ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​៤ បង្កើត​កន្លែង​វេច​ខ្ចប់ និង​ដំឡើង​ម៉ាស៊ីន​សម្លាប់​ពងរុយ​ក្នុង​ផ្លែស្វាយ ដើម្បី​នាំទៅ​ចិន
04, Dec 2020 , 9:59 pm        
រូបភាព
រូបតំណាង​៖ កម្មករ​របស់​ក្រុមហ៊ុន ហ៊ុន ទ្រី កំពុង​រៀបចំ និង​វេច​ខ្ចប់​ផ្លែ​ស្វាយកែវ​រមៀត​ទៅ​ប្រទេស​ចិន​។ រូបថត​៖ គណនី​ហ្វេ​ស​ហ៊ុ​ក លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។
រូបតំណាង​៖ កម្មករ​របស់​ក្រុមហ៊ុន ហ៊ុន ទ្រី កំពុង​រៀបចំ និង​វេច​ខ្ចប់​ផ្លែ​ស្វាយកែវ​រមៀត​ទៅ​ប្រទេស​ចិន​។ រូបថត​៖ គណនី​ហ្វេ​ស​ហ៊ុ​ក លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចំនួន​៤ កំពុង​ដំឡើង​ម៉ាស៊ីន​ទំនើប​នានា​ដើម្បី​សម្លាប់​សមាសភាព​ចង្រៃ​(​ពងរុយ​)​ដែល​ចោះ​ផ្លែស្វាយ ដើម្បី​វេច​ខ្ចប់​នាំទៅ​ទីផ្សារ​ប្រទេស​ចិន នា​ដើមឆ្នាំ​២០២១​។  បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រុមហ៊ុន​ទាំង​៤​នោះ នឹង​បញ្ចប់​គម្រោង​ដំឡើង​ម៉ាស៊ីន​សម្លាប់​ពងរុយ នៅ​បំណាច់​ឆ្នាំ​២០២០​។


​ក្រុមហ៊ុន​ទាំង​៤ ដែល​បាន​ដំឡើង​ម៉ាស៊ីន​ទំនើប​ដើម្បី​សម្លាប់​សមាសភាព​ចង្រៃ​ក្នុង​ផ្លែស្វាយ ហើយ​វេច​ខ្ចប់​សម្រាប់​នាំទៅ​ចិន​នា​ដើមឆ្នាំ​២០២១ នោះ មាន​ក្រុមហ៊ុន​បឹងកេត​ផ្លេ​ន​ធី​ង​&​អ៊ិន​ដាស​ស្ទៀល មាន​ទីតាំងនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន​នេះ បាន​តម្លើង​ម៉ាស៊ីន Hot Water Treatment ខណៈ​ក្រុមហ៊ុន អាល់ ហ្សា​ហ្ស៊ី​លេន ហ្វ៊ូ​ដ ភី​ធី​អ៊ី (​ម្ចាស់​ក្រុមហ៊ុន HUNTY CO., LTD) កំពុង​ដំឡើង​ម៉ាស៊ីន​ប្រភេទ​ផងដែរ នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ 
 
​សម្រាប់ ក្រុមហ៊ុន​បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ​-​ថេ​ក ឌី​វេឡុ​ប​ម៉ិ​ន បាន​តម្លើង​ម៉ាស៊ីន​សម្លាប់​សមាសភាព​ចង្រៃ​ផ្លែស្វាយ ប្រភេទ​Vapor Heat Treatment នៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ស្រប​ពេលដែល​ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មាន​ទីតាំងនៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុង​ដឹក​សម្ភារៈ​សាងសង់​កន្លែង​វេច​ខ្ចប់​និង​បរិក្ខា​សម្លាប់​ពងរុយ​ក្នុង​ផ្លែស្វាយ​ពី​ប្រទេស​ចិន​។ នេះ​បើតាម​លោក វេ​ង សាខុន សរសេរ​លើ​គណនី​ហ្វេ​ក​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​៣​ធ្នូ​។ 
 
