COVID-19
អន្តរជាតិ
ប្រធាន​ក្រុមប្រឹក្សា​EU ស្នើ​ឲ្យ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ជំងឺ​រាតត្បាត​សាកល​
04, Dec 2020 , 10:29 pm        
រូបភាព
លោក ឆាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ រូបភាព៖AFP
លោក ឆាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ រូបភាព៖AFP
ដោយ:
​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ឆាល មី​ឈែល នៅ​ថ្ងៃទី​៣ ធ្នូ អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ក្នុង​ការបង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ជំងឺ​រាតត្បាត​សាកល​។ តំណាង​របស់​សហភាព​អឺរ៉ុប​រូបនេះ ក៏​ទទូច​ប្រទេស​ទាំងឡាយ​ឲ្យ​រៀនសូត្រ​ពី​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ដើម្បី​រៀបចំខ្លួន​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ក្នុងការ​ទប់ទល់​នឹង​វិបត្តិ​សុខាភិបាល​បែបនេះ​នៅ​ថ្ងៃ​អនាគត​។​
 
​ក្នុង​កិច្ចប្រជុំ​អន​ឡាញ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ជំងឺ​កូ​វីដ​-១៩ លោក ឆាល មី​ឈែល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លើកឡើង ថា សន្ធិសញ្ញា​ស្តីពី​ជំងឺ​រាតត្បាត​សាកល​មួយ នឹង​ជួយ​ក្នុងការ​សម្រប​សម្រួលកា​រ​ស្រាវជ្រាវ ការចែករំលែក​ព័ត៌មាន និង​ការទទួលបាន​ការថែទាំ​សុខភាព​ដោយ​សមធម៌​។​
 
«​ចំនួន​នៃ​ជំងឺ​រាតត្បាត​សាកល បាន​កើនឡើង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។ យើង​បានដឹងថា ពិភពលោក​អាច​ប្រឈម​នឹង​ជំងឺ​រាតត្បាត​សាកល​។ ប៉ុន្តែ​យើង​មិនបាន​ប្រុងប្រៀប​រៀបចំ​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Michel ។ លោក​បន្តថា នេះ​អាចជា​បរាជ័យ​របស់​ប្រទេស​នីមួយៗ ដែល​ចាំបាច់​ត្រូ​តែ​រៀនសូត្រ​ពីបទ​ពិសោធ និង​ផលប៉ះពាល់​ដែល​ខ្លួន​ជួបប្រទះ​។​
 
​យ៉ាងណាក្តី លោក មី​ឈែល ក៏​លើក​ពី​រឿង​វិជ្ជមាន​ផងដែរ ដោយ​លោក​បាន​ចង្អុល​ទៅរក​ប្រតិបត្តិ​ការមិន​ធ្លាប់មាន​ក្នុង​ការបង្កើត​វ៉ាក់សាំង​ដែល​ចំណាយពេល​មិន​ដល់​មួយឆ្នាំ​ផង​ក្រោយ​មាន​ករណី​ផ្ទុះ​ជំងឺឆ្លង​ដំបូង​។ លោក​អះអាងថា សមត្ថភាព​ក្នុង​ការបង្កើត​វ៉ាក់សាំង គឺ​លឿន និង​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។​
 
​ចំពោះ​ការបង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ជំងឺឆ្លង ប្រធាន​ក្រុមប្រឹក្សា​និយាយថា សន្ធិសញ្ញា​នេះ នឹង​ស្ថិតក្នុង​ក្រោម​ក្របខណ្ឌ​អង្គការ​សុខភាព​ពិភពលោក​(WHO) និង​មាន​គោលបំណង​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្តល់​ថវិកា និង​សម្របសម្រួល​ការស្រាវជ្រាវ​។ លោក​បន្តថា បំណង​របស់​សហភាព​អឺរ៉ុប​សម្រាប់​សន្ធិសញ្ញា​នេះ គឺ​ធានា​ការទទួលបាន​វ៉ាក់សាំង ការព្យាបាល និង​ការធ្វើ​តេស្ត​សម្រាប់​ជំងឺ​រាតត្បាត​នាពេល​អនាគត ហើយ​អាច​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ប្រកាសអាសន្ន​ជំងឺឆ្លង​ផងដែរ​។​
 
​ទាក់ទង​រឿងនេះ មន្ត្រី​សហភាព​អឺរ៉ុប ធ្លាប់បាន​អះអាងថា សន្ធិសញ្ញា​ថ្មី អាច​នឹង​យក​គំរូ​តាម​អនុសញ្ញា​ស្តីពី​ការគ្រប់គ្រង​ថ្នាំជក់​ដែល​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០០៥​។ បើ​មាន​ដំណើរការ​មែន ការព្រាង និង​ការចរចា​សន្ធិសញ្ញា​នេះ​នឹងត្រូវ​ចំណាយពេល​ច្រើន​គួរសម ដោយ​រួមបញ្ចូល​ទាំង​រដ្ឋ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ សង្គម​ស៊ីវិល និង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ​។​
 
​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២០ ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​មាន​ចំនួន​៦៥​លាន​ករណី និង​សម្លាប់​មនុស្ស​ចំនួន​១,៥​លាន​នាក់​។​ក្នុង​កិច្ចប្រជុំ​អន​ឡាញ​ស្តីពី​ជំងឺ​កូ​វីដ​-១៩ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ទទូច​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​អាច​ប្រយុទ្ធ និង​បង្ការ​ករណី​ឆ្លង​បន្ថែមទៀត​៕
 

Tag:
 សហភាព​អឺរ៉ុប​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com