ជនជាតិវៀតណាមម្នាក់ ដែលជាបុគ្គលិកបម្រើការលើយន្តហោះ អាចប្រឈមនឹងបទចោទ «ចម្លងជំងឺឆ្លងទៅអ្នកដទៃ» បន្ទាប់ពីមិនបានគោរពវិធានចត្តាឡីស័ករបស់ក្រសួងសុខាភិបាលវៀតណាម។ បទចោទនេះ អាចនឹងត្រូវដាក់ពន្ធនាគាររហូតដល់ ១២ឆ្នាំ។
ប៉ូលិសវៀតណាម នៅថ្ងៃទី៣ ខែធ្នូ កំពុងស៊ើបអង្កេតលើករណីបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ដែលជាជនជាតិវៀតណាមពាក់ព័ន្ធបំពានបម្រាមកូវីដ-១៩ របស់រដ្ឋាភិបាល។ បុរសរូបនេះ បានចម្លងកូវីដ-១៩ ទៅមនុស្សចំនួន ៣នាក់ផ្សេងទៀតនៅក្នុងទីក្រុងហូជីមិញ ហើយអាចនឹងរងបទចោទ «ចម្លងជំងឺឆ្លងគ្រោះថ្នាក់ទៅមនុស្សផ្សេងទៀត» ដែលមានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Vietnam Express។
នេះជាលើកទីមួយហើយ ដែលអ្នកបំពានបទបញ្ញាត្តិទប់ស្កាត់កូវីដ-១៩ មានលក្ខណៈបទឧក្រិដ្ឋ ខណៈពេលកន្លងមក មានត្រឹមតែបង់ប្រាក់ពិន័យប៉ុណ្ណោះ។
ដំបូងឡើយអ្នកផ្ទុកកូវីដ-១៩ វ័យ ២៨ ឆ្នាំរូបនេះ បានត្រលប់មកពីជប៉ុន និងដាក់ចត្តាឡីស័ករយៈពេល ៤ថ្ងៃ។ ក្រោយពីធ្វើតេស្តរកឃើញអវិជ្ជមានចំនួន ពីរដងមក បុរសរូបនេះ បានសុំមកដាក់ចត្តាឡីស័កនៅផ្ទះវិញ។ ១៥ថ្ងៃបន្ទាប់ពីត្រលប់មកពីជប៉ុនវិញ បុរសរូបនេះ បានតេស្តរកឃើញវិជ្ជមាន និងចម្លងជំងឺនេះ ទៅគ្រូភាសាអង់គ្លេសម្នាក់នៅក្នុងទីក្រុងហូជីមិញ ក្រោយជួបគ្នា។
ក្រោយមក អាជ្ញាធរ បានរកឃើញថា ក្មួយ និងសិស្សរបស់គ្រូភាសាអង់គ្លេស ក៏ឆ្លងកូវីដ-១៩ ផងដែរ។ ទន្ទឹមនេះ អ្នកបម្រើការលើយន្តហោះនេះ បានទៅខាងក្រៅ និងមានទំនាក់ទំនងជាមួយម្តាយ និងមិត្តភក្តិរបស់ខ្លួនថែមទៀត។
ក្រោមវិធានទប់ស្កាត់កូវីដ-១៩ របស់វៀតណាម បុគ្គលិកធ្វើការលើយន្តហោះ ត្រូវតែដាក់ចត្តាឡីស័ក។ ប៉ុន្តែអ្នកបម្រើការលើយន្តហោះ បានដាក់ចត្តាឡីស័កនៅកន្លែងមួយ និងបានឆ្លងកូវីដ-១៩ ពីបុគ្គលិកបម្រើការលើយន្តហោះម្នាក់ទៀតដែលត្រលប់ពីរូម៉ានី។ ក្រុមហ៊ុនយន្តហោះរបស់បុរសខាងលើ ចេញមុខសុំទោសជាសាធារណៈ។
ចំណែកក្រសួងដឹកជញ្ជូន ក៏បានចេញចំណាត់ការថ្មីផងដែរ ដោយបញ្ជាថា រាល់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានបុគ្គលិកបម្រើការលើយន្តហោះ មិនគោរពតាមវិធានទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាល និងចម្លងកូរ៉ូណាវីរុសនៅក្នុងប្រទេស នឹងមិនអនុញ្ញាតឲ្យមានការហោះហើរជាអន្តរជាតិតទៅទៀតឡើយ។
បន្ទាប់ពីមានករណីឆ្លងនៅក្នុងស្រុកលើកដំបូង ក្នុងរយៈពេល ៨៩ថ្ងៃចុងក្រោយ វៀតណាម បានបញ្ជាឲ្យផ្អាកជើងហោះហើរចូលមកក្នុងស្រុកទាំងអស់ លើកលែងតែជម្លៀសប្រជាជនរបស់ខ្លួនចូលមកក្នុងស្រុកវិញ ក្រោមហេតុផលថា ទប់ស្កាត់ករណីឆ្លងនៅក្នុងស្រុក និងងាយស្រួលគ្រប់គ្រងអ្នកដាក់ចត្តាឡីស័ក។
គិតត្រឹមថ្ងៃទី៣ ខែធ្នូ វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១៣៦១ករណី អ្នកស្លាប់មានចំនួន ៣៥នាក់ និងអ្នកជាសះស្បើយមានចំនួន ១២០៩នាក់៕