ជាតិ
សង្គមជាតិ
ក្រសួងអប់រំ ហាមពលរដ្ឋហាត់ប្រាណ និងលេងកីឡានៅស្តាតអូឡាំពិក មួយរយៈសិន 04, Dec 2020 , 4:14 pm
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំឲ្យពលរដ្ឋផ្អាកទៅហាត់ប្រាណ និងលេងកីឡានៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែធ្នូ។ នោះក៏ព្រោះតែក្រសួងសុខាភិបាល នឹងយកទីតាំងនោះ ធ្វើតេស្តសុខភាពលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩កាន់តែច្រើនឡើង ក្រសួងអប់រំណែនាំបុគ្គលិកដែលបម្រើការនៅពហុកីឡដ្ឋានជាតិអូឡាំពិកទាំងអស់បន្តធ្វើការនៅផ្ទះ និងតាមអនឡាញវិញ។ ចំពោះអ្នកដែលឧស្សាហ៍មកហាត់ប្រាណ និងលេងកីឡានៅទីនោះ ក៏ត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្នសិនដែរ។
គិតត្រឹមថ្ងៃទី៤ ខែធ្នូ នេះ ក្រសួងសុខាភិបាល ធ្វើតេស្តមនុស្សចំនួន៩,៧៩៣នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកាហើយ។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស ២៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ។ ចំពោះអ្នកអវិជ្ជមានកូវីដ-១៩ទាំងនោះ នឹងបន្តធ្វើតេស្តជាលើកទី២នៅថ្ងៃទី៨ ខែធ្នូ និងតេស្តលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ។
កន្លងមកក្រសួងសុខាភិបាល បានកំណត់យកទីតាំងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឲ្យសិស្សានុសិស្ស និងគ្រូបង្រៀនពិនិត្យសុខភាព រួមទាំងទីតាំងផ្សេងទៀត នៅតាមបណ្ដាខេត្តនីមួយៗ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្រសួងអប់រំ បានណែនាំឲ្យពលរដ្ឋផ្អាកហាត់ប្រាណ និងលេងកីឡា ដែលមានការប្រមូលផ្តុំគ្នាច្រើន រយៈពេល១៥ថ្ងៃ។ ប៉ុន្តែការផ្អាកនេះ គឺសម្រាប់តែពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងសៀមរាបតែប៉ុណ្ណោះ។
នាថ្ងៃដដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋផ្អាកជួបជុំគ្នា រៀបចំកម្មវិធី អាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗផងដែរ។ នាថ្ងៃនោះ សម្តេចក៏បានប្រាប់ទៅលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ឲ្យបិទសាលារៀនទាំងអស់ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ ក្នុងលក្ខណៈទ្រង់ទ្រាយធំ។
ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានប្រកាសផ្អាកដំណើរការរោងភាពយន្ត រោងសម្តែង និងសារមន្ទីរទូទាំងប្រទេសផង។ គិតត្រឹមថ្ងៃទី៤ ខែធ្នូនេះ កម្ពុជាមានឆ្លងកូវីដ-១៩ ចំនួន៣៣៥នាក់ ដោយសះស្បើយ៣០៤នាក់។ អ្នកជំងឺ២៦នាក់កំពុងព្យាបាលនៅពេទ្យខ្មែរសូវៀត និង៥នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕
© រក្សាសិទ្ធិដោយ thmeythmey.com