​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា ក្រៅពី​មាន​ក្រុមហ៊ុន​៤​ខាងលើ ក៏មាន​ក្រុមហ៊ុន​ចំនួន​៧​ផ្សេងទៀត មាន​គម្រោង​បង្កើត​កន្លែង​កែច្នៃ វេច​ខ្ចប់ និង​បំពាក់​ឧបករណ៍​ឬ​សម្ភារ​សម្លាប់​សមាស​ចង្រៃ​ក្នុង​ផ្លែស្វាយ​ឱ្យបាន​មុន​ដំណាច់ឆ្នាំ​២០២០ ដើម្បី​នាំចេញ​ផងដែរ​។ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​៧​នោះ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​វិញ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩(COVID- 19)​។​
 
 
​ក្រុមហ៊ុន​ទាំង​៧ ដែល​ផ្អាក​បណ្តោះអាសន្ន​នូវ​គម្រោង​បង្កើត​កន្លែង​កែច្នៃ​នេះ រួមមាន​ក្រុមហ៊ុន​អង្គរ ហា​វេស ឯ​.​ក​, ក្រុមហ៊ុន​ហ្គ្រី​ន ស៊ី អេ​ហ្គ្រី​ខ​ល​ឈ័​រ​, ក្រុមហ៊ុន ឃី​ង ដឹ​ម​ហ្វ្រូ​ត អ៊ិន​ធើ​ណេ​សិ​នណល​, ក្រុមហ៊ុន Green Centric Farm Co., Ltd, ក្រុមហ៊ុន អង្គរ​ហ្គ្រី​ន អ៊ិន​វេស​មេន អេ​ន ឌី​វេឡុ​ប​មេន (​អេ​ជី​អាយ​ឌី​) និង​ក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co., Ltd​។​
 
​សូម​រម្លឹកថា កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ ទៅ​ប្រទេស​ចិន​បាន​ចំនួន​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ ក្រោយ​ភាគី​ទាំងពីរ​បានរៀបចំ​ផ្លាស់ប្តូរ​ពិធីសារ​នាំ​ផ្លែស្វាយ​ជា​ផ្លូវ កាលពី​ថ្ងៃទី​៩​មិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
 
​ចាប់ពី​ថ្ងៃ​១​ធ្នូ ឆ្នាំ​២០២០ កម្ពុជា​បាន​នាំ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​លើកដំបូង​ចំនួន​ជិត​៦០​តោន ទៅកាន់​ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន ហ៊ុន​ទ្រី ដោយ​ស្វាយ​ទាំងនោះ បាន​ទៅដល់​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃទី​៤ និង​ទី​៥​ធ្នូ ឆ្នាំ​២០២០​។​
 
​បើតាម​លោក វេ​ង សាខុន ក្រុមហ៊ុន ហ៊ុន ទ្រី ក្រោយពី​បញ្ចប់​ការសាងសង់ និង​ដំឡើង​ឧបករណ៍​សម្លាប់​សមាស​ភាព​ចង្រៃ​ក្នុង​ផ្លែស្វាយ​រួចរាល់​មក ក៏​ចាប់ផ្តើម​ដឹកជញ្ជូន​ស្វាយ​ពី​ចម្ការ​មក​សម្អាត និង​វេច​ខ្ចប់ ដោយបាន​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មករ​ចំនួន​៧០​នាក់ និង​ប្រើប្រាស់​រយៈពេល​បី​ថ្ងៃ ដើម្បី​ដាក់បញ្ចូល​ផ្លែស្វាយ​ទៅក្នុង​មួយ​កុងតឺន័រ​។  ក្រុមហ៊ុន ហ៊ុន ទ្រី សង្ឃឹមថា ក្រោយ​ទទួលបាន​បទពិសោធន៍​ពី​ការលៀង​សម្អាត​និង​វេច​ខ្ចប់​ផ្លែស្វាយ ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ នឹង​ជួយ​ដល់​ក្រុមហ៊ុន​បង្កើនល្បឿន​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នាពេលខាងមុខ ។​
 
​ក្រុមហ៊ុន ហ៊ុន​ទី បាន​បោះទុន​វិនិយោគ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ការលាង​សម្អាត ការ​វេច​ខ្ចប់ ការបង្កើត​ឃ្លាំង​ស្តុក​ត្រជាក់ សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា កាលពី​ឆ្នាំ​២០១៧៕

Tag:
 កសិកម្ម​
 ​ស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com