ជាតិ
ប្រាសាទព្រះគោ ជាប្រាសាទបុរាណតែមួយគត់នៅស្ទឹងត្រែងដែលរក្សាទ្រង់ទ្រាយ 05, Dec 2020 , 8:59 am
×
ដោយ៖ ស៊ុល រ៉វី
ខេត្តស្ទឹងត្រែង ត្រូវបានគេស្គាល់តាមរយៈតំបន់អេកូទេសចរណ៍សម្បូរបែប ក៏ដូចជាជីវៈចម្រុះទាំងឡាយ ប៉ុន្តែខេត្តភាគឦសាននៃកម្ពុជាមួយនេះ ក៏មានប្រាសាទបុរាណ ក៏ដូចជាសំណង់គ្រឹះប្រាសាទបុរាណដែលនៅសេសសល់ផងដែរ។ ប្រាសាទព្រះគោ ឬប្រាសាទស្រី ជាភស្ដុតាង ដែលបន្សល់ទុកនា ពេលសព្វថ្ងៃនៅក្នុងខេត្តស្ទឹងត្រែង។
ប្រាសាទព្រះគោ ជាប្រាសាទតែមួយគត់ ដែលនៅរក្សារូបរាងមួយផ្នែកធំ នៅក្នុងខេត្តស្ទឹងត្រែង។ ប្រាសាទមួយនេះ កសាងឡើងចុងសតវត្សទី៦ និងដើមសតវត្សទី៧ សង់ពីថ្មភក់ និងឥដ្ឋ។ ប្រាសាទព្រះគោ មានតួប៉មកម្ពស់ ៤ម៉ែត្រ បណ្ដោយ១ជុំ ប្រវែង១១ម៉ែត្រ។ នៅខាងមុខប្រាសាទមួយនេះ មានរូបសំណាកព្រះគោដែលជាទីសក្ការៈគោរពបូជា របស់ប្រជាពលរដ្ឋសុំសេក្ដីសុខ ហើយជារៀងរាល់ឆ្នាំ អ្នកភូមិតែងតែធ្វើបុណ្យប្រាសាទក្នុងខែមីនា និងល្បែងប្រជាប្រិយផ្សេងៗផងដែរ។ នេះបើតាមរបាយការណ៍របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង។
ប្រាសាទដែលជាទីសក្ការៈមួយនេះ មានទីតាំងស្ថិតនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ខាងលិចមាត់ទន្លេមេគង្គប្រមាណជា ៣០០ម៉ែត្រ។ លោកស្រី ញោច សារឿន ប្រធានទីស្ដីការមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ប្រាប់សារព័ត៌មាន Thmey Thmey 25 ថាសព្វថ្ងៃ ប្រាសាទនេះ មានសភាពចុះទ្រុឌទ្រោមផងដែរ ដោយសារតែប្រាសាទនេះមានអាយុកាលយូរណាស់ហើយ។ តាមលោកស្រី ញោច សារឿន កន្លងមកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំ ថែរក្សាប្រាសាទព្រះគោនេះ ដោយមានឆ្មាំប្រចាំការនៅទីនោះ ក្នុងការការពារ និងសម្អាតផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីប្រាសាទព្រះគោមួយនេះ នៅក្នុងខេត្តស្ទឹងត្រែង ក៏មាននៅសល់សំណង់គ្រឹះប្រាសាទផ្សេងៗទៀត ដែលជាអតីតទីតាំងប្រាសាទដែលកសាងឡើងនៅចុងសតវត្សទី៦ ដើមសតវត្សទី៧រួមមាន ប្រាសាទភ្នំប្រហោង ប្រាសាទភ្នំប្រាសាទ ប្រាសាទប្រាំបីល្វែង (ប្រាសាទប្រាំបួនល្វែង ឬសាលាប្រាំបីល្វែង) ប្រាសាទរិទ្ធីសែនជ័យ១ ប្រាសាទប្រុស ប្រាសាទកំណប់ ប្រាសាទបាដើម ប្រាសាទគូ និងប្រាសាទភ្នំធាតុជាដើម៕
Tag:
ថ្មីៗ២៥
Thmeythmey25
ប្រាសាទបុរាណ
ប្រាសាទព្រះគោ
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com