COVID-19
ជាតិ
ក្រសួង ឲ្យបុគ្គលិកផ្សារទំនើប ធនាគារ និង កន្លែងអាជីវកម្មនានា វាស់កម្ដៅ៣ដងក្នុង១ថ្ងៃ 04, Dec 2020 , 8:29 pm
× ភ្នំពេញ៖ ក្រសួងសុខាភុបាល ចេញវិធានការណែនាំបន្ថែម ដើម្បីពង្រឹងការការពារការឆ្លងកូវីដ-១៩ ពិសេសនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។ ក្រសួងសុខាភិបាល ណែនាំថា បុគ្គលិកនៅតាមទីតាំងទាំងនោះ ត្រូវពាក់ម៉ាស់ឬពាក់របាំងមុខ និងវាស់កម្ដៅឲ្យបាន៣ដងយ៉ាងតិច ក្នុង១ថ្ងៃ។
សេចក្ដណែនាំរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី៤ធ្នូនេះ បានប្រាប់ទៅម្ចាស់អាជីវករផ្សារទំនើប ធនាគារ និងកន្លែងអាជីវកម្មផ្សេងៗ ឲ្យត្រូវពង្រឹងវិធានការបង្ការការឆ្លងកូវីដ-១៩ ដោយណែនាំឲ្យបុគ្គលិកបម្រើការងារទាំងអស់ ឲ្យពាក់ម៉ាស់ឬរបាំងមុខការពារជាប្រចាំ អំឡុងពេលបំពេញការងារ ហើយ អតិថិជនទាំងអស់ ក៏ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ចដែរ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ណែនាំឲ្យម្ចាស់ធនាគារ ផ្សារទំនើប និង ហាងនីមួយៗត្រូវ បំពាក់ម៉ាស៊ីនវាស់កម្ដៅ ឬទែម៉ូម៉ែត្រ សម្រាប់វាស់កម្ដៅដោយដៃ រួមទាំងអាល់កុល ឬជែលលាងដៃនៅគ្រប់ច្រកចេញចូល។ ក្រសួង បន្តថា ម្ចាស់អាជីវកម្មទាំងនោះ ត្រូវរៀបចំទីតាំងឈរឬអង្គុយ សម្រាប់បុគ្គលិក និងអតិថិជនរបស់ខ្លួន ដោយរក្សាគម្លាតសុវត្តិភាពយ៉ាងតិច១ម៉ែត្រកន្លះ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
ក្រសួងសុខាភិបាល បន្ថែមថា ម្ចាស់អាជីវកម្មក៏ត្រូវដាក់ស្លាកសញ្ញាណែនាំពាក់ម៉ាស់ និងរក្សាអនាម័យពេលក្អក-កណ្ដាល នៅទីតាំងដែលអាចមើលឃើញផងដែរ។ ក្រៅពីនេះ ម្ចាស់អាជីវកម្មត្រូវស្វាគមន៍គ្នាតាមការលើកដៃសំពះ ចៀសវាងចាប់ដៃគ្នា។
ក្រសួងសុខាភិបាល ក្រើនរម្លឹកអ្នកគ្រប់គ្រងឬម្ចាស់អាជីវកម្មទាំងអស់ ឲ្យរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធភ្លាម បើជួបករណីសង្ស័យឬឃើញនរណាម្នាក់មានសញ្ញាក្នុងនិយមន័យនៃកូវីដ-១៩៕
Tag:
COVID-19
វិធានការ
ធនាគារ
ផ្សារទំនើប
វាស់កម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com