ទប់​ចំនួន​៥៨៣​ផ្សេងទៀត ឲ្ស​សិស្ស​ទាំងនោះ​ប្រឡង​ដោយឡែក​ពី​គេ​៕
 
 
 

Tag:
 ​កូរ៉េខាងត្បូង​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com