COVID-19
ជាតិ
អ្នកជំនាញកម្ពុជា សន្និដ្ឋានជាបឋមថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចបណ្តាលមកពីក្រុម​វីរុស Clad 19B
04, Dec 2020 , 1:05 pm        
រូបភាព
ទីស្នាក់ការកណ្ដាលរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានី ភ្នំពេញ។ រូបភាពពីហ្វេសប៊ុករបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
ទីស្នាក់ការកណ្ដាលរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានី ភ្នំពេញ។ រូបភាពពីហ្វេសប៊ុករបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
ក្រុមអ្នកជំនាញវេជ្ជសាសស្រ្តនៃក្រសួងសុខាភិបាលនិងក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសិក្សាស្រាវជ្រាវរួមគ្នា ដើម្បីស្វែងរកប្រភពពិតប្រាកដនៃការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នៅប្រទេសកម្ពុជា ដែលរដ្ឋាភិបាលដាក់ឈ្មោះឲ្យថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។


ក្រោយការសិក្សារួមគ្នាមក ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តទាំង២ស្ថានប័ននេះ បានទាញសេចក្តីសន្និដ្ឋានជាបឋមថា ប្រភពវីរុស ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចជាក្រុមវីរុសម្យ៉ាងឈ្មោះ Clad 19B។ លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល យកមកជម្រាបដល់សាធារណជន តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់លោក នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

សារព័ត៌មាន The Times of India របស់ឥណ្ឌា បានស្រង់ការពន្យល់របស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តយកទៅចុះផ្សាយថា វីរុស Clad 19B ជាប្រភេទវីរុសមួយ ក្នុងចំណោមវីរុសផ្សេងទៀត ដែលជាអម្បូរ (ហ្សេន) នៃជំងឺកូវីដ-១៩។ ប្រភេទវីរុស ដែលជាអម្បូរនៃជំងឺកូវីដ-១៩ មានដូចជា Clad 19A, Clad 19B, Clad 20A, Clad 20B, និង Clad 20C ជាដើម។ ប្រភេទវីរុសទាំងនេះ អាចបង្កទៅជាជំងឺកូវីដ-១៩។ 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោករដ្ឋមន្រ្តីដដែល វីរុស Clad 19B នេះ អាចមកពីតំបន់អាស៊ី អាហ្វ្រិក និង អូស្រាលី ដែលបានចរាចរចូលកម្ពុជាក្នុងអំឡុងខែតុលា ឆ្នាំ២០២០ រហូតដល់ពេលផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា)។

រដ្ឋមន្រ្តីសុខាភិបាល អះអាងទៀតថា តាមការពិចារណាយ៉ាងហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺ ដែលបំបែកបន្តៗគ្នា ដើម្បីរកភាពដូចគ្នានៃវីរុសកូវីដ-១៩ ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងគ្នា បានបង្ហាញថា ព្រឹត្តិការណ៍២៨វិច្ឆិកា មិនទាក់ទងនឹងព្រឹត្តិការណ៍៣វិចិ្ឆកានោះទេ។ វា មានន័យថា ព្រឹត្តិការណ៍៣វិច្ឆិកា មិនមែនជាប្រភពដែលបង្កឲ្យមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឡើយ។

ព្រឹត្តិការណ៍៣វិច្ឆិកា គឺសំដៅដល់ដំណើរទស្សនកិច្ចរបស់លោក ដែលសំដៅដល់ដំណើរទស្សនកិច្ចរបស់លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី និងគណៈប្រតិភូរបស់លោក នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មក លោក ក៏ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែវិច្ឆិកា ពេលទៅដល់ប្រទេសថៃ។

មានមនុស្ស៣-៤ពាន់នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ-១៩។ ក្នុងចំណោមមនុស្ស៣-៤នាក់នោះ ក្រសួងសុខាភិបាល រក៤នាក់ ដែលមានជំងឺកូវីដ-១៩។ អ្នកទាំង៤នោះ មានជនជាតិខ្មែរ៣នាក់ គឺ តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និង អង្គរក្ស ហើយម្នាក់ទៀត គឺលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។

រដ្ឋមន្រ្តីសុខាភិបាល បញ្ជាក់ថាក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ជាជំហានបន្ទាប់ ក្រុមការងារ កំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសនៃព្រឹត្តិការណ៍២៨វិច្ឆិកា»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានអំពាវនាវឲ្យសាធារណជន រក្សាស្មារតីឲ្យបាននឹងន ហើយបន្តការពារខ្លួនពីជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព កាត់បន្ថយការជួបជុំ និង មិនគួរចេញក្រៅផ្ទះ បើមិនចាំបាច់ ជាដើម។

គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានមនុស្សជាង៩,៧ពាន់នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយរកឃើញ២៣នាក់ហើយ ដែលមានមេរោគកូវីដ-១៩នេះ។ ចំពោះចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា គឺកើនឡើងដល់៣៣៥នាក់ ដោយគិតត្រឹមថ្ងៃទី៣ ខែធ្នូ តែក្នុងចំណោមនោះ មាន៣០៤នាក់ បានជាសះស្បើយវិញ៕

Tag:
 ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
  វីរុស Clad 19B
© រក្សាសិទ្ធិដោយ thmeythmey.com